កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី ជំរុញឱ្យបណ្តាប្រទេសនានាគោរពច្បាប់អន្តរជាតិ
ហៀប ស៊ីថេត
8 ម៉ោងមុន

សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង ( Lawrence Wong) បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ក្នុងទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី ថា បណ្តាប្រទេសនានាគួរតែលើកកម្ពស់ច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ក្នុងពេលពិភពលោកមួយកំពុងមានភាពមិនប្រាកដប្រជា និងភាពវឹកវរផ្នែកភូមិសាស្ត្រនយោបាយ។

 លោក ឡរ៉េន វ៉ុង
 លោក ឡរ៉េន វ៉ុង

ក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់នៅថ្ងៃសុក្រទី១៩ ខែមិថុនានេះ ថា លោក ឡរ៉េន វ៉ុង បានលើកឡើងពីជំហរឥតងាករេរបស់សិង្ហបុរី និងអាស៊ាន ដល់ភាគីទាំងឡាយដែលពាក់ព័ន្ធនឹងជម្លោះ ឱ្យរក្សាភាពអត់ធ្មត់ ត្រឡប់ទៅកាន់តុចរចាវិញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទនានាស្របតាមច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង សង្កត់ធ្ងន់ថា ៖«ជំហររបស់សិង្ហបុរីចំពោះស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន មិនមែនដោយសារតែការលម្អៀងទៅខាងភាគីណាមួយនោះទេ ប៉ុន្តែវាគឺជាការប្តេជ្ញាចិត្តជាប្រចាំរបស់សិង្ហបុរី ចំពោះគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដីនៃគ្រប់បណ្តាប្រទេសទាំងអស់»។ 

 លោក ឡរ៉េន វ៉ុង (ឆ្វេង) និងលោក វ្ល៉ាឌីមៀ ពូទីន
 លោក ឡរ៉េន វ៉ុង (ឆ្វេង) និងលោក វ្ល៉ាឌីមៀ ពូទីន

សូមជម្រាបថា សិង្ហបុរី គឺជាសមាជិកអាស៊ានតែមួយគត់ដែលបានដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយបានប្រកាសវិធានការទាំងនោះកាលពីខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបើកការវាយលុកលើអ៊ុយក្រែន។ ទណ្ឌកម្មទាំងនោះ រួមមាន៖ ការគ្រប់គ្រងលើការនាំចេញទំនិញទាំងឡាយណា ដែលអាចឱ្យរុស្ស៊ីយកទៅកែច្នៃ ឬប្រើប្រាស់ផ្ទាល់ជាអាវុធក្នុងសង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងវិធានការហិរញ្ញវត្ថុដែលផ្តោតលើធនាគាររុស្ស៊ី អង្គភាព និងសកម្មភាពនានានៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជាសកម្មភាពរៃអង្គាសប្រាក់ ឬការផ្ដល់ជំនួយហិរញ្ញវត្ថុនានាទៅឱ្យរដ្ឋាភិបាលរុស្ស៊ី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត