អារ៉ាប៊ីសាអូឌីត-ក្រុមឧទ្ទាមហ៊ូទី វាយប្រយុទ្ធគ្នា បង្កើនភាពតានតឹងបន្ថែមពីលើជម្លោះអ៊ីរ៉ង់-អាម៉េរិក
S
Sinuon Nop
2 ម៉ោងមុន

រាជធានីរីយ៉ាដ៖ កងកម្លាំងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានវាយប្រហារសងសឹកគ្នាទៅវិញទៅមក ជាមួយ​ក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយរដ្ឋាភិបាលទីក្រុងតេហ៊ីរ៉ង់ ដែលកំពុងតែបង្កើនភាពតានតឹងបន្ថែមពីលើជម្លោះ រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ហើយវា​បង្កឱ្យប៉ះពាល់យ៉ាងខ្លាំងដល់​ការដឹកជញ្ជូនពាណិជ្ជកម្មតាមច្រកសមុទ្ទ Bab el-Mandeb Strait (បាបអាល់ម៉ាន់ដាប) និងច្រកសមុទ្ទហ័រមូស។

ក្រុមសម្ពន្ធមិត្ត​អារ៉ាប់  លោក ទួរគី អាល់-ម៉ាល់គី
ក្រុមសម្ពន្ធមិត្ត​អារ៉ាប់  លោក ទួរគី អាល់-ម៉ាល់គី

សារព័ត៌មានរបស់កូរ៉េខាងត្បូង The Chosun Daily បានចេញផ្សាយនៅព្រឹក ថ្ងៃពុធទី៩​ ខែកញ្ញានេះថា ជម្លោះប្រដាប់អាវុធ រវាងកងកម្លាំងយោធារបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមហ៊ូទី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន បានកើនឡើងខ្លាំង រហូតឈាន​ដល់កម្រិតស្ទើរតែក្លាយទៅជាសង្គ្រាមយ៉ាងពេញទំហឹង នៅជុំវិញច្រកសមុទ្ទ Bab el-Mandeb ជាផ្លូវទឹក​យុទ្ធសាស្ត្រដ៏សំខាន់ នៅត្រង់ច្រកចូល នៃសមុទ្ទក្រហម​ ខណៈ​ច្រកសមុទ្រហ័រមូស (Hormuz) នៅតែស្ថិតក្នុងស្ថានភាព​បិទខ្ទប់ ដោយសារតែភាពតានតឹង រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។ ការវាយប្រយុទ្ធគ្នាសងសឹកគ្នា កំពុងតែបន្ដកើនឡើងយ៉ាងខ្លាំង នៅ​ច្រកសមុទ្ទ Bab el-Mandeb ដែលជាផ្លូវទឹកដ៏សំខាន់បំផុតមួយ សម្រាប់ការ​នាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត។

បើតាមសេចក្ដីរាយការណ៍នានា បានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះ ត្រូវបានគេប៉ាន់ប្រមាណថា ​មនុស្សជាង៥០០នាក់បានស្លាប់ និងប្រហែល២០០០០នាក់ទៀត បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។​ បើតាមទីភ្នាក់ងារសារព័ត៌មានល្បីៗរបស់ពិភពលោក រួមមាន៖ Reuters, AFP…ជាដើម បានរាយការណ៍ កាលពីថ្ងៃទី៨ ខែកញ្ញា(វេលាក្នុងតំបន់)ថា ក្រុមឧទ្ទាមហ៊ូទី បានកំណត់គោលដៅវាយប្រហារដោយដ្រូន និងមីស៊ីល ទៅលើទីក្រុងនានា នៅភាគខាងត្បូងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត រួមមាន ទីក្រុងខាមីស មូសៃត៍ (​Khamis Mushait), ទីក្រុងអាប់ហា (Abha), ទីក្រុងណាចរ៉ាន (Najran) និងទីក្រុងជីហ្សាន់ (​Jizan)។ អ្វីដែលកាន់តែក្ដៅខ្លាំងឡើងបន្ថែមទៀតនោះ ក្រុមឧទ្ទាមគាំទ្រដោយប្រទេសអ៊ីរ៉ង់មួយនេះ បានបង្កើនការវាយប្រហារទៅលើ​ទីតាំង​សំខាន់ៗរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ​មានដួចជា៖ មូលដ្ឋានកងទ័ពអាកាស, ក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំបំផុតអារ៉ាមកូ (Aramco) និងរោងចក្រជាច្រើនទៀត។

​អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានអះអាងថា កាវាយប្រហាររបស់ពួកឧទ្ទាមហ៊ូទី បានសម្លាប់មនុស្សយ៉ាងតិច ចំនួន៧៣នាក់ ដោយរាប់បញ្ចូលទាំងស្ត្រី និងកុមារផងដែរ។​ នេះជាការវាយប្រហារទ្រង់ទ្រាយធំបំផុតទៅលើទឹកដីអារ៉ាប៊ីសាអូឌីត ចាប់តាំងពីជម្លោះ រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានផ្ទុះឡើង កាលពីខែចុងកុម្ភៈរហូតមក។ បើតាមរូបភាពពីផ្កាយរណបរបស់អង្គការ NASA បានបង្ហាញពីផ្សែងខ្មៅក្រាស់ៗ ហុយចេញពីរោងចក្រចម្រាញ់ប្រេងជីហ្សាន (Jizan) និងមជ្ឈមណ្ឌលចែកចាយប្រេងអាប់ហា (Abha)។​ ស្របគ្នានេះដែរ លោក ទួរគី អាល់-ម៉ាលគី (Turki al-Malki) អ្នកនាំពាក្យ ក្រុមសម្ព័ន្ធមិត្ត​ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត​ បានបញ្ជាក់​ថា៖ «យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ក្រុមឧទ្ទាមភេរវករ»។ យន្តហោះចម្បាំងរបស់អារ៉ាប៊ីសាអូឌីត បាន​វាយប្រហារ​តាមផ្លូវអាកាស ដើម្បីសងសឹក​វិញ ទៅលើទីក្រុងសាណា (​Sana’a) ​ជារដ្ឋធានីរបស់ប្រទេសយេម៉ែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូទី និងតំបន់តៃហ្ស៍ (Taiz) នៅភាគនិរតី៕​​​​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត