មិនគួរដើម្បីប្រាក់ចំណេញ សុខចិត្តលួចនាំចូលទំនិញសត្រូវ ធ្វើឱ្យគេជេរស្តីពេញប្រទេសឡើយ
Mao Sopha
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ នៅពេលប្រជាជនខ្មែរយើង នាំគ្នាធ្វើពហិការឈប់ទិញ ឈប់ប្រើផលិតផលថៃ ដែលឈ្លានពានទឹកដីយើង គឺមិនមែនគ្រាន់តែជារូបភាពនៃការធ្វើពហិការប៉ុណ្ណឹងឡើយ តែបានបង្ហាញពីចំណុចដ៏សំខាន់មួយទៀត គឺមនសិកាជាតិ និងការរួមស្មារតីគ្នាជាធ្លុងមួយ។ ប៉ុន្តែ គួរឱ្យសោកស្ដាយបំផុត ដែលនៅមានឈ្មួញក្បាលទាមួយចំនួនតូច បន្តលួចនាំទំនិញ និងផលិតផលពីថៃចូលមកកម្ពុជា ដើម្បីតែប្រាក់ចំណេញ។

រូបតំណាងអំពីករណីលួចនាំចូលទុរេនពីថៃ។ 
រូបតំណាងអំពីករណីលួចនាំចូលទុរេនពីថៃ។ 

តើប្រាក់ចំណេញ មានតម្លៃជាងមនសិកាជាតិ? ដើម្បីតែប្រាក់ចំណេញ តើសុខចិត្តឱ្យប្រជាជនជេរស្តីពេញប្រទេស? ចង់ឱ្យដើរទៅណាមកណា ជាប់ឈ្មោះថា ជាជនដែលលួចនាំចូលទំនិញសត្រូវ? ជួនកាល អ្នកលួចនាំចូលតែម្ដងប៉ុណ្ណោះ តែពេលត្រូវចាប់បាន អ្នកនឹងស្អុយកេរ្តិ៍ឈ្មោះអស់មួយជីវិត។ នៅពេលប្រជាជនយើងទូទាំងប្រទេស កំពុងរួមគ្នាធ្វើពហិការ តែបែរជាមានឈ្មួញមួយចំនួនតូច បន្តលួចនាំចូលទំនិញពីប្រទេសបច្ចាមិត្តបែបនេះ គឺប្រៀបដូចជា ប្រឆាំងនឹងប្រជាជនខ្លួនឯងពេញមួយប្រទេសដូច្នេះដែរ។

កងកម្លាំងតាមព្រំដែន រៀបចំដុតកម្ទេចសាច់បង្កលួចនាំចូលពីថៃ។
កងកម្លាំងតាមព្រំដែន រៀបចំដុតកម្ទេចសាច់បង្កលួចនាំចូលពីថៃ។

អ្នកជំនួញ គួរយល់ថា អាជីវកម្ម ឬការរកស៊ី មិនមែនមានតែពាក្យ «ចំណេញ» ប៉ុណ្ណោះទេ តែអ្នកជំនួញ ក៏ត្រូវមានការទទួលខុសត្រូវចំពោះសង្គម និងប្រទេសជាតិផងដែរ។ អ្នកជំនួញខ្មែរ គួរងាកមករកប្រភពទំនិញក្នុងប្រទេសយើងវិញ ឬពីប្រទេសផ្សេង ក្រៅពីប្រទេសដែលឈ្លានពានយើង។ អ្នកជំនួញ ក៏គួរចងចាំថា ការរកស៊ី ត្រូវមានសីលធម៌ និងគោរពស្មារតីរបស់ប្រជាជននៅពេលដែលជាតិជួបការលំបាក និងរងការឈ្លានពាន។

រូបតំណាងអំពីការពិតដែលបានកើតឡើង៖ ក្រោយបទឈប់បាញ់ យោធាថៃប្រើល្បិចបក់ហៅទៅចាប់ដៃគ្នា ហើយក៏ចាប់យោធាកម្ពុជាយកទៅឃុំ កាលអំពីអំឡុងឆ្នាំ២០២៥។ 
រូបតំណាងអំពីការពិតដែលបានកើតឡើង៖ ក្រោយបទឈប់បាញ់ យោធាថៃប្រើល្បិចបក់ហៅទៅចាប់ដៃគ្នា ហើយក៏ចាប់យោធាកម្ពុជាយកទៅឃុំ កាលអំពីអំឡុងឆ្នាំ២០២៥។ 

ចំណែកមន្ត្រីពាក់ព័ន្ធ​ ក៏ត្រូវមានការទទួលខុសត្រូវដែរ។ ការលួចនាំទំនិញឆ្លងព្រំដែនពីថៃចូលមកកម្ពុជា មិនងាយ ឬមិនអាចទៅរួចនោះទេ បើការត្រួតពិនិត្យមានប្រសិទ្ធភាព មានភាពហ្មត់ចត់ និងគ្មានការបើកដៃពីមន្រ្តី។ ពេលមានករណីលួចនាំចូលទំនិញពីថៃ គេអាចនឹងចោទសួរថា តើអាចទៅរួចដោយរបៀបណា? តើមានអ្នកបើកដៃឱ្យឬទេ? ដូច្នេះ មន្ត្រីដែលមានភារកិច្ចយាមតាមច្រកព្រំដែន ត្រូវបំពេញតួនាទីរបស់ខ្លួនដោយស្មោះត្រង់ ម៉ឺងម៉ាត់ ហើយត្រូវយកចិត្តទុកដាក់តាមដានមើលឱ្យដិតដល់ចំពោះការនាំចូលទំនិញពីថៃ។ 

ប្រភេទផលិតផលមួយចំនួនរបស់ថៃ។ 
ប្រភេទផលិតផលមួយចំនួនរបស់ថៃ។ 

បើមានមន្ត្រីណាប្រើអំណាចរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យឈ្មួញលួចនាំចូលទំនិញថៃ  នោះបញ្ហាមិនមែនស្ថិតលើឈ្មួញតែម្ខាងឡើយ តែមន្រ្តីនោះ ក៏មានឈ្មោះថា ក្បត់មនសិកាជាតិដែរ ហើយធ្វើឱ្យការអនុវត្តច្បាប់ចុះខ្សោយ។ ការពារព្រំដែន មិនមែនមានន័យត្រឹមតែការពារដែនដីទេ តែក៏ត្រូវការពារច្បាប់ សេដ្ឋកិច្ច និងផលប្រយោជន៍ជាតិដែរ។ ទោះយ៉ាងណា គេមិនត្រូវមើលរំលងឡើយ ពីការប្រឹងប្រែងរបស់កងកម្លាំងតាមព្រំដែន ដោយមួយរយៈនេះ ចាប់បានទំនិញនាំចូលពីថៃជាបន្តបន្ទាប់ មិនឱ្យហូរចូលទីផ្សារ ឬធ្វើចរាចរក្នុងប្រទេសកម្ពុជាទាន់នោះទេ។  

កងកម្លាំងតាមព្រំដែនចាប់បានទំនិញលួចនាំចូលពីថៃ។ 
កងកម្លាំងតាមព្រំដែនចាប់បានទំនិញលួចនាំចូលពីថៃ។ 

យើងត្រូវចាំថា ស្រឡាញ់ជាតិ មិនមែនត្រឹមតែពាក្យសម្ដីឡើយ តែត្រូវបង្ហាញចេញឱ្យឃើញជាក់ស្តែងផងដែរ។ ចំពោះផលិតផលរបស់ប្រទេសឈ្លានពានយើង ប្រជាជន អាចបង្ហាញមនសិកាជាតិ តាមរយៈការឈប់ប្រើ ឈ្មួញអាចបង្ហាញមនសិកាជាតិ តាមរយៈការឈប់នាំចូល មន្ត្រីអាចបង្ហាញមនសិកាជាតិ តាមរយៈការទប់ស្កាត់តាមព្រំដែន។ ចង់ឱ្យជាតិរឹងមាំ លុះត្រាតែយើងទាំងអស់គ្នា មិនយកផលប្រយោជន៍ផ្ទាល់ខ្លួន មកដាក់លើ ផលប្រយោជន៍ជាតិ។  

កងកម្លាំងតាមព្រំដែនចាប់បានទំនិញលួចនាំចូលពីថៃ។ 
កងកម្លាំងតាមព្រំដែនចាប់បានទំនិញលួចនាំចូលពីថៃ។ 

ល្មមហើយដែលឈ្មួញគួរគិតឡើងវិញ! កុំយកមនសិកាជាតិ ទៅប្តូរនឹងប្រាក់ចំណេញតែមួយគ្រា។​ ហើយក៏ល្មមដែរ ដែលមន្ត្រីតាមព្រំដែន ត្រូវបង្ហាញថា ច្បាប់មានតម្លៃជាងសំណូក ហើយផលប្រយោជន៍ជាតិ មានតម្លៃជាងផលប្រយោជន៍បុគ្គល។ ការពារផលប្រយោជន៍ជាតិ និងលើកកម្ពស់កិត្តិយសជាតិ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា៕ 

ប្រជាជនកម្ពុជា ជួបជុំគ្នានៅវិមានឯករាជ្យ បង្ហាញពីការសាមគ្គីភាព។ 
ប្រជាជនកម្ពុជា ជួបជុំគ្នានៅវិមានឯករាជ្យ បង្ហាញពីការសាមគ្គីភាព។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត