
ព្រះវិហារ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលក្រុងព្រះវិហារ ប្រដេញតាមឡោមព័ទ្ធចាប់ខ្លួនមកវិញ ក្រោយជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋនៅស្រុកឆែប ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤...។

យោងតាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ជា សុខជីម អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃច្រាបកើត ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពលួចយកម៉ូតូប្រជាពលរដ្ឋនៅស្រុកឆែប ឆ្ពោះទៅទីរួមខេត្តព្រះវិហារ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោយទទួលបានសេចក្តីរាយការណ៍ពីកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក៏ដូចជាកម្លាំងអធិការដ្ឋានតាមក្រុងស្រុកទាំង៨ រាយកម្លាំងតាមចាប់ខ្លួនជនសង្ស័យខាងលើនេះ។

សមត្ថកិច្ចបានឱ្យដឹងបន្តថា ក្រោយក្តាប់ជាប់មុខសញ្ញាបានទើបមានការជិះរថយន្តប្រដេញជនសង្ស័យតាមពីក្រោយ ចាប់ពីទីរួមស្រុកឆែប រហូតដល់ក្រុងព្រះវិហារ។ ដោយមើលឃើញសកម្មភាពតាមចាប់យ៉ាងប្រកិតពីសំណាក់អាជ្ញាធរសមត្ថកិច្ចបែបនេះ ជនសង្ស័យក៏បានផ្តួលម៉ូតូចោលនៅផ្លូវបំបែកស្រះឈូក ហើយបានរត់ចូលទៅក្នុងបឹងស្រះឈូក ទើបកម្លាំងជំនាញធ្វើការឡោមព័ទ្ធបឹងស្រះឈូកនោះ និងនាំគ្នាចុះរុករក ប្រើប្រាស់រយៈពេលប្រហែលជាង១ម៉ោង ទើបចាប់ខ្លួនជនសង្ស័យបាន។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនបន្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រាយការណ៍ដោយ៖ សារី ណែត


