យោធាព្រំដែនស្ទាក់ចាប់គ្រឿងសំអាងម៉ាក Elracle ជាង១០០០ប្រអប់ នាំចូលខុសច្បាប់តាមច្រកម៉ាឡៃ
ហាក់ អ៊ីឌី
មួយថ្ងៃមុន

ក្រុងសិរីសោភ័ណ៖ កងកម្លាំងយោធា និងនគរបាលការពារព្រំដែន បានចុះល្បាត និងស្ទាក់ចាប់ទំនិញគេចពន្ធជាគ្រឿងសំអាងជាង១០០០ប្រអប់ ដែលក្រុមជនទុច្ចរិតលួចនាំចូលតាមច្រករបៀងមាត់អូរ ស្ថិតក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ...។

ការបង្ក្រាបទំនិញឆ្លងដែនខុសច្បាប់នេះ ធ្វើឡើងកាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងបានចុះល្បាតរករុក និងសង្កេតឃើញសកម្មភាពសង្ស័យនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ពេលឃើញសមត្ថកិច្ចចូលទៅ ក្រុមអ្នកដឹកជញ្ជូនបានបន្សល់ទុកទំនិញទាំងនោះ ហើយរត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់ពីពិនិត្យជាក់ស្តែង មន្ត្រីជំនាញ បានរកឃើញផលិតផលថែរក្សាសក់ និងស្បែកម៉ាក Elracle គ្មានលិខិតអនុញ្ញាត និងគ្មានការត្រួតពិនិត្យគុណភាពត្រឹមត្រូវចំនួនជាង១០០០ប្រអប់។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីបើកការស្រាវជ្រាវបន្ត និងចាត់វិធានការតាមនីតិវិធីច្បាប់។ សូមជម្រាបថា កាលពីថ្ងៃម្សិលមិញ​ នៅតំបន់បឹងត្រកួនឯណោះវិញ ក៏មានការលួចនាំចូលនូវសាច់ជ្រូកកណ្ដុរ ប្រហិត និងគ្រឿងក្នុងមាន់បង្កករាប់សិបការ៉ុង ដែលត្រូវកងកម្លាំងយោធាស្ទាក់ចាប់ និងដុតកម្ទេចចោលភ្លាមៗផងដែរ។

ទោះយ៉ាងណា ប្រជាពលរដ្ឋកម្ពុជា បានសម្ដែងការហួសចិត្តជាខ្លាំងទៅលើសកម្មភាពក្រុមជនទុច្ចរិត ដែលនៅតែបន្តលួចនាំចូលទំនិញខុសច្បាប់មកពីប្រទេសថៃ ទាំងដែលបច្ចុប្បន្នយោធាប្រទេសនេះ បានឈ្លានពានទឹកដីកម្ពុជាជាច្រើនកន្លែង និងបានបាញ់សម្លាប់ជនស៊ីវិល និងមន្ត្រីយោធាកម្ពុជាជាច្រើនរយនាក់ កំលុងពេលពួកគេបើកប្រតិបត្តិការឈ្លានពានទឹកដីកម្ពុជា នៅចុងឆ្នាំ២០២៥។ តើជនរួមឈាមខ្មែរភ្លេចហើយមែនទេ ការឈឺចាប់ដែលជាតិសាសន៍សៀម ឬថៃ ប្រមាថជនជាតិខ្មែរ ថាជាជាតិសាសន៍មួយឆាប់ភ្លេចកំណើត និងមិនអាចរស់ខ្វះទំនិញថៃបាន?..ឥឡូវវាកំពុងស្តែងឱ្យឃើញដូចអ្វីដែលពួកគេបាននិយាយកន្លងមកនោះហើយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត