
អត្ថបទស្រាវជ្រាវ៖ កំលុងពេល និងក្រោយពេលបើកការឈ្លានពានកម្ពុជា ក្រុមយោធាថៃ បានអូសលួសបន្លាររាយព័ទ្ធយកដីស្រែចម្ការ ភូមិដ្ឋាន ផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ខណៈគ្រាប់បែក គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅលើទឹកកម្ពុជា តាមបណ្តោយខ្សែបន្ទាត់ព្រំដែន នៅបន្តគំរាមកំហែងសុវត្ថិភាពយោធា និងប្រជាពលរដ្ឋខ្មែរ។ ដើម្បីកម្ទេចលួសបន្លាសត្រូវ បើកផ្លូវធ្វើដំណើរឱ្យមានប្រក្រតីភាពឡើងវិញ និងបំផ្លាញចម្ការមីន ដែលយោធាឈ្លានពានបានលួចបង្កប់ តើយោធាកម្ពុជា គួរប្រើអាវុធប្រភេទណាខ្លះ ដើម្បីបំបែករនាំងឈ្លានពានទឹកដីទាំងនេះ...?

ថ្ងៃនេះ SBM News សូមបង្ហាញជូនអាវុធ៣ប្រភេទ មានប្រវត្តិ និងសាវតាដ៏អាថ៌កម្បាំង ដែលគេគ្រប់គ្នាកម្រនឹងឮ បានឃើញ និងកម្រជួបប្រទះ ប៉ុន្តែមានអានុភាពបំផ្លិចបំផ្លាញខ្លាំងក្លា។ ខ្លាំក្លា..ក៏នៅត្រង់ថា អាវុធអាថ៌កម្បាំងកំណាចទាំង៣ប្រភេទនេះ អនុញ្ញាតឱ្យយោធាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីកម្ទេចរនាំងលួសបន្លា របស់យោធាថៃ ដែលបានដាក់ពង្រាយយ៉ាងអានាធិបតេយ្យលើទឹកដីកម្ពុជា នាពេលបច្ចុប្បន្ន។ អាវុធដំបូងគេ នោះគឺ «បំពង់មច្ចុរាជ Bangalore Torpedo»។ វាគឺជាអាវុធទំនើប និងជាតួឯកក្នុងសម័យសង្គ្រាមលោកលើកទី២។ Bangalore Torpedo ត្រូវបានប្រសូត្រឡើងជាផ្លូវការនៅលើទឹកដី នៃប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩១២ ដោយវិស្វករយោធាជាន់ខ្ពស់នៃរាជវង្សអង់គ្លេស គឺលោក ម៉ាកគ្លីនតុក (Mc Clintock)។

តាមពិតទៅ អាវុធនេះ ត្រូវបានគេប្រើប្រាស់តាំងពីសម័យសង្គ្រាមលោកលើកទី១ ប៉ុន្តែវាមានកេរ្តិ៍ឈ្មោះសុះសាយរន្ទឺនៅក្នុងសង្គ្រាមលោកលើកទី២។ គ្រាប់បែកបំពង់មរណៈនេះ មានប្រវែង១,៥ម៉ែត្រ អង្កត់ផ្ចិត៥សង់ទីម៉ែត្រ និងមានទម្ងន់ជិត ៦គីឡូក្រាម។ ក្បាលរាងកោណត្រូវបំពាក់នៅចុងខាងមុខបំពង់ ដើម្បីឱ្យយោធាអាចរុញវាចូលទៅក្រោមលួសបន្លា បានងាយស្រួល ប្រៀបបាននឹងសត្វល្មូនដ៏កាចសាហាវ លូនទៅសង្គ្រុបវាយប្រហារសត្រូវនៅចំពោះមុខ។ ជាមួយកម្លាំងផ្ទុះ សម្ពាធខ្លាំង និងការជះអំបែងនៃបំណែកបំពង់ នឹងអនុញ្ញាតឱ្យយោធាកម្ពុជា អាចកាត់ផ្តាច់ខ្សែលួសបន្លា ឬមីន បានយ៉ាងមានប្រសិទ្ធភាព និងអាចបើកផ្លូវធ្វើដំណើរ និងចរាចរណ៍យានយន្តបានយ៉ាងងាយស្រួល។

អាវុធបន្ទាប់ ដែលគួរពិចារណាប្រើប្រាស់ ដើម្បីកម្ទេចលួសបន្លាចោរឈ្លានពានទៀតនោះគឺ «ពស់វែករនាម M-58 MICLIC»។ អាសិរ្ពិសមួយក្បាលនេះ ត្រូវបានបង្កាត់ពូជចេញពីវិស្វករយោធាអាម៉េរិក ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ ដើម្បីដោះស្រាយបញ្ហាប្រឈមធំមួយ គឺការបោសសម្អាតវាលចម្ការមីន ក្នុងអំឡុងសង្គ្រាមត្រជាក់ ជំនួសឱ្យការប្រើដំបង ឬឧបករណ៍រាវមីន។ គេនៅចាំបានថា ពស់វែករនាម M58 MICLIC ត្រូវបានលែងចូលក្នុងសមរភូមិជាក់ស្តែង ជាលើកដំបូង ដើម្បីវាយបំបែកខ្សែការពារមីន ដ៏ក្រាស់ឃ្មឹករបស់អ៊ីរ៉ាក់ នៅតាមព្រំដែនគុយវ៉ែត ដោយបើកផ្លូវឱ្យរថក្រោះ M1 Abrams ស្ទុះរុលទៅមុខវាយប្រហារគោលដៅ បានយ៉ាងលឿន ប្រៀបដូចជាគោជល់ឡើង-ក ស្ទុះទៅវ័ដខ្មាំងសត្រូវឱ្យស្លាប់មួយរំពេច។

M-58 MICLIC ត្រូវបានបង្គុំឡើង ដោយក្បាលគ្រាប់រ៉ុក្កែតទំហំ១២៧មិលីម៉ែត្រ ភ្ជាប់ជាមួយខ្សែតួខ្លួនមានផ្ទុកសារធាតុផ្ទុះប្រមាណជិត១តោន។ ផ្ទុកសារធាតុផ្ទុះបានច្រើនបែបនេះ ក៏ដោយសារតែវាមានប្រវែងប្រហែល១០០ម៉ែត្រ។ ពស់វែករនាមមួយក្បាលនេះ មិនត្រឹមតែស៊ីមីនប្រឆាំងរថក្រោះ ឬមីនប្រឆាំងមនុស្សជាចំណី ប៉ុន្តែសូម្បីលួសបន្លា និងរនាំងឧបសគ្គនៅចម្ងាយទទឹង៨ម៉ែត្រ និងប្រវែង១០០ម៉ែត្រ ក៏គេចមិនរួចពីការវាយប្រហាររបស់វាដែរ។ អាវុធដ៏សក្តិសមមួយប្រភេទទៀត គឺ «ដុំឥដ្ឋមរណៈ C4»។ C4 ត្រូវបានអភិវឌ្ឍឡើង ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដើម្បីជំនួសសារធាតុផ្ទុះប្លាស្ទិកជំនាន់មុន (ដូចជា៖ C, C2, C3)។ វាមានមានផ្ទុកម្សៅផ្ទុះស៊ីក្លូណីត (Cyclonite) ប្រមាណ៩១ភាគរយ រួមផ្សំជាមួយសារធាតុប្លាស្ទីស៊ីសឺរ (Plasticizers), សារធាតុភ្ជាប់ដែលមានសភាពស្អិត (Binders), និងប្រេង។

មើលពីក្រៅទៅ វាគឺជាដុំឥតធមុ្មតា ប៉ុន្តែវាមិនធម្មតាដូចរូបរាងនោះទេ ព្រោះគឺជាប្រភេទសារធាតុផ្ទុះកម្រិតយោធា ដែលមានឥទ្ធិពលបំផ្លិចបំផ្លាញខ្លាំង និងត្រូវបានប្រើប្រាស់ដោយកងទ័ពជុំវិញពិភពលោក។ វាមានពណ៌-ស ឬពណ៌ប្រផេះស្រាល ទន់ស្អិតដូចដីឥដ្ឋ ដែលអនុញ្ញាតឱ្យគេអាចពត់ បត់ ឬញាត់ញុកចូលតាមក្រលុក កន្លៀតផ្សេងៗបានយ៉ាងងាយស្រួល។ C4 មានសុវត្ថិភាពខ្ពស់ណាស់ក្នុងការដឹកជញ្ជូន ព្រោះវាមិនផ្ទុះឡើយ ទោះបីជាត្រូវគ្រាប់កាំភ្លើងបាញ់ទម្លាក់ចុះពីលើអាកាស ឬដុតដោយអណ្តាតភ្លើងក៏ដោយ ពោលគឺគ្រាន់តែឆេះដូចគល់ឈើប៉ុណ្ណោះ។ ដុំឥដ្ឋមរណៈមួយដុំនេះ អាចផ្ទុះទៅបាន គឺទាមទារឧបករណ៍ Detonator ឬប្រព័ន្ធបំផ្ទុះអគ្គិសនី ជាចាំបាច់។ នៅពេលវាផ្ទុះ វាអាចបញ្ចេញកម្លាំងបំផ្លាញខ្លាំង ដែលអាចកាត់ផ្តាច់ដែកថែប បេតុងពង្រឹង ឬរចនាសម្ព័ន្ធស្ពានជាដើម។ ដូច្នេះ លួសបន្លា របងបេតុងសាងសង់ខុសច្បាប់របស់ចោឈ្លានពាន នឹងគ្មានក្នុងកែវភ្នែក C4 ឡើយ។

គេនៅចាំបានថា វាត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសង្គ្រាមវៀតណាម និងទទួលបានការពេញនិយមខ្លាំងពីសំណាក់យោធាសហរដ្ឋអាម៉េរិក ព្រោះវាមានសុវត្ថិភាពខ្ពស់ អាចបំផ្ទុះកាត់ផ្ដាច់ដើមឈើ ឬលេណដ្ឋាននបានយ៉ាងមានប្រសិទ្ធភាព។ ជួនកាលទាហានថែមទាំងអាចយកវាបន្តិចបន្តួចមកដុតដើម្បីដាំទឹក ឬកម្ដៅអាហារបានថែមទៀតផង ព្រោះថា ទោះវាក្ដៅខ្លាំងប៉ុណ្ណាក៏វាមិនផ្ទុះដែរ ប្រសិនបើគ្មានឧបករណ៍បំផ្ទុះទេនោះ៕



