
ក្រុងបាត់ដំបង៖ មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បំបែកសំណុំរឿងជួញដូរគ្រឿងញៀនឆ្លងខេត្តដ៏សកម្មមួយ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ បន្ទាប់ពីពួកគេប្រើប្រាស់ល្បិចកល បន្លំផ្ញើសារធាតុញៀនតាមសេវាកម្មក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ...។

ផ្អែកតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញទទួលបានតម្រុយ ក្រោយធ្វើការតាមដានមុខសញ្ញាយ៉ាងយកចិត្តទុកដាក់ ព្រមទាំងឈានទៅកំណត់អត្តសញ្ញាណ និងតាមស្រាវជ្រាវក្របួចបានមេក្លោងក្រុមបណ្តាញនេះ បានជាបន្តបន្ទាប់សរុបចំនួន៦នាក់ ព្រមទាំងដកហូតវត្ថុតាង ម្សៅក្រាមពណ៌-សថ្លាម៉ាទឹកកក (ICE) ចំនួន០៨កញ្ចប់ទម្ងន់ ប្រមាណ៤០៩ក្រាម, ម៉ូតូចំនួន៤គ្រឿង ប្រអប់កេសសម្រាប់វេចខ្ចប់គ្រឿងញៀន រួមទាំងសម្ភារមួយចំនួនទៀតផងដែរ។

ទោះយ៉ាងណា បន្ទាប់ពីធ្វើការសាកសួរ និងកត់កំណត់ហេតុរួច នៅចំពោះមុខសមត្ថកិច្ច ក្រុមជនល្មើសបានសារភាពថា ពួកគេបានលួចលាក់បន្លំវេចខ្ចប់គ្រឿងញៀនច្រកក្នុងកញ្ចប់អីវ៉ាន់សាមញ្ញ ហើយផ្ញើតាមសេវាដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ គោលដៅឆ្ពោះទៅកាន់ខេត្តសៀមរាបប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការ និងផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ជាធរមាន៕







