ក្រៅពីសិង្ហបុរី លោកអ្នកដឹងទេ មេដឹកនាំណាខ្លះទទួលបានប្រាក់ខែខ្ពស់ជាងគេនៅលើពិភពលោក?
ហៀប ស៊ីថេត
3 ម៉ោងមុន

អត្ថបទ៖ រតនៈ+ស៊ីថេត
ចំណេះដឹង៖ តើលោកអ្នកធ្លាប់ឆ្ងល់ទេថា តើមេដឹកនាំនៃបណ្តាប្រទេសនៅលើពិភពលោក ទទួលបានប្រាក់ខែប្រចាំឆ្នាំប៉ុន្មាន កំលុងពួកគេបម្រើការងារក្នុងតួនាទី? ហើយថា តើមេដឹកនាំណាខ្លះ ទទួលបានប្រាក់ខែខ្ពស់ជាងគេបំផុត? ថ្ងៃនេះ SBM News និងសម្រង់យកប្រាក់ខែមេដឹកនាំខ្ពស់បំផុតទាំង៥ នៅជុំវិញពិភពលោកជម្រាប់ជូនលោកអ្នកនាងបានជ្រាប...។

លោក ឡរិន វង់ 
លោក ឡរិន វង់ 

យោងតាមទិន្នន័យពី Political Salaries.com និងការវិភាគប្រាក់បៀវត្សរ៍ប្រមុខដឹកនាំពិភពលោក បង្ហាញថា តំណែងមេដឹកនាំដែលទទួលបានប្រាក់ខែខ្ពស់ជាងគេបំផុតនៅលើពិភពលោក គឺនៅតែបន្តក្ដោបក្តាប់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី ខណៈតួលេខនៃចំនួនប្រាក់ខែប្រចាំឆ្នាំរបស់មេដឹកនាំរូបនេះ នឹងត្រូវកើនឡើងបន្ថែមទៀត នាពេលខាងមុខ។ សូមជម្រាបថា តាមពិតទៅ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ឡរិន វង់ (Lawrence Wong) ឈរនៅលើកំពូលតារាងស្រាប់ទៅហើយ ជាមួយនឹងប្រាក់ខែប្រចាំឆ្នាំចំនួន ប្រមាណ១,៧៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា ចាប់ពីថ្ងៃទី១៥ ខែតុលា ខាងមុខនេះ ប្រាក់ខែរបស់លោកនឹងត្រូវដំឡើងរហូតដល់ទៅ៦៤ភាគរយ ពោលគឺលោតឡើងដល់ប្រមាណ២,៨៥លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ខណៈចំនួនដ៏ច្រើននេះ នឹងបង្កើនគម្លាតកាន់តែដាច់ឆ្ងាយពីមេដឹកនាំនៃប្រទេសដទៃទៀត។

យ៉ាងណា ការសម្រេចដំឡើងប្រាក់ខែប្រមុខដឹកនាំសិង្ហបុរីនាពេលនេះ បានបង្កឱ្យមានប្រតិកម្ម និងកំហឹងផ្លូវចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋសិង្ហបុរីខ្លះដែរ ដោយសារប្រាក់ខែជាមធ្យមរបស់ពលរដ្ឋទូទៅមានត្រឹមតែ៥៧៧៥ដុល្លារសិង្ហបុរី ឬប្រមាណ ៤៥៨៣ដុល្លារអាម៉េរិកតែប៉ុណ្ណោះ ក្នុងមួយខែ។ តាមពីក្រោយនាយករដ្ឋមន្ត្រីសិង្ហបុរី តំណែងទី២ គឺប្រធានរដ្ឋបាលកោះហុងកុង ទទួលបានប្រាក់ខែប្រចាំឆ្នាំចំនួន៧១៩ ០០០ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ, ទី៣.បានទៅលើប្រធានាធិបតីប្រទេសស្វីស ទទួលបានប្រាក់ខែចំនួន៦០៣ ០០០ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ចំណែកចំណាត់ថ្នាក់ទី៤.គឺអធិការបតីអាល្លឺម៉ង់ ទទួលបានប្រាក់ខែប្រមាណ៤១៧ ០០០ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ខណៈចំណាត់ថ្នាក់ទី៥. គឺលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បាណេស ទទួលបានប្រាក់ខែ៤សែនដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ស្មើៗគ្នា។

មានការលើកឡើងពីអ្នកជំនាញចិត្តសាស្ត្រអន្តរជាតិ ថា ការណ៍ដែលបណ្តាប្រទេសមានសេដ្ឋកិច្ចខ្ពស់ ផ្តល់ប្រាក់បៀវត្សរ៍ដ៏ច្រើនលើសលប់ផ្ដល់ដល់បណ្តាមេដឹកនាំប្រទេសរបស់ខ្លួន គឺដើម្បីជាថ្នូរនឹងការលុបបំបាត់អំពើពុករលួយនៅក្នុងប្រព័ន្ធដឹកនាំរដ្ឋ និងជាការលើកកម្ពស់កិត្តិយសដល់មន្ត្រីរាជការសាធារណៈ ដែលពួកគេបានយកចំណេះដឹងពីការសិក្សារៀនសូត្រ មានជំនាញច្បាស់លាស់ និងមានសមត្ថភាពខ្ពស់មកបំពេញភារកិច្ចការងារដឹកនាំរដ្ឋ និងបម្រើប្រជាជន ជាជាងទៅបម្រើការងារឱ្យវិស័យឯកជន។ តែទោះជាយ៉ាងណាក៏ដោយ ការផ្ដល់ប្រាក់បៀវត្សរ៍ខ្ពស់នេះ វាក៏..ពុំមែនជាដើមចមនៃការផ្តាច់ឫសគល់នៃការប្រព្រឹត្តអំពើពុករលួយតែមួយមុខរបស់ថ្នាក់ដឹកនាំរដ្ឋនោះដែរ ពោលគឺ..វាមានកត្តារួមផ្សំអំពីគោលនយោបាយរបស់ថ្នាក់ដឹកនាំរដ្ឋនីមួយៗ ដែលបានតាក់តែងឱ្យមន្ត្រីរាជការសាធារណៈរបស់រដ្ឋ ត្រូវតែស្ថិតនៅក្រោមច្បាប់ជាដាច់ខាត ទោះបីមេដឹកនាំរូបនោះ មានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ។

ដូច្នេះ ការផ្ដល់ប្រាក់បៀវត្សរ៍ខ្ពស់ វាក៏អាចជាអត្ថប្រយោជន៍មួយផ្នែកដែលជួយលើកតម្កើងកិត្តិយសថ្នាក់ដឹកនាំរដ្ឋនីមួយៗ ក្នុងការកសាងកិត្តិយសជូនជាតិ និងប្រជាជន តាមរយៈការបញ្ចេញប្រាជ្ញា ស្មារតីរបស់ខ្លួន បម្រើប្រទេសដោយភាពស្មោះត្រង់ និងប្តូរមកវិញនូវផលតបស្នងពីរដ្ឋ នោះគឺការទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ ដែលជាការលើកស្ទួយជីវិភាពរបស់មេដឹកនាំ ជាជាងការស្វែងរកភាពមានបាន តាមរយៈការលួចប្រព្រឹត្តអំពើពុករលួយនៅពីក្រោយខ្នង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត