
រដ្ឋធានីសេអ៊ូល៖ ស្របពេលស្ថានការណ៍នៅតាមបណ្ដោយព្រំដែន រវាងប្រទេសកម្ពុជា-ថៃ នៅបន្ដតានតឹងដាក់គ្នា ដោយសារការឈ្លានពានរបស់ទាហានថៃ ឥឡូវរាជរដ្ឋាភិបាលរាជធានីបាងកក បានបង្កើនការចំណាយយ៉ាងសន្ធឹកសន្ធាប់ ដោយក្នុងនោះថវិកាជាង៦០០លានដុល្លារ ត្រូវបានបញ្ជាទិញយន្ដហោះចម្បាំងរបស់ស៊ុយអែត ប្រភេទ Gripen ចំនួន១២គ្រឿង, ថវិកា៣៧២លានដុល្លារទិញយន្ដហោះចាក់ប្រេងនៅលើអាកាសមួយគ្រឿង និងចំណាយថវិកាជាង៥០០លានដុល្លារផ្សេងទៀត ទិញនាវាចម្បាំង Frigate (ហ្វ្រីហ្គេត)មួយគ្រឿង ពីប្រទេសកូរ៉េខាងត្បូង...។

សារព័ត៌មានកូរ៉េខាងត្បូង The Chosun Daily បានចេញផ្សាយនៅព្រឹកថ្ងៃពុធទី៩ ខែកញ្ញានេះថា ក្រុមហ៊ុន Hanwha Ocean ត្រូវបានជ្រើសរើសជាអ្នកដេញថ្លៃ ដែលទទួលបានអាទិភាព សម្រាប់គម្រោងសាងសង់នាវាចម្បាំង ប្រភេទ Frigate (ហ្វ្រីហ្គេត) ជំនាន់ថ្មីរបស់ប្រទេសថៃ មានតម្លៃប្រហែល៦៨០ពាន់លានវ៉ុនកូរ៉េ ឬស្មើនឹងប្រហែល៥០៦,៤៨លានដុល្លារអាម៉េរិក។ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ បានប្រកាសថា ខ្លួនត្រូវបានជ្រើសរើស ជាក្រុមហ៊ុនដេញថ្លៃដ៏មានអាទិភាព សម្រាប់គម្រោងលទ្ធកម្មនាវាចម្បាំង ប្រភេទ Frigate ជំនាន់ថ្មី របស់កងទ័ពជើងទឹកភូមិន្ទថៃ។ ក្រុមហ៊ុននឹងចាប់ផ្តើមការចរចាលម្អិតសម្រាប់កិច្ចសន្យាចុងក្រោយ។ ថវិកាសម្រាប់គម្រោងនេះ ដូចអ្វីដែលបានស្នើឡើង ដោយកងទ័ពជើងទឹកភូមិន្ទថៃ គឺមានទំហំទឹកប្រាក់ចំនួន១៦,៧៣ ពាន់លានបាត (ឬប្រហែល៦៨៣,៣ពាន់លានវ៉ុនកូរ៉េ) គ្របដណ្ដប់លើការសាងសង់នាវាចម្បាំងមួយគ្រឿង និងការផ្ដល់សេវាគាំទ្រផ្នែកភស្តុភារកម្មបែបសមាហរណកម្ម។

ក្រុមហ៊ុន Hanwha Ocean មានគម្រោងសហការជាមួយកងទ័ពជើងទឹកភូមិន្ទថៃ លើចំណុចនានា ដូចជា លក្ខណៈបច្ចេកទេស វិសាលភាពនៃគម្រោង និងលក្ខខណ្ឌនៃកិច្ចសន្យា នៅដំណាក់កាលបន្តបន្ទាប់។ កាលពីឆ្នាំ២០១៣ ក្រុមហ៊ុន Hanwha Ocean បានទទួលកិច្ចព្រមព្រៀងសាងសង់នាវាចម្បាំងប្រភេទ Frigate មួយគ្រឿង សម្រាប់កងទ័ពជើងទឹកភូមិន្ទថៃ ដោយបានប្រគល់នាវាចម្បាំង HTMS Bhumibol Adulyadej មានចំណុះ៣៧០០តោន កាលពីឆ្នាំ២០១៨។ បច្ចុប្បន្ន នាវាចម្បាំងនោះ នៅបន្តប្រតិបត្តិការក្នុងជួរកងទ័ពជើងទឹកភូមិន្ទថៃនៅឡើយ។ ទោះបីជាប្រទេសថៃ មានគោលដៅទទួលបាននាវាចម្បាំង ប្រភេទ Frigate ចំនួន៨គ្រឿងក៏ដោយ ប៉ុន្ដែកងទ័ពជើងទឹករបស់ប្រទេសនេះ ទើបតែមាននាវាចម្បាំងប្រភេទនេះ ត្រឹមតែ៤គ្រឿងប៉ុណ្ណោះ។ ប្រសិនបើមានការបញ្ជាទិញបន្ថែមទៀត កើតឡើងមែននោះ ទំហំនៃគម្រោងនេះ អាចនឹងកើនឡើងរហូតដល់កម្រិតរាប់ពាន់ពាន់លានវ៉ុនកូរ៉េ។

សូមរម្លឹកឡើងវិញថា កាលពីអំឡុងឆ្នាំ២០២៥កន្លងទៅ ប្រទេសថៃ បានចុះកិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំង ប្រភេទ Gripen ពីប្រទេសស៊ុយអែតចំនួន១២គ្រឿង នៅក្នុងទំហំទឹកប្រាក់ចន្លោះពី៥៩៥-៦០២លានដុល្លារអាម៉េរិក និងបានបញ្ជាទិញយន្ដហោះចាក់ប្រេងនៅលើអាកាសមួយគ្រឿងពីសហភាពអឺរ៉ុប ក្នុងតម្លៃ៣៧២លានដុល្លារអាម៉េរិក៕






