
កីឡាបាល់ទាត់៖ បន្ទាប់ពីលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ប្រកាសលាលែងតំណែង ក្រោយការដឹកនាំអស់រយៈពេលជាង២០ឆ្នាំមកនោះ ពេលនេះ អ្នកគាំទ្រកម្ពុជា បង្ហាញចំណាប់អារម្មណ៍លើ លោក ភីទ័រ គូ (Peter Koo) ដែលមានឈ្មោះពេញថា (គូ ចា-យ័ន Koo Ja-Hyeon) កំពុងក្លាយជាប្រធានបទក្ដៅនៅលើបណ្តាញផ្សព្វផ្សាយសង្គម ដោយអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជាលើកយកមកពិភាក្សា ជុំវិញបេក្ខភាពដែលអាចនឹងមកដឹកនាំស្ថាប័នជាតិមួយនេះ...។

លោក ភីទ័រ គូ គឺជាជនជាតិកូរ៉េខាងត្បូង ដែលមានវ័យប្រហែល៤០ឆ្នាំ បានមកដកពិសោធន៍ និងរស់នៅប្រទេសកម្ពុជាតាំងពីអាយុ២ឆ្នាំ ជាមួយឪពុកម្តាយរបស់លោកដែលជាអ្នកជំនួញ និងជាអ្នកបង្កើតសាលារៀនមួយ នៅខេត្តព្រះសីហនុ។ ទោះបីជាទទួលបានការអប់រំនៅប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកក៏ដោយ លោកតែងចាត់ទុកប្រទេសកម្ពុជា ជាផ្ទះបង្កើត និងមានសមត្ថភាពនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ ព្រមទាំងភាសាអង់គ្លេស និងកូរ៉េផងដែរ។ លោក ភីទ័រ គូ បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) និងទទួលបានសញ្ញាបត្រផ្នែកគ្រប់គ្រងបាល់ទាត់ពីសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC Football Management Diploma)។ លោកក៏ធ្លាប់ធ្វើការជាមួយ Liberty University Athletics, USC Trojans Football, សហការជាមួយសហព័ន្ធកីឡាបាល់ឱបជាតិអាម៉េរិក (NFL) តាមរយៈកម្មវិធី IGTV Playmakers របស់ Meta និងបម្រើការងារផ្នែក Creative Branding ព្រមទាំង Digital Storytelling ឱ្យក្រុម Los Angeles Chargers របស់ NFL។

លោក ភីទ័រ គូ ក៏ជាស្ថាបនិក និងជាអគ្គលេខាធិការនៃក្លិបបាល់ទាត់ឡាយហ្វ (Life FC) នៅខេត្តព្រះសីហនុ ដោយបានដឹកនាំក្លិបនេះ តាំងពីដំណាក់កាលចាប់ផ្តើម រហូតឈ្នះជើងឯក Cambodian League 2 និងបានឡើងមកលេងក្នុងលីគកំពូល (Cambodian Premier League) ឬCPL។ នៅខែកក្កដា ឆ្នាំ២០២៤ លោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CPL ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំរចនាសម្ព័ន្ធប្រកួត ការផ្សាយបន្តផ្ទាល់តាម Platform ថ្មីៗ និងការលើកកម្ពស់ស្ដង់ដារកីឡដ្ឋាននានា ដើម្បីទាក់ទាញអ្នកគាំទ្រ។

យ៉ាងណា មានមតិពីរផ្សេងគ្នា ស្តីពីការកាន់តំណែងជាប្រធាន FFC ការលើកឡើងអំពីបេក្ខភាពរបស់លោក សម្រាប់តំណែងជាប្រធាន FFC ត្រូវបានបែងចែកជាពីរចរន្ត ដោយមតិគាំទ្រយល់ឃើញថា លោក ជាបុគ្គលដែលមានសមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ និងមានបទពិសោធអន្តរជាតិខ្ពស់ សាកសមបំផុត ក្នុងការមកកែប្រែមុខមាត់ និងដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឱ្យមានការរីកចម្រើនបន្ថែមទៀត។ រីឯមតិផ្ទុយ យល់ថា ជារឿងដែលពិបាកកើតឡើង ឬគ្មានប្រសិទ្ធភាព ដោយសារបច្ចុប្បន្ន លោកកំពុងកាន់កាប់តួនាទីជាអ្នកដឹកនាំលីគកំពូលផង និងជាស្ថាបនិកក្លិបបាល់ទាត់ផ្ទាល់ខ្លួនមួយផង ការបន្ថែមបន្ទុកជាប្រធានសហព័ន្ធមួយទៀត អាចធ្វើឱ្យការងារមានភាពស្មុគស្មាញ និងជាន់គ្នាច្រើន។ តើប្រិយមិត្ត SBM News មានទស្សនៈយ៉ាងណាដែរ ចំពោះលទ្ធភាពនៃការតែងតាំងលោក ភីទ័រ គូ ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថ្មីរបស់កម្ពុជា..?






