
បទបរិយាយ៖ រលកបោកបក់ច្រាំងនៅមូលដ្ឋានកងទ័ពជើងទឹករាម ខ្លាំងខុសពីធម្មតា ចំណែកឯហ្វូងមច្ឆា និងវារីសត្វហែលឆ្លេឆ្លា នោះក៏ព្រោះតែវត្តមានបិសាចទឹក HMS Tamar របស់កងទ័ពជើងទឹកចក្រភពព្រីតថេន (អតីតចក្រភពអង់គ្លេស)។ HMS Tamar បានហែលជ្រែកមហាសាគរ ទម្លុះព្យុះរលក និងឆ្លងទ្វីប មកដល់ប្រទេសកម្ពុជាជាផ្លូវការហើយ ដែលជាដំណើរទស្សនកិច្ចលើកទី៣ របស់កងទ័ពជើងទឹកចក្រភពព្រីតថេនមកកាន់ដែនទឹកកម្ពុជា ចាប់តាំងពីឆ្នាំ២០២៣ ក្នុងបំណងសម្ដែងមហិទ្ធិឫទ្ធិរួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងគាំទ្រសន្តិសុខក្នុងតំបន់។ លោកអ្នកនាងមានដឹងទេថា បិសាចទឹក HMS Tamar របស់ចក្រភពព្រីតថេនមួយក្បាលនេះ មានចំណុចពិសេសអ្វីខ្លះ..?

សូមជម្រាបថា «បិសាចទឹក HMS Tamar» គឺជានាវាល្បាតដែនសមុទ្ទជំនាន់ថ្មីដ៏ទំនើបរបស់កងទ័ពជើងទឹកចក្រព្រីតថេន។ នាវានេះ ប្រសូត្រចេញអម្បូរនាវាល្បាត River-Class ដែលមានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់ចក្រភពព្រីតថេន។ HMS Tamar មានទម្ងន់ផ្ទុក២០០០តោន មានប្រវែងបណ្តោយ៩០,៥ម៉ែត្រ ទទឹង១៣ម៉ែត្រ និងជម្រៅទឹក៣,៨ម៉ែត្រ។ វាអាចអាចហែលជ្រែកព្យុះរលកលើផ្ទៃមហាសាគរ បានប្រហែល៤៦គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចប្រតិបត្តិការក្នុងរយៈចម្ងាយរហូតដល់ ១០២០០គីឡូម៉ែត្រឯណោះ។ នាវានេះ អាចសំចតធ្វើប្រតិបត្តិការលើផ្ទៃសមុទ្ទបានជាប់ៗគ្នារហូតដល់៣៥ថ្ងៃ ដោយចំណាយកម្លាំងនាវិកចន្លោះពី៣៤ ទៅ៥០នាក់ ព្រមទាំងអាចដឹកជញ្ជូនកងទ័ពបន្ថែមបានរហូតដល់៥០នាក់ទៀតផង។

នាវាល្បាតដែលមានរហស្សនាមជា បិសាចទឹក នេះ ត្រូវបានបំពាក់ដោយកាំភ្លើងធំស្វ័យប្រវត្តិ DS30B ទំហំ ៣០មិលីម៉ែត្រចំនួន១ដើម, កាំភ្លើងយន្តធុនស្រាល ចំនួន ២ដើម និងកាំភ្លើងយន្តធុនធ្ងន់ M2 Browning ចំនួន២ដើម (ដែលបានបំពាក់ជំនួសអាវុធ Miniguns កាលពីឆ្នាំ២០២៣)។ បន្ថែមពីនេះ នាវាល្បាតនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាយោធាជាន់ខ្ពស់ រួមមាន៖ ប្រព័ន្ធរលកវិទ្យុ, រ៉ាដាស្កែន, ប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធ និងប្រព័ន្ធប្រតិបត្តិការដ៏ទំនើប។ មិនត្រឹមតែប៉ុណ្ណោះ នាវា HMS Tamar មានបំពាក់ទូកល្បឿនលឿន Pacific 24C ចំនួន២គ្រឿង ដែលអាចរត់បានល្បឿនអតិបរមារហូតដល់៧៤គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសមត្ថភាពបើកបរលើផ្ទៃទឹកបានយូរជាង៤ម៉ោង។ ផ្នែកខាងក្រោយនៃនាវា មានទីលានចុះចតឧទ្ធម្ភាគចក្រ ដែលអាចទ្រទ្រង់ឧទ្ធម្ភាគចក្រធំៗបាន។

បើយើងនិយាយពីគ្រឿងក្នុងរបស់ HMS Tamar គឺកាន់តែទំនើប។ ទំនើប..ព្រោះថា វាមានបន្ទប់បញ្ជាការ ដែលមានបុគ្គលិកប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និងត្រូវគេទទួលស្គាល់ថា ជាកន្លែងដែលមានទិដ្ឋភាពស្អាតបំផុតនៅលើនាវា។ ប្រភពថាមពលទាំងមូល ត្រូវបានផ្គត់ផ្គង់ដោយម៉ាស៊ីនធំ២ និងម៉ាស៊ីនភ្លើងដើរដោយប្រេងម៉ាស៊ូតចំនួន៣។ មិនតែប៉ុណ្ណោះ នាវានេះ មានបន្ទប់សង្គ្រោះបឋមដែលគ្រប់គ្រងដោយគ្រូពេទ្យ និងជំនួយការជំនាញ ហើយនាវិកគ្រប់រូបសុទ្ធតែទទួលបានការបណ្ដុះបណ្ដាលខ្ពស់។ ការរស់នៅរបស់នាវិក ត្រូវបានរៀបចំយ៉ាងដិតដល់ ដោយមានបន្ទប់ស្នាក់នៅជាច្រើន បន្ទប់ទឹកផ្ទាល់ខ្លួន កន្លែងកម្សាន្តដាច់ដោយឡែក បន្ទប់ហាត់ប្រាណ និងក្រុមចុងភៅជំនាញ ចាំចម្អិនអាហារជូននាវិក។

សូមជម្រាបថា បិសាចទឹក HMS Tamar មិនត្រឹមតែជាមធ្យោបាយធ្វើសឹកសង្គ្រាម និងល្បាតដែនសមុទ្ទដ៏មានសមត្ថភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលប្រតិបត្តិការដ៏ពេញលេញ និងសមស្របបំផុតសម្រាប់កងទ័ពជើងទឹកអង់គ្លេស នៅក្នុងបេសកកម្មលើផ្ទៃមហាសាគរ។ ដូច្នេះ ដំណើរទស្សនកិច្ចជាថ្មីរបស់នាវាចម្បាំងចក្រភពព្រីតថេន នាពេលនេះ បានស្តែងឱ្យឃើញពីការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកាន់តែជិតស្និទ្ធ និងស៊ីជម្រៅរវាងកម្ពុជា-អង់គ្លេស ជាពិសេស លើវិស័យការពារជាតិ សន្តិសុខ និងកិច្ចការពារដែនសមុទ្ទ៕









