
រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានថ្លែងថា សហរដ្ឋអាម៉េរិក នឹងបន្តកំណត់គោលដៅលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ នៅក្នុងការវាយប្រហារសងសឹក កាលពីថ្ងៃអង្គារ ខណៈអាជ្ញាធរអាម៉េរិក បានឱ្យដឹងថា នាវាចំនួន៥ គ្រឿង បានរងការវាយប្រហាររួចមកហើយ។ នេះបើតាមបណ្ដាញទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត Al Arabiya News បានផ្សាយ កាលពីរសៀល ថ្ងៃពុធ ទី៩ ខែកញ្ញា។

ប្រមុខការទូតសហរដ្ឋអាម៉េរិក បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងអំឡុងដំណើរទស្សនកិច្ច នៅប្រទេសកូឡុំប៊ី ថា៖ «អ៊ីរ៉ង់នៅតែបន្តព្យាយាមវាយប្រហារមកលើនាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក ហើយរាល់ពេលដែលពួកគេធ្វើ ឬព្យាយាមធ្វើដូច្នេះ ពួកគេនឹងត្រូវបាត់បង់នាវាដឹកប្រេង។ ខ្ញុំគិតថា អ្នកនឹងឃើញហេតុការណ៍បែបនេះ កើតឡើងម្តងទៀត នៅថ្ងៃនេះ»។

ស្របគ្នានេះដែរ ទីបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (ហៅកាត់ CENTCOM) ដែលទទួលខុសត្រូវនៅក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ បានប្រកាសថា កងកម្លាំងរបស់ខ្លួន «បានបំផ្លាញកប៉ាល់ដឹកប្រេងឆៅរបស់អ៊ីរ៉ង់ ចំនួន៥គ្រឿង កាលពីថ្ងៃទី៨ ខែកញ្ញា បន្ទាប់ពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បានកំណត់គោលដៅវាយប្រហារមកលើនាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ដោយប្រើប្រាស់មីស៊ីលបាល្លិស្ទីកចំនួន២លើក នៅក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ»។



CENTCOM បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា៖ «នាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក បានគេចផុតពីការប៉ុនប៉ងវាយប្រហាររបស់អ៊ីរ៉ង់ ដោយជោគជ័យ ហើយបានបន្តល្បាត នៅក្នុងដែនទឹក នៃតំបន់នោះ។ នៅក្នុងហេតុការណ៍ព្យាយាមវាយប្រហារនោះ មិនមានបុគ្គលិកយោធាអាម៉េរិកណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ»៕


