ប្រទេសជប៉ុន រៀបចំក្រឡាអុក​ឆ្លងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បង្ការហានិភ័យ​ពីជម្លោះតៃវ៉ាន់
S
Sinuon Nop
2 ម៉ោងមុន

រាជធានីតូក្យូ៖ ​​ក្រោយពេលក្រុមអ្នកជំនាញយោធាលោកខាងលិច ព្យាករអំពីប្រទេសមហាយក្សចិន អាចនឹងវាយលុករឹបអូស​កោះតៃវ៉ាន់ យកមកដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលរដ្ឋធានីប៉េកាំង នៅថ្ងៃណាមួយនាពេលអនាគត រដ្ឋាភិបាលរាជធានីតូក្យូ កំពុងពង្រឹងភាពជាដៃគូនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗទៀត ដែលអាចជួយបង្កើនសមត្ថភាពយោធារបស់ខ្លួន ​ក្នុងការទប់ទល់នឹងជម្លោះប្រដាប់អាវុធដ៏យូរអង្វែង...។

នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណាអេ តាកៃឈិ
នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណាអេ តាកៃឈិ

សារព័ត៌មានរបស់ចិនហុងកុង South China Morning Post បានចេញផ្សាយ នៅព្រឹកថ្ងៃអង្គារទី៨ ខែកញ្ញានេះថា ហានិភ័យនៃជម្លោះ ជុំវិញកោះតៃវ៉ាន់ កំពុងជះឥទ្ធិពលលើការរៀបចំផែនការវិស័យការពារជាតិរបស់ប្រទេសជប៉ុន។ បច្ចុប្បន្នរដ្ឋាភិបាលរាជធានីតូក្យូ កំពុងពង្រឹងសន្តិសុខទាំងក្នុង និងក្រៅប្រទេស ដើម្បីត្រៀមលក្ខណៈសម្បត្តិ សម្រាប់ជម្លោះដែលអាចអូសបន្លាយរយៈពេលយូរ។ ទោះជាយ៉ាងណាក៏ដោយ មានកត្តារារាំងផ្នែកសេដ្ឋកិច្ច ប្រជាសាស្ត្រ និងនយោបាយ ដែលកំណត់កម្រិត ពីការផ្លាស់ប្ដូរផ្នែកយោធារបស់ខ្លួន។​

នាយករដ្ឋមន្រ្ដីជប៉ុន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង
នាយករដ្ឋមន្រ្ដីជប៉ុន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង

បច្ចុប្បន្ន ជប៉ុន កំពុងពន្លឿននូវការកសាងបណ្តាញភាពជាដៃគូផ្នែកការពារជាតិ នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗទៀត។ សកម្មភាពរបស់ជប៉ុន ​ជាវិធានការដ៏សំខាន់មួយ អាចជួយបង្កើនសមត្ថភាពយោធារបស់ខ្លួន ដើម្បី​ទប់ទល់នឹងជម្លោះប្រដាប់អាវុធដ៏យូរអង្វែង នៅជុំវិញកោះតៃវ៉ាន់ និងធ្វើឱ្យការគណនាជាយុទ្ធសាស្ត្ររបស់រដ្ឋធានីប៉េកាំង កាន់តែមានភាពស្មុគស្មាញខ្លាំង។ កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ​កំពុងបង្ហាញ​យ៉ាងច្បាស់ នៅក្នុងប្រទេសអូស្ត្រាលី កាលពីខែសីហា ខណៈ​រាជធានីតូក្យូ និងរដ្ឋធានីកង់បេរ៉ា បានបោះជំហានទៅមុខ នៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ចាប់ពីការរៀបចំផែនការវិស័យការពារជាតិ និងការអភិវឌ្ឍអាវុធទំនើបៗ រហូតដល់ការសាងសង់ និងការថែទាំនាវាចម្បាំង ដែលរចនាឡើងដោយជប៉ុន។ ប៉ុន្តែទំនាក់ទំនងដែលកាន់តែស៊ីជម្រៅ ជាមួយអូស្ត្រាលី នាពេលនេះ​ គ្រាន់តែជាផ្នែកមួយ នៃការផ្លាស់ប្ដូរដ៏ធំទូលាយជាងនេះប៉ុណ្ណោះ។

លោកស្រី សាណាអេ តាកៃឈិ ​ជួបប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ នៅមុនកាន់តំណែងជានាយករដ្ឋមន្រ្ដីជប៉ុន​ 
លោកស្រី សាណាអេ តាកៃឈិ ​ជួបប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ នៅមុនកាន់តំណែងជានាយករដ្ឋមន្រ្ដីជប៉ុន​ 

ដោយសារបញ្ហាកោះតៃវ៉ាន់ កាន់តែមានឥទ្ធិពលលើការរៀបចំផែនការវិស័យការពារជាតិជប៉ុននោះ រដ្ឋាភិបាលរាជធានីតូក្យូ កំពុងតភ្ជាប់ទំនាក់ទំនងយោធានៅក្នុងតំបន់ ជាមួយនឹងភាពជាដៃគូផ្នែកឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យា នៅទូទាំងតំបន់អាម៉េរិកខាងជើង និងអឺរ៉ុប។​​ មួយវិញទៀត ថ្វីបើសហរដ្ឋអាម៉េរិក ​ជាសម្ពន្ធមិត្តតាមរយៈសន្ធិសញ្ញាតែមួយគត់របស់ជប៉ុន និងជាមូលដ្ឋានគ្រឹះនៃសន្តិសុខរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏​រាជធានីតូក្យូ កំពុងស្វែងរកប្រទេសផ្សេងៗទៀត ដើម្បីបំពេញបន្ថែមដល់ទំនាក់ទំនងនេះ ដោយ​ចាប់ផ្ដើមពីកិច្ចសហប្រតិបត្តិការ​យោធា និងភស្តុភារកម្មជាមួយអូស្ត្រាលី និងហ្វីលីពីន រហូតដល់ការផលិតអាវុធ ការចែករំលែកព័ត៌មានសម្ងាត់ និងការធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមានសុវត្ថិភាពជាងមុន នៅតំបន់ឆ្ងាយៗ។

ទន្ទឹមគ្នានេះ ក្រុមអ្នកវិភាគបានលើកឡើងថា គោលបំណងរបស់រដ្ឋាភិបាលរាជធានីតូក្យូ មិនមែនដើម្បីបង្កើតសម្ពន្ធភាពបែបអង្គការណាតូ (NATO) ដែលមានការប្តេជ្ញាចិត្តចូលរួមប្រយុទ្ធជាមួយជប៉ុននោះទេ ប៉ុន្តែក៏​ដើម្បីផ្តល់​​សមត្ថភាពកាន់តែល្អប្រសើរដល់ប្រទេសជប៉ុន ក្នុង​​ការទប់ទល់នឹងវិបត្តិដែលអូសបន្លាយរយៈពេលយូរ។សម្រាប់រដ្ឋធានីប៉េកាំងវិញ នេះមានន័យថា ពួកគេត្រូវគិតគូរមិនត្រឹមតែអំពីកម្លាំងយោធារបស់ជប៉ុន ចូលរួមដោយផ្ទាល់នៅក្នុងជម្លោះតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិត​ទាំងបណ្តាញប្រទេសនានា​ អាចជួយផ្គត់ផ្គង់ដល់កងកម្លាំងរបស់រដ្ឋាភិបាលរាជធានីតូក្យូ ជួយដល់សេដ្ឋកិច្ចរបស់ខ្លួនឱ្យមានភាពរឹងមាំ និងរក្សាឧស្សាហកម្មការពារជាតិឱ្យដំណើរការទៅមុខផងដែរ។

រដ្ឋាភិបាលរដ្ឋធានីប៉េកាំង តែងចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយរបស់ចិន ដែលត្រូវបង្រួបបង្រួមឡើងវិញ ដោយការប្រើប្រាស់កម្លាំងយោធា ប្រសិនបើចាំបាច់។ ម្យ៉ាងវិញទៀត ថ្វីបើប្រទេសភាគច្រើន រួមទាំងសហរដ្ឋអាម៉េរិក ជប៉ុន មិនទទួលស្គាល់តៃវ៉ាន់ ជារដ្ឋឯករាជ្យយ៉ាងណាក្ដី ប៉ុន្តែរដ្ឋធានីវ៉ាស៊ីនតោន ប្រឆាំងយ៉ាងដាច់អហង្កា​រាល់ការប៉ុនប៉ងដណ្តើមយកកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ ដោយប្រើកម្លាំងយោធា និងបានប្តេជ្ញាផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់ ការពារខ្លួនផងដែរ។ បើតាម​លោកស្រី មីសាតូ ម៉ាតស៊ួកា (Misato Matsuoka) សាស្ត្រាចារ្យរងនៃសាកលវិទ្យាល័យ Teikyo បានឱ្យដឹងថា ភាពជាដៃគូវិស័យ​ការពារជាតិ ដែលកំពុងកើនឡើងរបស់រាជធានីតូក្យូ អាចធ្វើឱ្យរដ្ឋធានីប៉េកាំង ប្រឈមនឹងការ​លំបាកក្នុងភាព​ឯកោ ឬធ្វើឱ្យជប៉ុនចុះខ្សោយ នៅ​ក្នុងករណីមានវិបត្តិនៅតៃវ៉ាន់ ទោះបីជាដៃគូអឺរ៉ុប ទំនងជាមិនចូលរួមប្រយុទ្ធ ដោយផ្ទាល់ ប្រឆាំងនឹង​កងទ័ពរំដោះប្រជាជនចិន (PLA) ក៏ដោយ​៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត