កំហុសសីលធម៌រឿងផ្ញើសារជាមួយស្ត្រីម្នាក់ រដ្ឋមន្ត្រីសិង្ហបុរីមួយរូបប្រកាសលាលែងពីតំណែង
ហៀប ស៊ីថេត
19 ម៉ោងមុន

សិង្ហបុរី៖ លោក ហ្វៃសល អ៊ីប្រាហ៊ីម (Faishal Ibrahim) រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការមូស្លីមរបស់ប្រទេសសិង្ហបុរី បានប្រកាសលាលែងពីតំណែង បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយស្ត្រីម្នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី លោក ឡរិន វង់ (Lawrence Wong) នៅថ្ងៃចន្ទទី២០ ខែកក្កដានេះ...។

លោក ហ្វៃសល អ៊ីប្រាហ៊ីម 
លោក ហ្វៃសល អ៊ីប្រាហ៊ីម 

លោក វង់ បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«ការទាក់ទងភាគច្រើនរបស់ពួកគេ បានធ្វើឡើងតាមរយៈការផ្ញើសារអនឡាញ។ ពួកគេ..ក៏បានណាត់ជួបគ្នានៅក្រៅព្រឹត្តិការណ៍សាធារណៈមួយចំនួនផងដែរ»។ លោក វង់ បន្ថែមថា បន្ទាប់មក ភាគីទាំងសងខាង បានចោទប្រកាន់គ្នាទៅវិញទៅមក ពីបទបៀតបៀនផ្លូវភេទ ហើយបញ្ហានេះត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរ។ យ៉ាងណា លោក វង់ បានបញ្ជាក់ទៀតថា ចំពោះករណីរបស់លោក ហ្វៃសល គឺគ្មានបទល្មើសព្រហ្មទណ្ឌណាមួយត្រូវបានប្រព្រឹត្តដោយភាគីទាំងសងខាងនោះទេ ហើយក៏គ្មានចំណាត់ការផ្លូវច្បាប់ព្រហ្មទណ្ឌណាមួយត្រូវចាត់វិធានការដែរ ប៉ុន្តែមានសំណួរចោទសួរថា តើសីលធម៌របស់លោក ហ្វៃសល បានឆ្លើយតបទៅនឹងស្ដង់ដារ ក្នុងនាមជាអ្នកកាន់តំណែងនយោបាយ និងជាសមាជិកសភាដែរឬទេ..?

លោក ហ្វៃសល អ៊ីប្រាហ៊ីម
លោក ហ្វៃសល អ៊ីប្រាហ៊ីម

ទីបំផុត លោក ហ្វៃសល បានប្រកាសលាលែងតំណែងពីគណបក្សកាន់អំណាច ដោយលោកបានកាន់តំណែងជាសមាជិកសភាតាំងពីឆ្នាំ២០០៦ ហើយបានក្លាយជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកកិច្ចការមូស្លីមក្នុងឆ្នាំ២០២៥។ នៅក្នុងលិខិតលាលែងពីតំណែង ដែលបានបង្ហោះលើគេហទំព័រការិយាល័យនាយករដ្ឋមន្ត្រី លោក ហ្វៃសល បានរៀបរាប់ថា៖«ទោះបីជាគ្មានទំនាក់ទំនងផ្លូវភេទរវាងពួកយើង ហើយខ្ញុំក៏គ្មានបំណងឱ្យទំនាក់ទំនងនេះឈានទៅដល់កម្រិតនោះក៏ដោយ ប៉ុន្តែវាជាការចាត់ចែងខុសឆ្គងរបស់ខ្ញុំក្នុងការគ្រប់គ្រងទំនាក់ទំនងនេះ និងការបរាជ័យក្នុងការកំណត់ព្រំដែនឱ្យបានច្បាស់លាស់ តាំងពីដំណាក់កាលដំបូង»។ ជាចុងក្រោយ លោក វង់ បានសម្ដែងការសោកស្ដាយជាខ្លាំង ដែលលោក ហ្វៃសល ត្រូវចាកចេញពីឆាកនយោបាយ ដោយសារតែរឿងបែបនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត