
ក្រុងបាវិត៖ កម្លាំងនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្ដៅគគុក តាមរយៈការស្រាវជ្រាវលើប្រព័ន្ធកាមេរ៉ាសុវត្ថិភាព រហូតឈានទៅបង្ក្រាប និងឃាត់ខ្លួនក្រុមចោរកាត់សោលួចម៉ូតូបានចំនួន៣នាក់ (ខ្មែរម្នាក់ និងវៀតណាម២នាក់) ដោយបានដកហូតម៉ូតូ៤គ្រឿង (លួចក្នុងពេលតែមួយ) និងកង់បី១គ្រឿង ដែលជាមធ្យោបាយធ្វើសកម្មភាព នៅក្នុងបន្ទប់ជួលមួយកន្លែង…។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច នៅព្រឹកថ្ងៃពុធទី០៩ ខែកញ្ញានេះ បានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងបាវិត បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ លី ជីង ភេទស្រី អាយុ៣១ឆ្នាំ (មានស្រុកកំណើតនៅខេត្តព្រះសីហនុ និងបច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត)។ ជនរងគ្រោះ បានប្តឹងចោទប្រកាន់មកលើក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ ដែលបានធ្វើសកម្មភាពកាត់សោលួចម៉ូតូរបស់ខ្លួន កាលពីវេលាម៉ោង៣:០០នាទីទៀបភ្លឺ ឈានចូលដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបុរី អេស៊ីខម (AC Com) ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយទទួលបានបណ្តឹងភ្លាម ដោយមានបទបញ្ជាពីលោកអធិការនគរបាលក្រុងបាវិត កម្លាំងជំនាញបានចុះពិនិត្យទីតាំងកើតហេតុ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តាមរយៈកាមេរ៉ាសុវត្ថិភាព រហូតកំណត់មុខសញ្ញាបានយ៉ាងច្បាស់លាស់។ លុះដល់ម៉ោង១៦:០០នាទីថ្ងៃដដែល សមត្ថកិច្ចបានឈានទៅបំបែកសំណុំរឿង និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងនៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងភូមិបាវិតកណ្តាល។ អត្តសញ្ញាណជនសង្ស័យទាំង៣នាក់ រួមមាន៖ ទី១.ឈ្មោះ សុង សុភស្ត អាយុ៣៣ឆ្នាំ មានមុខរបរជាអ្នករត់កង់បី (PassApp) មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ ទី២.ឈ្មោះ វៀង វាំងដេ (Vieng Vang De) អាយុ៣១ឆ្នាំ ជនជាតិវៀតណាម (កាន់ប័ណ្ណលឿងអន្តោប្រវេសន៍) ស្នាក់នៅសង្កាត់រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល មានសារធាតុញៀន។ ទី៣.ឈ្មោះ វៀង ហៀវ (Vieng Hiev) អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិដុងហ៊ោ ឃុំដុងបិន ស្រុកបិនមិញ ខេត្តវិញឡុង ឬ(ខេត្តលង់ហោរ ដែនដីកម្ពុជាក្រោម) មានសារធាតុញៀន។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ កង់បីឥណ្ឌា (PassApp) ពណ៌ស ពាក់ស្លាកលេខ តាកែវ ១S-២៨៤០ ជាមធ្យោបាយធ្វើសកម្មភាព, ម៉ូតូម៉ាក វីស្តុន ពណ៌ស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ៧០N១-៥៦៩៦, ម៉ូតូម៉ាក អ៊ែរប្លេក ពណ៌ខ្មៅ គ្មានស្លាកលេខ, ម៉ូតូម៉ាក អិចសិនទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ, ម៉ូតូម៉ាក មីអូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ៥៩M២-៥៨៥២៣, ឧបករណ៍ធ្វើសកម្មភាពមានដូចជា៖ ដង្កាប់១, សោអក្សរ L ចំនួន២ដើម, សោលេខ៣ ចំនួន១ដើម និងគ្រាប់សម្រាប់បំបែកសោម៉ូតូ ចំនួន ២គ្រាប់។ នៅចំពោះមុខសមត្ថកិច្ច ជនជាប់ចោទទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរួមគំនិតគ្នា កាត់សោ និងលួចយកម៉ូតូបានចំនួន៤គ្រឿង ប្រាកដមែន និងបាននាំយកទៅលាក់ទុកក្នុងបន្ទប់ជួល មុនពេលត្រូវបានសមត្ថកិច្ចបង្ក្រាបបាន។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕




