ប្រធាន FFC ចេញមុខបកស្រាយរឿងរ៉ាវមិនបន្តកុងត្រាលោក សាតូស៊ិ សៃតូ ក្រោយមានមតិរិះគន់ច្រើន
Serichopon Ye
06 វិច្ឆិកា 2023 03:15 PM

(បាល់ទាត់)៖ បន្ទាប់ពីការចាកចេញរបស់លោកសាតូស៊ុិ សៃតូ Satoshi Saito ដែលជានាយកប្រតិបត្តិក្រុមហ៊ុនលីគកំពូលកម្ពុជា CPL កាលពីចុងខែតុលា ឆ្នាំ២០២៣ កន្លងទៅ នាំឱ្យមានរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ ទៅលើសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា FFC ជាពិសេសថ្នាក់ដឹកនាំផ្ទាល់តែម្ដង រហូតដល់ឱ្យលោកចុះចេញពីតំណែងថែមទៀតផង។ យ៉ាងណា ប្រធាន FFC លោក សៅ សុខា បានចេញមុខបកស្រាយទម្លាយរឿងរ៉ាវទាក់ទងនឹងលោក សៃតូ ជុំវិញការមិនបន្តកុងត្រានេះ...។

លោក សៅ សុខា ដែលជាប្រធាន FFC បានលើកទ្បើងពីការសន្យារបស់លោក សៃតូ ចំពោះការធានាលើការរកឱ្យបានយ៉ាងហោចណាស់៣លានដុល្លារ សម្រាប់រៀបចំដំណើរការប្រកួតក្នុងលីគ១រដូវកាល ក៏ដូចជាប្រតិបត្តិការផ្សេងៗនៅ CPL។ ប៉ុន្តែការសន្យានោះមិនបានជោគជ័យ ខណៈដែលប្រាក់ខែរបស់លោកត្រូវបានផ្តល់ឱ្យរាប់សែនដុល្លារ និងការចំណាយផ្សេងៗទៀត រួមទាំងការផ្ដល់សិទ្ធិសម្រេចមយយចំនួនទៀតឱ្យលោក សៃតូ ចាត់ចែងពេញទាំងអស់តែគ្មានលទ្ធផល ជាហេតុធ្វើឱ្យ CPL សម្រេចចិត្តមិនបន្តកុងត្រាដល់លោកទៀតនោះ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ ប្រធាន FFC លោក សៅ សុខា ក៏បានបង្ហាញនូវលិខិតពីសហព័ន្ធកីទ្បាបាល់ទាត់ជប៉ុន JFA ពាក់ព័ន្ធនឹងការមិនបានដឹងរឿងលោក Satoshi Saito (សាតូស៊ី សៃតូ) មកធ្វើជានាយកប្រតិបត្តិក្រុមហ៊ុនលីគកំពូលកម្ពុជា Cambodia Premier League នេះផងដែរ..។

លោក សៅ សុខា
លោក សៅ សុខា

ក្នុងលិខិតប្រធាន JFA លោកតាស៊ីម៉ា កូហ្សូ Tashima Kohzo ត្រូវបានប្រធាន FFC លោក សៅ សុខា បង្ហោះលើបណ្ដាញសង្គម កាលពីថ្ងៃទី០៥វិច្ឆិកា ឆ្នាំ២០២៣ ដោយបញ្ជាក់ច្បាស់ៗថា៖ JFA មិនដឹងជាមុនទេថា លោក សាតូស៊ី សៃតូ មកកាន់ការងារជានាយកប្រតិបត្តិនៃលីគកំពូលកម្ពុជា CPL នោះទេ។ ថ្មីៗនេះ មានការជូនដំណឹងថា លោក សៃតូ កំពុងផ្តល់ពាក្យ ឬដំបូន្មានដល់ផ្នែកបច្ចេកទេសថែមទៀត។ ជាការពិតណាស់ តាមរយៈនេះ JFA នឹងត្រូវធ្វើការជាមួយក្រុមការងារគ្រូបង្វឹករបស់ខ្លួន ដើម្បីធ្វើបច្ចុប្បន្នភាព ក្រោយកិច្ចពិភាក្សាជាមួយភាគីកម្ពុជា ដែលមានលោក ខៀវ សាម៉េត, លោក កែវ សារ៉េត និងលោក រ៉ានាថ។ ថ្វីដ្បិតតែ លោក សៃតូ ធ្វើការនៅ JFA និង AFC ក្នុងផ្នែកទីផ្សារប៉ុណ្ណោះ មិនដែលចូលរួមពាក់ព័ន្ធផ្នែកបច្ចេកទេសពីមុនមកនោះទេ។

ជាក់ស្តែង អ្វីដែលដឹងពីមិត្តរួមការងាររបស់លោក សៃតូ នៅ AFC គឺគាត់មិនបានសម្រេចការងារបាននូវអ្វីដែលគេបានរំពឹងទុកថា គាត់អាចធ្វើបាននៅក្នុងអំឡុងពេលធ្វើការ AFC សម្រេចបញ្ចប់កុងត្រារបស់គាត់។ លោក សៅ សុខា​បានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ ដែលដឹងថាគាត់បាន ទទួលការគាំទ្រពី JFA ប៉ុន្តែដូចខ្ញុំបានជម្រាបខាងដើម យើងមិនបានដឹងទាល់តែសោះថាគាត់នឹងទៅធ្វើការនៅលីគកំពូលកម្ពុជា។ ដូច្នេះ គាត់មិនទទួលបានការគាំទ្រពី JFA នោះទេ។ ខ្ញុំត្រូវតែនិយាយថា នេះផ្ដល់ឱ្យយើងនូវការសង្ស័យ លើភាពស្មោះត្រង់របស់គាត់គួរឱ្យសោកស្ដាយ។ ដូច្នេះ ខ្ញុំមានការព្រួយបារម្ភទៅលើស្ថានភាពនេះ»។ ប្រមុខបាល់ទាត់ជប៉ុនដដែល ក៏បានអះអាងថា នឹងបន្តឆន្ទៈយ៉ាងខ្លាំងក្នុងការសហការបន្ថែមទៀតជាមួយកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍបាល់ទាត់ក្នុងតំបន់នាពេលអនាគតជាមួយគ្នា។

លើសពីនេះ ខាងប្រធាន JFA ក៏នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅចុងខែមិថុនា ឬអាចនៅដើមខែកក្កដា ដើម្បីអាចជួបគ្នាពិភាក្សាអំពីការសហការការងារបន្ថែមទៀត នៅថ្ងៃអនាគត។ សូមជម្រាបផងដែរថា ក្រុមហ៊ុនលីគកំពូលកម្ពុជា CPL បានប្រកាសពីការមិនបន្តកុងត្រាជាមួយនាយកប្រតិបត្តិ លោក Satoshi Saito ដោយសារមូលហេតុនៃការធ្វើកំណែទម្រង់ថ្មីលើរចនាសម្ព័នម្ចាស់ភាគហ៊ុន ដើម្បីបន្ដបេសកកម្មក្នុងការរៀបចំការប្រកួតនានា ដូចជាលីគកំពូលកម្ពុជាជាដើម..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត