
រាជធានីបាងកក៖ មន្រ្ដីប៉ូលិសថៃម្នាក់ បានលើកដៃបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ជាគ្រូបង្រៀន នៃសាលាមត្ដេយ្យ បង្កឲ្យមនុស្សម្នា និងកូនសិស្សភ័យស្លន់ស្លោ នៅព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា នៅក្នុងសាលាមត្តេយ្យមួយកន្លែង ស្ថិតក្នុងស្រុកបាងឡាមួង (Bang Lamung) ខេត្ដឈុនប៊ូរី ប្រទេសថៃ ប៉ុន្ដែនៅក្នុងហេតុការណ៍នោះ សិស្សទាំងអស់សរុប៤៤នាក់ ត្រូវបានជម្លៀសដោយសុវត្ថិភាព ហើយក៏គ្មានអ្នកណាម្នាក់រងរបួសនោះដែរ។ នេះបើតាមសារព័ត៌មាន Khaosod ។

ប្រភពពីប៉ូលិសថៃ បានឲ្យដឹងថា ក្រោយពេលមានស្នូរកាំភ្លើងបំផ្ទុះឡើង កងកម្លាំងនគរបាល, ក្រុមអ្នកជួយសង្គ្រោះ មកពីអង្គការ Sawang Boriboon Thammasathan និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត បានប្រញាប់ប្រញាល់ទៅកាន់សាលារៀន ដើម្បីធានាសុវត្ថិភាព នៅក្នុងតំបន់នោះ។ ស្របគ្នានេះដែរ លោក ណារីស នីរ៉ាម៉ៃវង់ (Naris Niramaiwong) អភិបាលខេត្តឈុនប៊ូរី (Chonburi) ក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានការណ៍។

កុមារជាច្រើននាក់ បានស្ថិតក្នុងសភាពភ័យខ្លាច និងយំ បន្ទាប់ពីហេតុការណ៍នោះបានកើតឡើង។ ប៉ុន្ដែភ្លាមៗនោះ អាជ្ញាធរបានបញ្ជូនសិស្សទាំង៤៤នាក់ ទៅកាន់កន្លែងសុវត្ថិភាព នៅមុខសាលា ហើយប្រញាប់ទាក់ទងទៅកាន់ឪពុកម្តាយរបស់ពួកគេឲ្យមកទទួលជាបន្ទាន់។

នៅកន្លែងកើតហេតុ ប៉ូលិសបានប្រទះឃើញសពរបស់ស្ត្រីម្នាក់ឈ្មោះ ផៃលីន (Phailin) អាយុ៤៨ឆ្នាំ ដោយមានស្នាមរបួស នៅត្រង់ត្រចៀកខាងឆ្វេង ដោយសាររងការបាញ់ប្រហារ និងបានរកឃើញសម្បកគ្រាប់កាំភ្លើង ទំហំ៩មិល្លីម៉ែត្រមួយគ្រាប់ នៅក្បែរនោះ ហើយបានប្រមូលវាទុកជាភស្តុតាង។ ស្របគ្នានេះដែរ ប៉ូលិសក៏បានទទួលព័ត៌មានថា ជនសង្ស័យដែលបានបាញ់ប្រហារនោះ បានបើករថយន្ត Honda ពណ៌សមួយគ្រឿង (មិនស្គាល់ស្លាកលេខស្លាកលេខ) គេចខ្លួនបាត់។

បើតាមសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់នឹងភ្នែក បានអះអាងថា គាត់បានឃើញបុរសម្នាក់ បានបើករថយន្តមកចតនៅក្បែរសាលារៀន រួចហើយដើរទៅជិតជនរងគ្រោះ និងបាននិយាយជាមួយនាង។ ប៉ុន្ដែគាត់មិនបានដឹងថា ពួកគេនិយាយពីអ្វីនោះដែរ ស្រាប់តែបន្ដិចក្រោយមក គាត់ក៏បានឮស្នូរសំឡេងកាំភ្លើងផ្ទុះឡើង ធ្វើឲ្យមនុស្សនៅក្បែរនោះ ភ័យស្លន់ស្លោ ព្យាយាមរត់ទៅរកកន្លែងមានសុវត្ថិភាព។ បន្ទាប់មក ខ្មាន់កាំភ្លើងនោះបានត្រឡប់មកកាន់រថយន្តពណ៌ស ហើយបានបើកគេចខ្លួនបាត់។

ប៉ូលិសស៊ើបអង្កេត បានឲ្យដឹង ថា ប៉ូលិសបានកំណត់អត្ដសញ្ញាណថា ជនសង្ស័យដែលបានបាញ់ប្រហារនោះ ជាមន្ត្រីនគរបាលម្នាក់ឈ្មោះ Thassapong (ឋានន្ដរស័ក្ដិអនុសេនីយ៍ទោ) និងជាប្ដីរបស់ជនរងគ្រោះ។ រីឯមូលហេតុ នៃការបាញ់សម្លាប់ប្រពន្ធជាគ្រូបង្រៀន នៃសាលមត្តេយ្យនោះ ទំនងជាបណ្តាលមកពីភ្លើងប្រចណ្ឌ ឬជម្លោះក្នុងជីវិតអាពាហ៍ពិពាហ៍។ ប៉ុន្ដែបើតាមសេចក្ដីរាយការណ៍ដំបូង ក៏បានលើកឡើងផងដែរ អំពីលទ្ធភាព នៃជម្លោះស្នេហាត្រីកោណ។ បច្ចុប្បន្ន ប៉ូលិសកំពុងតែបន្ដការស៊ើបអង្កេត និងតាមចាប់ខ្លួនជនសង័្សយ៕






