
(បាល់ទាត់)៖ មន្ត្រីសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា FFC កាលពីល្ងាចថ្ងៃទី១៩តុលា បានចេញមុខច្រានចោលព័ត៌មានចចាមអារ៉ាម ដែលផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុកថា អតីតគ្រូបង្គោលក្រុមជម្រើសជាតិវៀតណាម លោក ផាក ហាងសឺ Park Hang-Seo នឹងចូលមកកាន់ការងារក្នុងក្រុមជម្រើសជាតិកម្ពុជា ជំនួសលោក ហ្វីឡិច ឌែលម៉ាស...។

មន្រ្តី FFC បានថ្លៃងសារសំឡេងនៅក្នុងគ្រុបតេឡេក្រាមថា៖«សូមជម្រាបជូនដល់បងប្អូនសារព័ត៌មាន ក្នុងគ្រុប ដោយសារតែឃើញមានការចុះផ្សាយព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងការចរចារវាង ស.ប.ក ជាមួយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក ផាក ហាងសឺ មកកាន់ការងារក្នុងក្រុមជម្រើសជាតិកម្ពុជា នៅលើបណ្ដាញសង្គមថ្មីៗនេះ ស.ប.ក សូមធ្វើការច្រានចោល ចំពោះការចុះផ្សាយមួយចំនួនខុសពីការពិត»។ សូមរំលឹកថា បញ្ហាខាងលើនេះ កើតទ្បើង បន្ទាប់ពី លោក ហ្វីឡិច ឌែលម៉ាស ដែលជាគ្រូបង្គោលធំរបស់ក្រុមជម្រើសជាតិកម្ពុជា ដឹកនាំក្រុមធ្លាក់ចេញពីវគ្គជម្រុះបឋមក្នុងតំបន់អាស៊ី នៃពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ ក្រោយប្រកួតចាញ់ក្រុមប៉ាគីស្ថាន ១-០ ក្នុងប្រកួតជើងទី២ កាលពីកន្លងទៅ។ លទ្ធផលអវិជ្ជមាននេះ បានធ្វើឱ្យអ្នកគាំទ្រក្រុមជម្រើសជាតិសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ក៏ដូចជាទទួលរងនូវការរិះគន់ដូចទឹកបាក់ទំនប់ ដែលចង់ឱ្យលោកចុះចេញពីតំណែងទៀតផង។

លោក ផាក ហាងសឺ ដែលមានវ័យ៦៥ឆ្នាំ ធ្លាប់កសាងកេរ្តិ៍ឈ្មោះក្នុងក្រុមជម្រើសជាតិវៀតណាមរយៈពេល៥ឆ្នាំ ក្នុងនោះបានដឹកនាំក្រុមជម្រើសជាតិវៀតណាម ឈានឡើងទៅវគ្គជម្រុះជុំចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ២០២២, ទទួលបានចំណាក់ថ្នាក់លេខ៨ នៃ Asian Cup ឆ្នាំ២០១៩, ជើងឯករង AFC U23 Asian Cup ឆ្នាំ២០១៨, ទទួលបានចំណាក់ថ្នាក់លេខ៤ នៃ Asian Games ឆ្នាំ២០១៨ និងកាន់តែពិសេសថែមទៀតនោះ គឺក្រុមជម្រើសជាតិវៀតណាម ឈ្នះមេដៃមាសពីព្រឹត្តិការណ៍ SEA Games នៅឆ្នាំ២០១៩ និងឆ្នាំ២០២១ជាប់ៗគ្នាផងដែរ។សូមបញ្ជាក់ថា លោក ផាក ហាងសឺ បានប្រកាសចុះចេញពីតំណែងជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិវៀតណាម កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីកិច្ចសន្យារបស់លោកផុតកំណត់៕

សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖


