
រដ្ឋធានីសេអ៊ូល៖ រាជរដ្ឋាភិបាលថៃ សម្រេចចិត្តជាផ្លូវការហើយ ជ្រើសរើសក្រុមហ៊ុន Hanwha Ocean របស់កូរ៉េខាងត្បូង ដើម្បីផលិតនាវាចម្បាំងថ្មី ប្រភេទ Frigate ក្នុងតម្លៃប្រមាណ៥០៩លានដុល្លារ និងមានទម្ងន់៤ពាន់តោន។ នេះបើតាមសារព័តមាន Yonyab របស់កូរ៉េខាងត្បូង ចុះផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ហើយត្រូវបានសារព័ត៌មានថៃនានា ចុះផ្សាយបន្ត។

យោងតាមប្រពភមួយចំនួន នាវាចម្បាំង Frigate ដែលមានទម្ងន់៤ពាន់តោននេះ អាចផ្ទុកមីស៊ីល និងឧទ្ធម្ភាគចក្រ។ ក្រុមហ៊ុន Hanwha Ocean ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតអាវុធ និងសម្ភារយោធាផ្សេងទៀត ដែលចូលរួមប្រជែងគ្នាដេញថ្លៃលើគម្រោងផលិតនាវាចម្បាំង Frigate ឱ្យថៃ។ ចុងក្រោយ ក្រុមហ៊ុន Hanwha Ocean ទទួលបានជ័យជម្នះ។ ជាដំណាក់កាលបន្ទាប់ ថៃ និងក្រុមហ៊ុន Hanwha Ocean នឹងបន្តចរចាអំពីការចុះកិច្ចព្រមព្រៀងលម្អិតជាមួយគ្នា។

សារព័ត៌មាន Yonhap ចុះផ្សាយថា កិច្ចព្រមព្រៀងនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ថៃបញ្ជាទិញនាវាចម្បាំងបន្ថែម ស្របពេលប្រទេសនេះ កំពុងធ្វើទំនើបកម្មកងទ័ពជើងទឹករបស់ខ្លួន។ តាមពិត មិនមែនជាលើទី១ទេ! កាលពីឆ្នាំ២០១៣ ក្រុមហ៊ុន Hanwha Ocean ដែលកាលនោះនៅមានឈ្មោះថា Daewoo Shipbuilding & Marine Engineering (DSME) ក៏ធ្លាប់ទទួលបានសិទ្ធិផលិតនាវាចម្បាំង Frigate ទម្ងន់៣,៦ពាន់តោនឱ្យថៃដែរ ហើយបានប្រគាល់ឱ្យថៃនៅឆ្នាំ២០១៨។

ការសម្រេចចិត្តរបស់ថៃ នាពេលនេះ កើតឡើងក្រោយឃើញកម្ពុជាទទួលបាននាវាចម្បាំងប្រភេទ Frigate លេខ៦២២ ពីប្រទេសចិន ហើយកងទ័ពកម្ពុជា ទើបនឹងបានបញ្ចេញនាវានេះ ហ្វឹកហ្វឺនលើផ្ទៃសមុទ្ទ នៅដើមខែសីហា ឆ្នាំ២០២៦។ ពុំមែនពេលកម្ពុជាមានសង្គ្រាមជាមួយថៃហើយ ទើបចិនចាប់ផ្តើមផ្តល់នាវាចម្បាំងមកឱ្យកម្ពុជានោះទេ តាមពិត ចិនសន្យាផ្តល់នាវាចម្បាំងឱ្យកម្ពុជា យូរណាស់មកហើយ ពោលគឺតាំងពីមុនផ្ទុះសង្គ្រាមជាមួយថៃទៅទៀត៕




