ត្រៀមឆ្លើយតបសង្គ្រាមសម័យទំនើប! លោកមេទ័ព វង្ស ពិសេន ជំរុញឱ្យសមត្ថភាពកងវិស្វកម្ម «យកការហ្វឹកហ្វឺនជាស្នូល»
អុន សម្ផស្ស
28 នាទីមុន

ខេត្តកំពង់ចាម៖ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជំរុញឱ្យកងវិស្វកម្មបន្តលើកកម្ពស់គុណភាពហ្វឹកហ្វឺន និងធ្វើទំនើបកម្មសមត្ថភាព ដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃយុទ្ធវិធីបច្ចេកវិទ្យាសង្គ្រាមសម័យទំនើប។ ការជំរុញរបស់លោកមេទ័ព ធ្វើឡើងក្នុងពិធីបិទវគ្គវិក្រឹតការបញ្ជាការ-សេនាធិការវិស្វកម្មជំនាន់ទី៥ និងបើកវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មចំនួន៥វគ្គសម្រាប់ឆ្នាំ២០២៦-២០២៧ នៅវិទ្យាស្ថានវិស្វកម្មមរតកតេជោ-ធិបតី ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦..។

មានប្រសាសន៍ក្នុងពិធីនោះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការរបស់ថ្នាក់ដឹកនាំកងវិស្វកម្ម ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានធានាឱ្យការងារហ្វឹកហ្វឺនប្រព្រឹត្តទៅតាមផែនការ និងរួមចំណែកដល់ការកសាងសមត្ថភាពកងទ័ព និងបុព្វហេតុការណ៍ពារជាតិ។ ទន្ទឹមគ្នា លោកក៏បាន លើកឡើងពីការបន្តកំណែទម្រង់វិស័យការពារជាតិ ជាពិសេសការងារហ្វឹកហ្វឺន គឺជាស្នូលនៃការកសាងកងទ័ពឱ្យមានភាពរឹងមាំ។ ក្នុងនោះ កិច្ចការអាទិភាពចំនួន៣ រួមមាន៖ ទំនើបកម្មរចនាសម្ព័ន្ធ ទំនើបកម្មគ្រឿងបំពាក់ និងទំនើបកម្មការងារហ្វឹកហ្វឺន ដើម្បីធានាថាកងទ័ពអាចឆ្លើយតបបានសមស្របទៅនឹងការវិវឌ្ឍនៃយុទ្ធវិធី និងបច្ចេកវិទ្យាសង្គ្រាមសម័យទំនើប។

លោកអគ្គមេបញ្ជាការបានណែនាំឱ្យបន្តលើកកម្ពស់គុណភាពហ្វឹកហ្វឺន អភិវឌ្ឍសាលា និងទីលានហ្វឹកហាត់ ពង្រឹងសមត្ថភាពយោធាចារ្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធី ព្រមទាំងឯកសារហ្វឹកហ្វឺន។ ជាមួយគ្នា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។ លោកមេទ័ព ផ្តាំផ្ញើដល់សិក្ខាកាមបានបញ្ចប់វគ្គ ឱ្យយកចំណេះដឹង និងបទពិសោធដែលទទួលបានទៅអនុវត្តក្នុងអង្គភាព បន្តការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។ ចំពោះសិក្ខាកាមដែលចាប់ផ្តើមវគ្គថ្មី ត្រូវខិតខំប្រឹងប្រែង ពុះពារការលំបាក និងក្រេបជញ្ជក់ចំណេះដឹងពីយោធាចារ្យ ដើម្បីសម្រេចបានជោគជ័យក្នុងការហ្វឹកហ្វឺន។

ក្នុងពេលជាមួយគ្នា លោកអគ្គមេបញ្ជាការ បានថ្លែងកោតសរសើរចំពោះ សាមគ្គីភាព ឯកភាពផ្ទៃក្នុង សមត្ថភាព និងការគោរពប្រតិបត្តិតាមបទបញ្ជារបស់កងវិស្វកម្ម ក្នុងការចូលរួមបោះបង្គោលព្រំដែន និងកសាងបណ្តាញផ្លូវក្រវាត់ព្រំដែន។ ការងារទាំងនេះ ត្រូវបានចាត់ទុកថា ជាការរួមចំណែកដល់ការកសាងតំបន់ព្រំដែនឱ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្នុងន័នេះ លោកនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធតាមខ្សែក្រវាត់ព្រំដែន មានសារសំខាន់ជាយុទ្ធសាស្ត្រ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងយោធា។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក៏អាចបង្កលក្ខណៈឱ្យប្រជាពលរដ្ឋទៅរស់នៅតាមតំបន់ព្រំដែនកាន់តែច្រើន និងរួមចំណែកពង្រឹងខឿនការពារជាតិរបស់ប្រជាជន៕

រូបភាពឯកសារ
រូបភាពឯកសារ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត