
រដ្ឋធានីហាណូយ៖ តំណាងអយ្យការអមសាលាដំបូងក្រុងព្រៃនគរ (ហូជីមិញ) បានទាមទារឱ្យដាក់ទោសប្រហារជីវិត ចំពោះជនជាប់ចោទចំនួន៩នាក់ ដែលជាមេខ្លោង និងសមាជិក នៃបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនដ៏ធំសម្បើម ដោយរត់ពន្ធថ្នាំញៀនពីប្រទេសបារាំង ចូលទៅក្នុងប្រទេសវៀតណាម។ នេះបើតាមកាសែតវៀតណាម ចុះផ្សាយ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

នៅក្នុងបណ្តាញឧក្រិដ្ឋជនដ៏ធំ ដែលមានជនជាប់ចោទសរុបរហូតដល់២២៧នាក់ ជនជាប់ចោទឈ្មោះ ហា ដាញណាម (Ha Danh Nam) អាយុ៥២ឆ្នាំ មកពីខេត្តង៉េអាន (Nghe An) ត្រូវបានចោទប្រកាន់ថាជា «មេខ្លោងធំ» នៅពីក្រោយប្រតិបត្តិការលួចលាក់ដ៏ស្មុគស្មាញនេះ។ សំណុំរឿងនេះ គឺជាលទ្ធផល នៃការបើកការស៊ើបអង្កេត តាំងពីខែមីនា ឆ្នាំ២០២៣ ដែលនៅពេលនោះ មានការឃាត់ខ្លួននារី ជាអ្នកបម្រើការលើយន្តហោះចំនួន៤នាក់ នៅព្រលានយន្តហោះអន្តរជាតិតាន់សឺនញ៉ាត់ (Tan Son Nhat)។ យោងតាមដីកាចោទប្រកាន់របស់អយ្យការ ជនល្មើសបានប្រើប្រាស់វិធីសាស្ដ្រយ៉ាងប៉ិនប្រសប់ ដោយលាក់បាំងគ្រឿងញៀន នៅក្នុងបំពង់ថ្នាំដុសធ្មេញ អាហារបំប៉ន នំចំណី និងទំនិញប្រើប្រាស់ផ្សេងៗ ហើយដឹកជញ្ជូនតាមផ្លូវអាកាស និងសេវាកម្មបញ្ញើរហ័សអន្តរជាតិ។ ក្រុមឧក្រិដ្ឋជន បានបង្កើតបណ្តាញចែករំលែកតៗគ្នាជាច្រើនខ្សែ រាប់ចាប់ពីការរត់ពន្ធចូល ការស្តុកទុក ការចែកចាយបន្ត រហូតដល់ការលក់រាយ និងការរៀបចំកន្លែងប្រើប្រាស់ ដោយប្រើប្រាស់កម្មវិធីតេឡេក្រាម (Telegram), គណនីធនាគារឈ្មោះអ្នកដទៃ និងប្រព័ន្ធដឹកជញ្ជូនឯកជន ដើម្បីគេចវេះពីសមត្ថកិច្ច។

តុលាការបានបង្ហាញភស្តុតាងថា បណ្តាញឧក្រិដ្ឋកម្មនេះ បានចរាចរទឹកប្រាក់ រហូតដល់ប្រមាណជាង១ពាន់លានដុល្លារ ហើយជនជាប់ចោទមួយចំនួន ថែមទាំងបានបំពាក់អាវុធ និងគ្រាប់កាំភ្លើង សម្រាប់ការពារខ្លួន និងត្រៀមតដៃជាមួយសមត្ថកិច្ចទៀតផង។ រឿងរ៉ាវនេះ បានផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០២៣ នៅពេលមន្ត្រីគយ នៅព្រលានយន្តហោះតាន់សឺនញ៉ាត់ ឆែកឆេរវ៉ាលីសរបស់អ្នកបម្រើការលើអាកាស៤នាក់ ដែលធ្វើដំណើរតាមជើងហោះហើរ VN10 ពីបារាំង ហើយបានរកឃើញថ្នាំដុសធ្មេញចំនួន១៥៧បំពង់ មានលាក់ទុកសារធាតុខេតាមីន (Ketamine) ទម្ងន់ ២,៩គីឡូក្រាម និងថ្នាំញៀនធ្វើឱ្យគ្រវីក្បាល (MDMA) មានរហូតដល់៨,៣គីឡូក្រាម។ ការបំបែកសំណុំរឿងនេះ បានឈានទៅដល់ការបើកការស៊ើបអង្កេត លើសំណុំរឿងជាបន្តបន្ទាប់ រហូតដល់ ៤៧៧ករណី និងបង្រ្កាបជនសង្ស័យ សរុបជាង ២៧០០នាក់។ ក្រៅពីសំណើទោសប្រហារជីវិតលើមេខ្លោង៩នាក់នោះ រដ្ឋអាជ្ញាក៏បានស្នើសុំផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិតលើជនជាប់ចោទម្នាក់ និងទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ លើជនជាប់ចោទម្នាក់ទៀត ព្រមទាំងពិន័យជាប្រាក់រាប់សិបលានដុងបន្ថែមផងដែរ ដើម្បីដាក់ទោសទណ្ឌយ៉ាងចាស់ដៃ ចំពោះទង្វើបំផ្លាញសង្គមជាតិ៕




