
រាជធានីភ្នំពេញ៖ ផ្អើលពេញបណ្តាញសង្គម! យុវតីសិង្ហបុរីម្នាក់ ឈ្មោះ ស៊ីទី អៃសា ស៊ីរ៉េហ្ការ ប៊ីនតេ សាហាត់ ស៊ីរ៉េហ្កា (Siti Aishah Siregar Binte Sahat Siregar) បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយ៉ាងអាថ៌កម្បាំង ដោយមិនបានប្រាប់នរណាម្នាក់ជាមុន កាលពីថ្ងៃអង្គារថ្ងៃទី២៨ ខែកក្កដា ហើយគ្មានរណាម្នាក់អាចទាក់ទងនាងបានទាល់តែសោះ ខណៈឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសិង្ហបុរី ក៏បានផ្ញើលិខិតផ្លូវការមួយជូនរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចក្នុងការស្វែងរកអត្តសញ្ញាណ និងទីតាំងរបស់ពលរដ្ឋសិង្ហបុរីម្នាក់នោះ។ យ៉ាងណា សារព័ត៌មានអន្តរជាតិ CNA បានចុះផ្សាយដោយសន្និដ្ឋានថា យុវតីរូបនោះអាចធ្លាក់ក្នុងស្រមោលនៃអំពើឆបោកតាមអនឡាញ ប៉ុន្តែអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងប្រភពច្បាស់ការដែលស្និទ្ធនឹងបញ្ហានេះ បានទម្លាយប្រាប់ SBM News នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ថា៖«រឿងនេះមិនមានពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ ដូចការចុះផ្សាយនោះឡើយ»។

យោងតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសិង្ហបុរី នារីរូបនេះបានចាកចេញពីផ្ទះនៅប្រទេសសិង្ហបុរី កាលពីវេលាម៉ោង១១:០០ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ លុះដល់ម៉ោង៥:៣០នាទីល្ងាចថ្ងៃដដែល ក្រុមគ្រួសារទាក់ទងនាងលែងបាន ខណៈគណនីបណ្តាញសង្គមទាំងអស់របស់នាង ត្រូវបានលុបចោលទាំងស្រុង។ បន្ទាប់ពីទទួលបានបណ្តឹងលើកទីមួយ ប៉ូលិសសិង្ហបុរី បានរកឃើញថា នាងបានស្កែនលិខិតឆ្លងដែនចាកចេញពីប្រទេស តាមផ្លូវអាកាសនៅវេលាម៉ោង២:០០រសៀល។ តាមរយៈការពិនិត្យទិន្នន័យអ៊ីម៉ែល និងព័ត៌មានពាក់ព័ន្ធបន្ថែម ក្រុមគ្រួសារបានរកឃើញតម្រុយសំខាន់ៗមួយចំនួន។ នាងបានទិញសំបុត្រយន្តហោះមកកាន់ប្រទេសកម្ពុជា តាមជើងហោះហើរលេខ EK 348 នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងបានសុំទិដ្ឋាការអេឡិចត្រូនិក (e-Visa ប្រភេទ E) ចូលមកប្រទេសកម្ពុជា។

យោងតាមរបាយការណ៍ នាងបានផ្ញើប្រាក់តាមកម្មវិធី Revolut ឱ្យទៅបុគ្គលម្នាក់ឈ្មោះ (កាន់ឌី Candee) ចំនួន៤ដង សរុបជាទឹកប្រាក់ចំនួន៧៦៣ដុល្លារអាម៉េរិក (ចាប់ពីចុងឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦) ក្នុងនោះទឹកប្រាក់ចំនួន ៤៣០ដុល្លារ ត្រូវបានផ្ញើចេញចំថ្ងៃដែលនាងបាត់ខ្លួន។ យោងតាមលិខិតស្ថានឯកអគ្គរាជទូតកម្ពុជាដដែល ប្រវត្តិស្វែងរកក្នុង Google Maps របស់នាង បង្ហាញទីតាំងចំនួន៣រួមមាន៖ Mekong View6, The Pinnacle Residence និងToul Kork Lane ឬហៅថា(TK Lane)។ នាងតែងតែលេងហ្គេមអនឡាញជាមួយបុគ្គលឈ្មោះ កាន់ឌី Candee។ បុគ្គលរូបនេះ ត្រូវបានគេជឿថា បានបញ្ចុះបញ្ចូល និងជំរុញឱ្យនាងចាកចេញពីផ្ទះទៅបរទេស ដើម្បីស្វែងរកជីវិតដែលប្រសើរជាងមុន។ ផ្អែកលើអង្គហេតុនៃការប្រាស្រ័យទាក់ទងគ្នារយៈពេលយូរ និងការផ្ញើប្រាក់ដោយគ្មានហេតុផលច្បាស់លាស់ ក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង ថា នាងអាចរងគ្រោះដោយសារអំពើបោកប្រាស់អនឡាញ និងកំពុងស្ថិតក្នុងគ្រោះថ្នាក់។ ជុំវិញរឿងរ៉ាវនេះ ការសែតសិង្ហបុរីដ៏ល្បីល្បាញ CNA ក៏បានចុះផ្សាយផងដែរ ថា ករណីនេះអាចពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនៅកម្ពុជា។

យ៉ាងណា ថ្លែងប្រាប់ SBM News នារាត្រីថ្ងៃសុក្រទី៣១ ខែកក្កដា ភ្នាក់ងារផ្នែកជួលខុនដូ Toul Kork Lane ម្នាក់ គឺកញ្ញា ឃុន សុីនឌីកា ដែលជាអ្នកបានផ្តល់សេវាកម្មឱ្យយុវតីជនជាតិសិង្ហបុរីរូបនេះ ចេញមុខបកស្រាយ និងបញ្ជាក់អំពីអង្គហេតុពិតប្រាកដ ថា យុវតីរូបនេះ មានសុវត្ថិភាព និងរស់នៅធម្មតា មិនជាប់ពាក់ព័ន្ធនឹងការចាប់ជំរិត ឬអនឡាញស្កែមឡើយ។ កញ្ញា ឃុន សុីនឌីកា អះអាងបន្ថែមថា៖«ពាក់ព័ន្ធជាមួយនឹងបញ្ហាទាំងអស់ហ្នឹង គឺ..ខ្ញុំបានដឹងរឿងផ្ទាល់! គឺ..អត់បានពាក់ព័ន្ធជាមួយបញ្ហាឆបោកអនឡាញស្គេម (online scam) ឬក៏អីទេ។ គាត់[..](ស្ត្រីជនជាតិសិង្ហបុរី) មកដោយខ្លួនឯង អត់មានអ្នកណាម្នាក់បង្ខំ ឬក៏ចាប់ជម្រិតឱ្យគាត់មកទេ»។ កញ្ញា ឃុន សុីនឌីកា បន្តលម្អិតប្រាប់ SBM News ថា៖«គាត់មកក្នុងករណីមានបញ្ហាជាមួយគ្រួសាររបស់គាត់ផ្ទាល់ តែយើងឥតដឹងថា បញ្ហាអីឱ្យច្បាស់លាស់ទេ។ ហើយគាត់មកហ្នឹង ក្នុងគោលបំណងរកការងារ[..]គាត់ជាគ្រូបង្រៀន[..]គាត់មក..ដើម្បីចង់បង្រៀន»។

SBM News៖ តើដំណើរការនៃការជួលបន្ទប់ខុនដូរ Toul Kork Lane មានលក្ខណៈយ៉ាងដូចម្តេច..? កញ្ញា ឃុន សុីនឌីកា បញ្ជាក់ថា៖«ដំបូង[..]ពេលដែលគាត់ទាក់ទងមក ធម្មតា..គឺគាត់ឃើញយើងផ្សព្វផ្សាយលើ social media..គាត់ប្រាប់ខ្ញុំថា ខាងបងប្អូនជីដូនមួយគាត់អត់ទំនេរទេ ចឹងគាត់សុំកក់យកបន្ទប់ហ្នឹងតាមអនឡាញតែម្ដង ដោយអត់បានមើលបន្ទប់ឡើយ។ គាត់ក៏បានកក់យកបន្ទប់ហ្នឹង តាំងពីថ្ងៃទី១៨កក្កដា ហើយបន្ទាប់មក បានថ្ងៃទី២៨ បានគាត់មកស្នាក់នៅពេលយប់ហ្នឹង។ ម៉ោង៦ៈ៣០នាទី ឬ..ម៉ោង៧ ទើបគាត់មកដល់បន្ទប់យើងហ្នឹង»។ គិតត្រឹមកិច្ចសម្ភាសរបស់ SBM News ជាមួយភ្នាក់ងារផ្នែកជួលខុនដូ Toul Kork Lane តានបណ្តាញតេឡេក្រាម នាយប់ថ្ងៃសុក្រទី៣១ ខែកក្កដា ឈានចូលថ្ងៃទី១ ខែសីហានេះ សមត្ថកិច្ចបាននាំខ្លួនយុវតីរូបនោះ និងបុគ្គលពាក់ព័ន្ធទៅទីតាំងសុវត្ថិភាពផ្សេងទៀត ដើម្បីរង់ចាំជួបពិភាក្សាជាមួយគ្រួសារ ក្នុងការស្វែងរកដំណោះស្រាយបន្ថែម។

ទន្ទឹមគ្នា ជុំវិញបញ្ហានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់ច្បាស់ៗថា នាងមិនបានរងគ្រោះដោយអំពើជួញដូរមនុស្ស ឬការធ្វើទារុណកម្មណាមួយឡើយ។ នាង[យុវតីសិង្ហបុរី]បានឱ្យដឹងថា រឿងហេតុនេះ គឺដោយសារបញ្ហាគ្រួសារផ្ទាល់ខ្លួន រហូតនាងសម្រេចចិត្តធ្វើដំណើរមកប្រទេសកម្ពុជា ដោយបិទបណ្ដាញទំនាក់ទំនងជាមួយក្រុមគ្រួសារទាំងអស់។ ពេលនេះ នាងមានសុវត្ថិភាព និងស្ថិតក្រោមការយកចិត្តទុកដាក់ពីមន្ត្រីជំនាញកម្ពុជា ពុំមែនជាករណីចាប់ជំរិត ឬឆបោកអនឡាញនោះទេ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ៕







