កម្ពុជាជាប់លេខ១ជាប្រទេសមាន«វិស័យទេសចរណ៍ធម្មជាតិល្អបំផុត» ក្នុងតំបន់អាស៊ីអាគ្នេយ៍
អុន សម្ផស្ស
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសអបអរសាទរប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧លើពិភពលោក ជាប្រទេសដែលវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ល្អបំផុត ដោយយោងតាមរបាយការណ៍វាយតម្លៃចុងក្រោយរបស់ស្ថាប័នអន្តរជាតិ U.S News & World Report..។

ក្រសួងលើកឡើងថា ប្រជាជនកម្ពុជា មានមោទកភាពយ៉ាងក្រៃលែងជាមួយសមិទ្ធផល និងជោគជ័យថ្មីបន្ថែមទៀត កើតឡើងពីការខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដាក់ចេញត្រឹមត្រូវ ច្បាស់លាស់ ឆ្ពោះទៅសម្រេចទស្សនវិស័យឆ្នាំ២០៥០។ លើសពីនេះ ក្រសួងកត់សម្គាល់ថា ទន្ទឹមនឹងការទទួលបានការវាយតម្លៃល្អពីស្ថាប័នអន្តរជាតិនេះ តំបន់លម្ហែបៃតងតាមតំបន់ការពារធម្មជាតិនៅកម្ពុជានានា កំពុងបង្ហាញសក្តានុពលទាក់ទាញទេសចរណ៍ធម្មជាតិ ជំរុញឱ្យកម្ពុជា បង្កើតបានសក្តានុពលយ៉ាងសំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរគ្រប់ទិសទីទាំងជាតិ និងអន្តរជាតិ ឱ្យចូលរួមការពារ និងអភិរក្សធនធានធម្មជាតិព្រមទាំងបរិស្ថានបានល្អប្រសើរជាលំដាប់។

ក្នុងន័យនេះ ក្រសួងរំឭកពីការចង្អុលបង្ហាញរបស់ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងម៉ឺងម៉ាត់ ជំរុញការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ឱ្យក្លាយទៅជាម្ចាស់នៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ផ្សារភ្ជាប់នឹងការការពារអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ ត្រង់ចំណុចនេះក្រសួងបន្ថែមថា ខ្លួនបាននិងកំពុងជំរុញយ៉ាងសកម្មលើការអភិវឌ្ឍ «គោលដៅលំហែបៃតង» នៅតាមតំបន់ការពារធម្មជាតិ។ ការបង្កើតគោលដៅលំហែបៃតង ធ្វើឡើងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ផ្តោតលើមុំយុទ្ធសាស្ត្រទាំងបីគឺ«ស្អាត ភាពបៃតង និងចីរភាព» ក្នុងគោលបំណងកែប្រែជីវភាពប្រជាសហគមន៍ឱ្យមាន«ការងារបៃតង» និងចំណូលប្រកបដោយចីរភាព ជំនួសឱ្យការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វ។

ជាក់ស្តែង ក្រសួងបរិស្ថានបានរៀបចំគោលដៅលំហែបៃតងរួចជាស្រេចនូវ ២ទីតាំង និងមានផែនការដំឡើងទៅជា «របៀងលំហែបៃតង» ផ្សារភ្ជាប់គ្នាក្នុងខេត្តដែលមានសក្តានុពល។ ក្នុងពេលកន្លងមក ក្រសួងបានអនុវត្ត ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» (ខេត្តកំពង់ស្ពឺ) និងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» (ខេត្តសៀមរាប) ហើយបន្ទាប់មក បានផែនពង្រីក និងតភ្ជាប់បន្ថែមតំបន់សក្តានុពលផ្សេងទៀតដូចជា៖ ភ្នំខ្នងផ្សារ និងតំបន់ទេទឹកពុះ (ខេត្តកំពង់ស្ពឺ)។ ថ្មីៗនេះក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ ក៏បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីរៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត(ខេត្តកោះកុង) ឱ្យទៅជា«គោលដៅលំហែបៃតង»គំរូថែមទៀតផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត