មតិជាច្រើនពីសំណាក់អ្នកគាំទ្រគោព្រៃចង់ឱ្យបុរសម្នាក់នេះមកដឹកនាំក្រុមវិញ​
Serichopon Ye
31 មីនា 2023 05:30 PM

(បាល់ទាត់)៖ ក្រោយពីសហព័ន្ធបាល់ទាត់កម្ពុជា ឬហៅកាត់ថា FFC គ្រោងនឹងប្រកាសអំពីសមាសភាពគ្រូបង្គោលថ្មី នាចុងសប្តាហ៍នេះ សម្រាប់មកដឹកនាំក្រុមគោព្រៃកម្ពុជាបន្តពីលោក កៃស៊ូកិ ហុងដា Keisuke Honda ក្រោយបញ្ចប់ព្រឹត្តិការណ៍កីទ្បាស៊ីហ្គេលលើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ។

ក្រោយពីប្រកាសរបស់សហព័ន្ធ មានមតិជាច្រើនពីសំណាក់អ្នកគាំទ្ររបស់ក្រុមគោព្រៃកម្ពុជាចង់ឱ្យលោកហ្វីឡិច ឌែលម៉ាស Félix Dalmás មកដឹកនាំបន្តពីលោក Keisuke Honda ក្នុងក្រុមជម្រើសជាតិ។ ខណៈលោកធ្លាប់ដឹកក្រុមកម្ពុជាម្តងរួចទៅហើយ ក្រោមការដឹកនាំរបស់លោក Félix Dalmás ក្រុមគោព្រៃហាក់បីជាមានភាពប្រសើរខ្លាំង ដោយទទួលចំណាត់ថ្នាក់លេខ ៤ ក្នុងវិញ្ញាសាបាល់ទាត់ផ្នែកបុរស នៃព្រឹត្តិការណ៍ស៊ីហ្គេលលើកទី៣០ ដែលប្រទេសហ្វីលីពីន ទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ ២០១៩។

កាលពីឆ្នាំ ២០២០ បុរសសញ្ជាតិអាហ្សង់ទីនវ័យ ៣៥ ឆ្នាំនេះបានសម្រេចចិត្តចុះចេញពីតំណែងជាគ្រូបង្គោលទី១ របស់លោក Keisuke Honda ដែលជាអ្នកចាត់ទូទៅក្រុមជម្រើសជាតិកម្ពុជា ក្រោយដឹកនាំក្រុមអស់រយៈពេលពីរឆ្នាំ។ បន្ថែមពីនេះ បន្ទាប់ពីការចាកចេញរបស់លោក Félix Dalmás កាលពីឆ្នាំ ២០២០ លោក Ryu Hirose ត្រូវបាន FFC ផ្តល់ភារកិច្ចបន្តក្នុងក្រុមជម្រើសជាតិកាលពីឆ្នាំ ២០២០ ប៉ុន្តែកិច្ចសន្យារបស់បុរសញ្ជាតិជប៉ុនវ័យ ៦៦ ឆ្នាំនេះបានផុតកំណត់ ក្រោយពីចប់ AFF Cup ឆ្នាំ២០២២

សូមបញ្ជាក់ថា លោក Keisuke Honda នឹងដឹកនាំក្រុមគោព្រៃកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ក្នុងវិញ្ញាសាបាល់ទាត់ផ្នែកបុរស ជាលើកចុងក្រោយ មុនចែកផ្លូវជាមួយក្រុម ខណៈដែល FFC នឹងប្រកាសអំពីសមាសភាពគ្រូបង្គោលថ្មី នាចុងសប្តាហ៍នេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត