
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីម្រុងធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋនៅចំណុច ផ្ទះលេខ៥២៤J ផ្លូវបេតុង ក្រុមទី៦ ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យទាំងពីរមានឈ្មោះ សុខ វណ្ណនី អាយុ៤០ឆ្នាំ និងឈ្មោះ ហេង រតនា អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅ នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដោយឡែក វត្ថុតាងដកហូតរួមមាន ដែកសរសៃលួសកែច្នៃសម្រាប់ឆ្កឹះសោរ សោរលេខដប់ ខ្ចៅចាប់ផ្លាកលេខម៉ូតូ ០២គ្រាប់ មេសោរសូឡិច និងកូនសោ ទូរសព្ទមួយគ្រឿងម៉ាក VIVO ពណ៌ខៀវ ព្រមទាំងម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ផងដែរ។

គួររំឭកផងដែរថា កាលពីវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យទាំង២នាក់ ជិះម៉ូតូចេញពីម្ដុំផ្លូវរថភ្លើងចាស់ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ក្នុងគោលបំណងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលមកដល់ចំណុចកើតហេតុបានឃើញទ្វាររបងផ្ទះជួលចំហភ្លាមៗនោះ ជនសង្ស័យបានចូលទៅក្នុងរបងផ្ទះរបស់ជនរងគ្រោះដើម្បីធ្វើសកម្មភាពលួចម៉ូតូ តែត្រូវម្ចាស់ផ្ទះជួលឃើញទាន់បានប្តឹងសមត្ថកិច្ច។ កម្លាំងល្បាតបានចុះអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ចូនបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



