សពកងទ័ពមួកខៀវ ប្រាក់ ដា ពលីពេលបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល មាតុភូមិនិវត្តន៍ដល់កម្ពុជា
S
Sreyleak Yith
12 កញ្ញា 2025 10:48 AM

រាជធានីភ្នំពេញ៖ មន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១២កញ្ញានេះ បានឱ្យដឹងថា សពពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញលេខ៤៨៦ ដែលបានពលីក្នុងកំលុងពេលបំពេញបេសកកម្ម នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយសារជំងឺគ្រុនចាញ់ ពេលនេះ ដឹកមកដល់កម្ពុជាហើយ…។

មន្រ្តីការពារជាតិ គូសបញ្ជាក់ថា កាលពីថ្ងៃថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កងយោធពលខេមរភូមិន្ទគោរពវិញ្ញាណក្ខន្ធ ពលបាលឯក ប្រាក់ ដា ។ លោកឧនាយករដ្ឋមន្ត្រី គូសបញ្ជាក់យ៉ាងដូច្នេះថា៖«ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្ដីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងអំពីមរណភាពរបស់ពលបាលឯក ប្រាក់ ដា»។ 

ក្នុងវេលាប្រកបដោយសមាណទុក្ខដ៏ក្រៀមក្រំបំផុតនេះ លោកក៏បានបង្ហាញនូវការសោកស្ដាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រុមគ្រួសារពលបាលឯក ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នូវកុលបុត្រខ្មែរ និងធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងបានរួមចំណែកលើកតម្កើងកិត្យានុភាព នៃកងកម្លាំងមួកខៀវកម្ពុជា លើឆាកតំបន់ និងអន្តរជាតិ។ ទោះបីរូបកាយពលបាលឯក បានបាត់បង់ទៅក៏ពិតមែន តែកុសលកម្ម កិត្តិយស សេចក្ដីថ្លៃថ្នូររបស់លោក នឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។ សូមជម្រាបថា សពពលបាលឯក ប្រាក់ ដា ត្រូវបានក្រុមគ្រួសាររៀបចំបុណ្យទក្ខិណានុប្បទាន និងការគោរពវិញ្ញាណក្ខន្ធប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ក្នុងភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត