កម្ពុជាបញ្ជូនកងទ័ពមួកខៀវជិត២០០នាក់ ទៅអាហ្រ្វិកកណ្តាល ខណៈជិត២០០នាក់ទៀតបានធ្វើមាតុភូមិនិវត្តន៍
S
Soriya Sou
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ រាជរដ្ឋាបាលកម្ពុជា បានបន្តបញ្ជូនកងកម្លាំងវិស្វកម្មមួកខៀវ ចំនួន១៨៤នាក់ ក្នុងនោះមាន យោធិននារីប្រមាណ៣០នាក់ ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។ នេះបើតាមការឱ្យដឹងពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦…។

ក្រោយត្រួតពិនិត្យសុខភាព និងហ្វឹកហ្វឺនជំនាញយ៉ាងច្បាស់លាស់ កងអនុសេនាធំវិស្វកម្មវិស្វកម្មពហុជំនាញលេខ៨៦៤ ទាំង១៨៤នាក់ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី៨កញ្ញា តាមអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានការជូនដំណើរដោយផ្ទាល់ពីឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ ស្របពេលបញ្ជូនកងកម្លាំងកម្ពុជាបន្ថែម ដើម្បីបន្តបេសកកម្មរក្សាសន្តិភាព ក្នុងថ្ងៃដដែល កម្ពុជាក៏បានស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៨៦ ចំនួន១៨៤នាក់ (យោធិនជានារីចំនួន១៧នាក់) មកកាន់ប្រទេសកម្ពុជាវិញផងដែរ។

ឆ្នាំ២០២៦នេះ គឺជាខួបលើកទី២០ នៃការរួមចំណែករបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដោយក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក មានកងកម្លាំងរក្សាសន្តិភាពជាង១ម៉ឺននាក់ ចូលរួមបំពេញបេសកកម្មនៅក្នុងប្រទេសចំនួន១០ រួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, ស៊ីប, យេម៉ែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសម្ដែងការអបអរសាទរចំពោះដំណើរបេសកកម្មរបស់កងកម្លាំងមួកខៀវកម្ពុជា ជាពិសេស ចំពោះយោធិនជានារី និងបានជូនពរឱ្យកងកម្លាំងមួកខៀវកម្ពុជា បំពេញបេសកកម្មដោយមោទកភាពក្នុងនាមជាអ្នកតំណាងសន្តិភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត