ចោរវ័យក្មេង២នាក់លួចម៉ូតូពីខេត្តកំពត មកអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចនៅ​ស្រុកព្រៃនប់
ហាក់ អ៊ីឌី
07 មិថុនា 2024 03:15 PM

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាលបិតត្រាំង ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូពលរដ្ឋ នៅចំណុចភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី០៦មិថុនា ឆ្នាំ២០២៤ ។

យោងតាមការឱ្យដឹងពីសមត្ថកិច្ច យុវជនសង្ស័យដែលទាំង២នាក់មានឈ្មោះ៖ ទី១.ឈ្មោះ ឆន ជុីង អាយុ១៦ មានទីលំនៅ ភូមិមន ឃុំក្រាំងស្បូវ។ និងទី២.ឈ្មោះ អូយ ឆៃអុំ អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រៃភ្ជុំ ឃុំបានៀវ អ្នកទាំងពីនៅស្រុកឈូក ខេត្តកំពត ត្រូវបានឃាត់ខ្លួនលើករណីសង្ស័យលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ ក្នុងភូមិក្រសាំង រួចជិះម៉ូតូរត់គេចខ្លួនតាមបណ្តោយផ្លូវលេខ៣ ឆ្ពោះមកខេត្តព្រះសីហនុ។ ភ្លាមៗម្ចាស់ម៉ូតូ បានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរសមត្ថកិច្ចស្រុកឈូក ដើម្បីជួយអន្តរាគមន៍តាមចាប់ជនសង្ស័យទាំងពីរខាងលើនេះ។

សមត្ថកិច្ចឱ្យដឹងបន្តថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ដែលបានប្តឹងទៅកម្លាំងសមត្ថកិច្ចនគរបាលស្រុកឈូក ហើយទាក់ទងបន្តមកកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកំម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង បានធ្វើការស្ទាក់ចាប់ជនសង្ស័យបាន នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់ពីធ្វើការសាកសួររួច ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូនេះប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់រួម និងវត្ថុតាង នគរបាលស្រុកព្រៃនប់ បានប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុកឈូកខេត្តកំពត ចាត់ការបន្តតាមនីតវិធីច្បាប់៕ រាយការណ៍ដោយ៖ ភ្នាក់ងារព្រះសីហនុ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត