ក្រុមអ្នកជំនាញសង្គ្រាម ជំរុញឱ្យមេដឹកនាំកោះតៃវ៉ាន់ ​ចាត់វិធានការបន្ទាន់លើវិស័យការពារជាតិ
S
Sinuon Nop
មួយថ្ងៃមុន

ទីក្រុងតៃប៉ិ៖ ​ជាមួយនឹងស្ថានការណ៍ភូមិសាស្ត្រនយោបាយ កំពុងតែប្រកួតប្រជែង រវាងប្រទេសមហាអំណាចនានា និងភាពមិនប្រាកដប្រជាខាងសន្ដិសុខរបស់ពិភពលោក ក្រុមអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសង្គ្រាមនៅអាស៊ីបូព៌ា បានព្រមានដល់រដ្ឋបាលកោះតៃវ៉ាន់ ត្រូវមានវិធានការបន្ទាន់លើវិស័យការពារជាតិរបស់ខ្លួន...។

លោកស្រី អូរៀនណា ស្គីឡា ម៉ាស្ដ្រូ (Oriana Skylar Mastro)  
លោកស្រី អូរៀនណា ស្គីឡា ម៉ាស្ដ្រូ (Oriana Skylar Mastro)  

សារព័ត៌មាន Taiwan News បានចេញផ្សាយនៅព្រឹកថ្ងៃពុធទី៩ ខែកញ្ញានេះថា លោកស្រី អូរៀនណា ស្គីឡា ម៉ាស្ដ្រូ (Oriana Skylar Mastro) ​វរសេនីយ៍ទោនៅក្នុងកងកម្លាំងបម្រុងនៃកងទ័ពអាកាសសហរដ្ឋអាម៉េរិក, ជាអ្នកវិទ្យាសាស្រ្តនយោបាយ​ និងអ្នកស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាអន្ដរជាតិ Freeman Spogli (ហ្វ្រីម៉ែន ស្ប៉ក់គ្លី) ​នៃសាកលវិទ្យាល័យ Stanford (ស្ដែនហ្វដ) ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក និងលោក អាឡេសស្យ៉ូ ប៉ាតាឡាណូ (Alessio Patalano) សាស្ត្រាចារ្យផ្នែកសង្គ្រាម និងយុទ្ធសាស្ត្រនៅអាស៊ីបូព៌ា នៃមហាវិទ្យាល័យ King’s College (ឃីងស៍ ខលឡេច) ស្ថិតក្នុងរាជធានីឡុងដ៍ ចក្រភពប្រ៊ីតថេន បានលើកឡើងកាលពីថ្ងៃអង្គារទី០៨កញ្ញាថា កោះតៃវ៉ាន់ ត្រូវតែមានភាពចាំបាច់​ផ្តល់អាទិភាពលើសន្តិសុខជាតិ និងពង្រឹងសមត្ថភាពធ្វើសង្គ្រាមបែបអសមមាត្រ (asymmetric warfare)។

អ្នកជំនាញជាន់ខ្ពស់ទាំង២រូបនេះ ​បានផ្តល់អនុសាសន៍ អំពីយុទ្ធសាស្ត្រដែល​​តៃវ៉ាន់អាចពង្រឹងសមត្ថភាព​ការពារខ្លួនឱ្យកាន់តែល្អប្រសើរឡើង ប្រឆាំងនឹងការឈ្លានពានពីសំណាក់ប្រទេសចិន​។ ការផ្ដល់អនុសាសន៍​បែបនេះ ធ្វើឡើងនៅ​ក្នុងកិច្ចពិភាក្សាមួយរបស់ក្លឹបអ្នកសារព័ត៌មានបរទេស ប្រចាំនៅកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ។​ លោកស្រី អូរៀនណា ស្គីឡា ម៉ាស្ដ្រូ បានបញ្ជាក់​ថា៖«អ្នក​មិនអាចយកចិត្តទុកដាក់យ៉ាងពិតប្រាកដតែចំពោះវិស័យ​ការពារជាតិ ដោយមិន​មានការចូលរួមពីសង្គមទាំងមូលនោះទេ ប្រសិនបើការជ្រើសរើសទាហានរបស់អ្នក មានតែបុរសនោះ។ ​វាជារឿងមិនល្អនោះឡើយ ព្រោះ​ពលរដ្ឋ​ប្រហែលពាក់កណ្តាល នៃចំនួនប្រជាជនសរុប មិនមានលទ្ធភាពពេញលេញ នៅក្នុងការការពារខ្លួនឯង»

កោះតៃវ៉ាន់ កាលពីដើមឆ្នាំ២០២៤ បានចាប់ផ្ដើមអនុវត្ដកាតព្វកិច្ចយោធា រយៈពេលមួយឆ្នាំ សម្រាប់តែបុរសទាំងអស់ ដែលបានកើតនៅក្នុងអំឡុងឆ្នាំ២០០៥ ឬក្រោយពីឆ្នាំនេះ។ បន្ថែមពីលើនេះ លោក​ស្រី ម៉ាស្ដ្រូ បានជំរុញឱ្យមេដឹកនាំកោះតៃវ៉ាន់ ចាប់ផ្តើមជ្រើសរើសស្ត្រីឱ្យចូលបម្រើនៅក្នុងជួរកងទ័ព ដើម្បីលើកកម្ពស់ដល់វិស័យ​ការពារជាតិ ដែលមានការចូលរួមពីសង្គមទាំងមូល។ ​អ្នកជំនាញរូបនេះ ក៏បានស្នើឱ្យមេដឹកនាំកោះតៃវ៉ាន់​ រៀនសូត្រពីយុទ្ធ​សាស្ត្ររបស់ប្រទេសអ៊ីស្រាអែល និង[ត្រូវ]«បណ្ដុះបណ្ដាលមនុស្សគ្រប់រូបឱ្យចេះតស៊ូ និងប្រយុទ្ធ​យ៉ាងពិតប្រាកដ»

ជាមួយគ្នានេះដែរ លោកស្រី ម៉ាស្រ្ដូ ក៏បានជំរុញឱ្យមេដឹកនាំកោះតៃវ៉ាន់ បន្តបង្កើនការចំណាយលើវិស័យការពារជាតិ និងវិនិយោគលើសមត្ថភាពយោធាបែបមិនសមមាត្រ​​ផងដែរ។ លោកស្រីបានកត់សម្គាល់ថា យោធាបានចាប់ផ្តើមអនុវត្តវិធានការទាំងនេះហើយ ប៉ុន្តែ«ចាំបាច់ត្រូវមានភាពស្មោះត្រង់ជាងនេះបន្តិច អំពីគុណភាពនៃសមត្ថភាពដែលកំពុងតែត្រូវ​អភិវឌ្ឍ​»។ មេដឹកនាំកោះតៃវ៉ាន់ បានស្នើកញ្ចប់ថវិកា សម្រាប់វិស័យការពារជាតិចំនួន១,១២២៥ពាន់ពាន់លានដុល្លារតៃវ៉ាន់ ឬ​ស្មើនឹង៣៥,៣ពាន់លានដុល្លារអាម៉េរិក​ សម្រាប់ឆ្នាំសារពើពន្ធ​២០២៧ ដែលអ្នកជំនាញរូបនេះ កត់សម្គាល់ថា វាមានទំហំ​​ប្រហែល២៩ភាគរយនៃថវិកាចំណាយសរុប​៣,៩៣ពាន់ពាន់លានដុល្លារតៃវ៉ាន់ ដែលត្រូវបានអនុម័ត ដោយរដ្ឋបាលកណ្តាល។​

អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងយោធារបស់សហរដ្ឋអាម៉េរិករូបនេះ បន្ថែមថា កោះតៃវ៉ាន់ ត្រូវតែសម្រេចចិត្ត ថាតើអ្វីជាអាទិភាពរបស់ខ្លួន?​​ អ្វីៗទាំងអស់ត្រូវតែផ្តោតលើការការពារ សមត្ថភាពទប់ទល់ និងសន្តិសុខរបស់កោះតៃវ៉ាន់។ ​នោះមានន័យថា មេដឹកនាំកោះតៃវ៉ាន់ ត្រូវ​តែសម្រេចចិត្តដ៏លំបាក និង​លះបង់មួយចំនួន។ ទន្ទឹមគ្នានេះដែរ​ លោកស្រី ក៏បានកត់សម្គាល់ផងដែរថា គណបក្សប្រឆាំងរបស់កោះតៃវ៉ាន់ «គួមីនតាំង (KMT)» នៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយបក្សកុម្មុយនីស្ដចិន​​​​ ដែលជាហានិភ័យមួយសម្រាប់តៃវ៉ាន់ទាំងមូល។ ស្របគ្នានេះ លោក អេឡេសស៊ីយ៉ូ ផាថាឡាណូ សាស្ត្រាចារ្យផ្នែកសង្គ្រាម និងយុទ្ធសាស្ត្រនៅអាស៊ីបូព៌ា បានសង្កត់ធ្ងន់​ថា មេដឹកនាំតៃវ៉ាន់ គួរតែ«វិនិយោគយ៉ាងខ្លាំងក្លាបំផុត លើសមត្ថភាពប្រតិបត្តិការ នៅក្នុងដែនទឹកជ្រៅ»។ ​វា​ជាទីតាំងតែមួយគត់ដែលគេអាចបង្កើតតំបន់កម្ទេចសត្រូវយ៉ាងមានប្រសិទ្ធភាពបំផុត​ ហើយ​នេះ​ជាគុណសម្បត្តិមួយសម្រាប់យោធាកោះតៃវ៉ាន់។​

បើ​តាម ​​Radio Taiwan International បានឱ្យដឹងថា មេដឹកនាំកោះតៃវ៉ាន់​កំពុងអភិវឌ្ឍនាវាដ្រូន ​សម្រាប់ប្រតិបត្តិការនៅក្រោមទឹកមួយ ​ឈ្មោះ​«Huilong (ហ៊ុយឡុង)»។ នេះ​ជាគម្រោងរួមគ្នា រវាងវិទ្យាស្ថានបច្ចេកវិទ្យាជាតិចុងសាន (National Chung Shan Institute of Technology) និងក្រុមហ៊ុនសាងសង់នាវាតៃវ៉ាន់ Lungteh Shipbuilding (លុងតិច ស៊ីបប៊ីលឌីង) ហើយនាវានេះ បានឆ្លងកាត់ការសាកល្បងនៅក្នុងសមុទ្ទរួចមកហើយ កាលពី​ឆ្នាំ២០២៤៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត