ប្រមុខការពារជាតិហ្វីលីពីន ប៉ះទង្គិចគ្នារឿងច្បាប់សមុទ្ទជាមួយចិន កក្រើកពិភពលោក
S
Sinuon Nop
39 នាទីមុន

រដ្ឋធានីសេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ ជេអ (Gilberto Teodoro Jr.) បានរិះគន់​យ៉ាងខ្លាំងដល់ប្រទេសចិន ជុំវិញបញ្ហាសមុទ្ទចិនខាងត្បូង នៅក្នុង​វេទិកាមួយនារដ្ឋធានី​សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលដើមឡើយមានគោលបំណងជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងមន្ត្រី និងក្រុមអ្នកជំនាញមកពីប្រទេសជាច្រើន....។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង

​សារព័ត៌មាន The Korea Heralds បានចេញផ្សាយនៅរសៀលថ្ងៃអង្គារទី៨ ខែកញ្ញានេះថា​ ការប៉ះទង្គិចគ្នាជាសាធារណៈ រវាងប្រមុខការពារជាតិហ្វីលីពីន និងចិន ពាក់ព័ន្ធនឹងការទាមទារទឹកដី នៅក្នុងសមុទ្ទចិនខាងត្បូង កើតឡើងក្នុងកិច្ចប្រជុំសន្តិសុខពហុភាគីមួយ រៀបចំដោយរដ្ឋាភិបាលកូរ៉េខាងត្បូង នៅរដ្ឋធានី​សេអ៊ូល។ ហេតុការណ៍នេះ កើតឡើង​នៅពេល​រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ថ្លែងសុន្ទរកថា ជាសាធារណៈ បន្ទាប់មកភាគីចិន បានផ្ញើលិខិតមួយច្បាប់ បដិសេធការលើកឡើងរបស់ប្រមុខការពារជាតិរូបនេះ ដោយ​ជំរុញឱ្យមានការឆ្លើយតបតវិញ ពីមន្ត្រីហ្វីលីពីនរូបនោះបន្ថែម។​

ប្រធានាធិបតីហ្វីលីពីន លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស
ប្រធានាធិបតីហ្វីលីពីន លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស

ក្នុងអំឡុងកិច្ច​ពិភាក្សា ប្រមុខការពារជាតិហ្វីលីពីន លោក ថេអូដូរ៉ូ (Teodoro) បាន​លើកឡើងអំពីជម្លោះ នៅសមុទ្ទចិនខាងត្បូង ដោយចោទប្រកាន់ប្រទេសមួយចំនួនថា បានប្រើប្រាស់អាកប្បកិរិយាអរិភាព និងអំណាចដោយគ្មានការទប់ស្កាត់ បង្កផលប៉ះពាល់ដល់បណ្តារដ្ឋតូចៗ ព្រមទាំងបានសង្កត់ធ្ងន់លើភាពចាំបាច់ នៅក្នុងការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្ទផងដែរ។ ប្រទេសហ្វីលីពីន នឹងមិនលះបង់ទឹកដី ឬអធិបតេយ្យភាពរបស់ខ្លួននោះឡើយ ហើយនឹងបន្តប្រឆាំងនឹងសកម្មភាពនានា ដែលរំលោភបំពានលើច្បាប់អន្តរជាតិ ដែល​​​ជាការលើកឡើងមួយ ត្រូវគេមើលឃើញយ៉ាងទូលំទូលាយថា មានគោលបំណងសំដៅទៅលើប្រទេសចិន។

ប្រមុខការពារជាតិហ្វីលីពីន
ប្រមុខការពារជាតិហ្វីលីពីន

ប្រមុខការពារជាតិហ្វីលីពីន បានសង្កត់ធ្ងន់​លើភាពចាំបាច់ នៃការគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ (UNCLOS) ជាមួយនឹងការ​លើកឡើងថា៖ «ទោះជាយ៉ាងណាក៏ដោយ យើងឃើញមានប្រទេសមួយចំនួន មិនបានគោរពតាមអនុសញ្ញានេះឡើយ។ នេះ​ជាទង្វើខុសច្បាប់»។ ការលើកឡើងរបស់​រដ្ឋមន្រ្ដីការពារជាតិហ្វីលីពីន ត្រូវបានគេយល់ថា មានគោលបំណងសំដៅទៅលើប្រទេសចិន ដែលហ្វីលីពីន កំពុងមានជម្លោះជាមួយ ជុំវិញការទាមទារទឹកដីនៅសមុទ្ទចិនខាងត្បូង។ ហ្វីលីពីន បានចាប់ផ្តើមដំណើរការនីតិវិធីអាជ្ញាកណ្ដាល នៅឯតុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ (PCA) ក្នុងឆ្នាំ២០១៣ ដោយចោទប្រកាន់ថា ប្រទេសចិនបានរំលោភលើ UNCLOS ហើយទទួលបានជ័យជម្នះជាក់ស្តែង នៅក្នុងឆ្នាំ ២០១៦។

យ៉ាងណា ប្រទេសចិនបានបដិសេធ​ទទួលស្គាល់សាលក្រមនោះ​ ហើយនៅតែបន្តអះអាងអំពីអធិបតេយ្យភាពរបស់ខ្លួន នៅលើផ្ទៃសមុទ្ទភាគច្រើននៅសមុទ្ទចិនខាងត្បូង។ សូមជម្រាបថា កិច្ចសន្ទនា ការពារជាតិរដ្ឋធានីសេអ៊ូល (Seoul Defense Dialogue) គឺជាវេទិកាសន្តិសុខពហុភាគីប្រចាំឆ្នាំ ដែលរៀបចំឡើងដោយក្រសួងការពារជាតិកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១២រហូតមក ដើម្បីលើកកម្ពស់សន្តិភាព នៅលើឧបទ្វីបកូរ៉េ និងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។ វេទិកានេះ ត្រូវបានលើកកម្រិត ទៅជាវេទិកាកម្រិតរដ្ឋមន្ត្រី នៅឆ្នាំ២០២៣៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត