ជះចំហាយក្លិនរដ្ឋប្រហារជាថ្មី សន្ធិ លីមថងគុល ព្រមានពីការធ្វើបាតុកម្មទម្លាក់រាជរដ្ឋាភិបាល ដែលអាចជាផែនការចុងក្រោយរបស់ថៃ
S
Sinuon Nop
3 ម៉ោងមុន

រាជធានីបាងកក៖ ស្របពេលទាហានសៀម បាននិងកំពុងបន្ដចិញ្ចឹមមហិច្ឆតាឈ្លានពានអធិបតេយ្យកម្ពុជា ជាបន្ដបន្ទាប់ និងជំរុញឱ្យមានភាពតានតឹងនៅលើសមរភូមិព័ត៌មានអន្តរជាតិដ៏ក្ដៅគគុកមកនោះ ពេលនេះ ថៃចង់បង្កើតល្បែងនយោបាយអស្ថិរភាពក្នុងប្រទេសថ្មី ដែលជាសញ្ញានាំទៅរកការធ្វើរដ្ឋប្រហារនាពេលខាងមុខ ដើម្បីគេចចេញពីការទទួលខុសត្រូវ រឿងវាស់វែងព្រំដែនគោកជាមួយកម្ពុជា ក្រោយពីយោធាថៃ បានឈ្លានពានទឹកដីខ្មែរនៅតាមខ្សែបន្ទាត់ព្រំដែន បានជាច្រើនទីតាំងមកនោះ...។

អតីតប្រធានតុលាការធម្មនុញ្ញថៃ លោក នៈខៈរិន្ទ មេត្រីរ័ត្ន Nakharin Mektrairat
អតីតប្រធានតុលាការធម្មនុញ្ញថៃ លោក នៈខៈរិន្ទ មេត្រីរ័ត្ន Nakharin Mektrairat

សារព័ត៌មាន​ Thai Enquirer បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារទី៨​ ខែកញ្ញានេះថា ចៅក្រមតុលាការធម្មនុញ្ញថៃ បានចេញមុខរិះគន់ដល់ដំណើរការ«បោះឆ្នោត» ជ្រើសរើសសមាជិកព្រឹទ្ធសភាបច្ចុប្បន្ន និងបានព្រមាន អំពីហានិភ័យនៃ«ភាពចលាចល» ដែលអាចនឹងកើតឡើង។ តុលាការធម្មនុញ្ញថៃ លើកឡើងថា ការប្រព្រឹត្តអំពើពុករលួយ បក្សពួកនិយម និងការប្រមូលផ្ដុំអំណាច ជាហានិភ័យសម្រាប់ជាតិ។ អតីតប្រធានតុលាការធម្មនុញ្ញថៃ លោក នៈខៈរិន្ទ មេត្រីរ័ត្ន (นครินทร์ เมฆไตรรัตน์) បានព្រមានថា​ ព្រឹទ្ធសភាថៃ មាន«ភាពស្របច្បាប់ផ្នែកនយោបាយកម្រិតទាប» ដោយសារតែប្រព័ន្ធជ្រើសរើសខ្លួនឯង (Self-selection system) ដែលបង្កឱ្យមានភាពចម្រូងចម្រាស។ ​ប្រព័ន្ធបោះឆ្នោតបែបនេះ ត្រូវបានអ្នកតាក់តែងរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ចាត់ទុកថា វាជាចំណុចខ្វះខាតដ៏ធំបំផុត សម្រាប់​សេចក្ដីព្រាងរដ្ឋធម្មនុញ្ញ​។

លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល
លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល

ថ្លែងជាសាធារណៈលើកដំបូង​ ចាប់តាំងចុះចេញពីតំណែងប្រធានតុលាការធម្មនុញ្ញមក លោក នៈខៈរិន្ទ មេត្រីរ័ត្ន បានលើកឡើងអំពីការខ្វះទំនុកចិត្តជាទូទៅ ចំពោះស្ថាប័ននយោបាយ និងបានព្រមានថា ការរារាំងដល់កិច្ចខិតខំប្រឹងប្រែង នៅក្នុងការតាក់តែងរដ្ឋធម្មនុញ្ញថ្មី អាចបង្កឱ្យមានភាពចលាចលភ្លាមៗ។ ដូច្នេះ ច្បាប់រដ្ឋធម្មនុញ្ញណាមួយ នាពេលអនាគត ត្រូវតែផ្តល់សិទ្ធិស្មើគ្នា និង​តំណាងឱ្យ​នយោបាយ សម្រាប់គ្រប់ភាគីទាំងអស់ ជាជាងការផ្ដល់អត្ថប្រយោជន៍ ឬលម្អៀងទៅរកក្រុមណាមួយ ឬភាគីណាមួយ​។​​ ស្របគ្នានេះដែរ លោក ​សន្ធិ លីមថងគុល (สนธิ ลิ้มทองกุล) ​អតីតមេដឹកនាំក្រុមអាវលឿង រួមជាមួយលោក និតិថន ឡាំលឿ (นิติธร ล้ำเหลือ) និងលោក ពិចិត្រ ជ័យមង្គល (พิชิต ไชยมงคล) កាលពីថ្ងៃចន្ទ ​បានប្រកាសបើកយុទ្ធនាការជាផ្លូវការមួយឈ្មោះថា«យកប្រទេសថៃយើងមកវិញ​ ឬTake Back Our Thailand» ​ ដើម្បីប្រឆាំងនឹងអំពើពុករលួយ និងការកើនឡើងនៃបណ្តាញអាជីវកម្មបរទេសខុសច្បាប់ ក្រោមរាជរដ្ឋាភិបាល​របស់លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល (อนุทิน ชาญวีรกูล)។

លោក ​សន្ធិ លីមថងគុល (สนธิ ลิ้มทองกุล) ​មេដឹកនាំក្រុមបាតុករអាវលឿង  
លោក ​សន្ធិ លីមថងគុល (สนธิ ลิ้มทองกุล) ​មេដឹកនាំក្រុមបាតុករអាវលឿង  

គេគ្រប់គ្នាបានដឹងរួចមកហើយថា លោក ​សន្ធិ លីមថងគុល​ គឺជាអ្នកនៅពីក្រោយនៃការផ្ដួលរំលំអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈិនវ័ត (ทักษิณ ชินวัตร) តាមរយៈការប្រមូលផ្តុះតវ៉ានៅតាមដងផ្លូវយ៉ាងសកម្ម ចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០០៨។ ពេលនេះ លោកបានថ្លែងសន្ទរកថា សាជាថ្មីថា លោកគ្មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី អនុទីន ឆានវីរគុល​ ទេ ប៉ុន្តែលោកនឹងធ្វើឱ្យ«ជីវិតនយោបារបស់លោក អនុទីន ប្រឈមនឹងការ​លំបាក»។​​ អ្នករៀបចំការតវ៉ាចាស់វស្សារូបនេះ បាន​លើកឡើងអំពីការប្រព្រឹត្តខុសរបស់មន្ត្រីរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការផ្ដល់ជំនួយសង្គ្រោះទឹកជំនន់, ការលួចបន្លំក្នុងការប្រឡងចូលបម្រើការងាររដ្ឋ, ជម្លោះដីធ្លីនៅតំបន់ឧទ្យានភ្នំ ក្រៈដូង (เขากระโดง), គម្រោងមជ្ឈមណ្ឌលទិន្នន័យ និងការចោទប្រកាន់អំពីការគប់គិតគ្នា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលពាក់ព័ន្ធនឹងឥស្សរជននយោបាយសំខាន់ៗ។

លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល និងលោក ថាក់ស៊ីន ឈិនវ័ត
លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល និងលោក ថាក់ស៊ីន ឈិនវ័ត

លោក ​សន្ធិ លីមថងគុល​ បានគូសបញ្ជាក់អំពីរបៀបដែលក្រុមអ្នកនយោបាយកំពូលៗ និងមហាសេដ្ឋីជំនួញ នៅតែបន្ដរក្សាបាននូវឋានៈជាឥស្សរជនដ៏មានអំណាចដដែល ទោះបីជាមានការផ្លាស់ប្ដូររាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយក្ដី។ លោក ​សន្ធិ លីមថងគុល សង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ ឥស្សរជននយោបាយទាំងនោះ នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ លោក ថាក់ស៊ីន ឈិនវ័ត ​អតីតនាយករដ្ឋមន្រ្ដីថៃ ដែលញាំញីដោយរឿងអាស្រូវពុករលួយ។ គណបក្សភូមិចៃថៃ (ภูมิใจไทย) បានផ្លាស់ប្ដូររូបភាពរបស់ខ្លួនយ៉ាងប៉ិនប្រសប់ ដោយបង្ហាញថា ខ្លួនជាអ្នកការពារស្ថាប័នរាជានិយមយ៉ាងមុតមាំ ដើម្បីទាក់ទាញសំឡេងឆ្នោត និងដណ្តើមអំណាច ប៉ុន្តែគណបក្សមួយនេះ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយក្រុមអ្នកនយោបាយជើងចាស់ ដែលមានកេរ្តិ៍ឈ្មោះមិនល្អនៅក្នុងសង្គមថៃ ដូច្នេះការលុបបំបាត់អំពើពុករលួយឱ្យជ្រះស្អាត គឺជារឿងទៅមិនរួច។

ក្រុមបាតុករអាវលឿង 
ក្រុមបាតុករអាវលឿង 

កាលពីថ្ងៃចន្ទទី៧ ខែកញ្ញា លោក ​សន្ធិ លីមថងគុល បានបើកយុទ្ធនាការតវ៉ាជាថ្មី ​ដោយកំណត់យកថ្ងៃទី១៤ ខែកញ្ញាខាងមុខ ជាពេលវេលាដែលអាចនឹងមានការប្រឈមមុខដាក់គ្នា។ ​អតីតមេដឹកនាំក្រុមអាវលឿងរូបនេះ នឹងចាប់ផ្តើមយុទ្ធនាការ​​​ «យកប្រទេសថៃយើងត្រឡប់មកវិញ» ដោយផ្តោតគោលដៅ លើការតវ៉ាទ្រង់ទ្រាយធំ នៅតាមដងផ្លូវសំខាន់ៗ ប្រសិនបើគណៈកម្ម​ការរៀបចំការបោះឆ្នោត មិនចាត់វិធានការប្រឆាំងនឹងអ្នកជាប់​ពាក់ព័ន្ធនៅក្នុងករណីគប់គិតគ្នា នៅក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភា នៅ​ត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ទេនោះ ខណៈចលនានេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១០កញ្ញាតទៅ។ យ៉ាងណា លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល បានបដិសេធ​​ឆ្លើយតប ចំពោះ​ការគំរាមកំហែងរបស់លោក ​សន្ធិ លីមថងគុល​ ​ដែលគ្រោងបង្កើនកម្រិត​តវ៉ា ប្រសិនបើគណៈកម្ម​ការរៀបចំការបោះឆ្នោតមិនកែប្រែតាមការទាមទារ។

យោធាថៃ ហ៊ុមព័ទ្ធបន្លលួសលើដីកម្ពុជា ដោយខុសច្បាប់
យោធាថៃ ហ៊ុមព័ទ្ធបន្លលួសលើដីកម្ពុជា ដោយខុសច្បាប់

សូមជម្រាបផងដែរថា សកម្មភាពក្រុមអ្នកតវ៉ាថៃ ដឹកនាំដោយ លោក ​សន្ធិ លីមថងគុល នេះ អាចជាការបង្វែរដានរឿងស្ថានការណ៍ព្រំដែនកម្ពុជា បន្ទាប់ពីសារព័ត៌មានបរទេសល្បីៗនៅជុំវិញពិភពលោក នាំគ្នាចុះផ្សាយបកស្បែកមុខពិតរបស់យោធាថៃ ដែលបានធ្វើសកម្មភាពឈ្លានពានទឹកដីកម្ពុជា ហើយយកបញ្ហាស្កេមអនឡាញ មកបិទបាំងទង្វើដ៏អាក្រក់របស់ខ្លួន។ ទន្ទឹមនោះ ភាគីកម្ពុជា ក៏បានដាក់លិខិតតវ៉ាមិនក្រោមជាង៥០ដងឡើយ ទាមទារឱ្យខាងរាជរដ្ឋាភិបាលថៃ បញ្ជូនក្រុមគណៈកម្មការវាស់វែងខណ្ឌសីមាព្រំដែនគោករបស់ថៃ(JBC) ឱ្យមកធ្វើការជាមួយខាងក្រុមគណៈកម្មការវាស់វែងខណ្ឌសីមាព្រំដែនគោកកម្ពុជា(JBC) ដែលភាគីថៃព្យាយាមគេចវេះរកលេសមិនចេះចប់មិនចេះហើយ ទាំងដែលក្រុមយោធាថៃនៅព្រំដែន បានធ្វើសកម្មភាពពង្រីក ការជីកលេណដ្ឋាន ធ្វើផ្លូវយុទ្ធសាស្ត្រខ្វាត់ខ្វែងលើដីកម្ពុជា ដែលពួកគេបាននិងកំពុងកាន់កាប់ដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

យោធាថៃ ហ៊ុមព័ទ្ធបន្លលួសលើដីកម្ពុជា ដោយខុសច្បាប់
យោធាថៃ ហ៊ុមព័ទ្ធបន្លលួសលើដីកម្ពុជា ដោយខុសច្បាប់

ដូច្នេះ ការត្រៀមខ្លួនធ្វើបាតុកម្មតវ៉ាទម្លាក់លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល របស់លោក ​សន្ធិ លីមថងគុល តាមរយៈការចង់លុបបំបាត់អំពើពុករលួយ បក្សពួកនិយម ឬការប្រមូលផ្ដុំអំណាចនៅក្នុងប្រទេសថៃនេះ អាចជាល្បិចកលចុងក្រោយនៃផែនការទុច្ចរិតរបស់មេដឹកនាំថៃ ដើម្បីបានរួចផុតពីទំនួលខុសត្រូវនៃការគាបសង្កត់ពីអន្តរជាតិ ដែលនឹងជំរុញឱ្យថៃ ចូលខ្លួនមកវាស់វែងព្រំដែនគោកជាមួយកម្ពុជា នេពឹលខាងមុខមិនខាន។ យ៉ាងណា មេដឹកនាំកំពូលថៃ(ក្រុមអាមាត) បានមើលឃើញយ៉ាងច្បាស់អំពីដំណោះស្រាយតាមបែបការទូតលក្ខណៈអន្តរជាតិ គឺខ្លួនបានចាញ់ប្រៀបកម្ពុជា ដាច់ឆ្ងាយទៅហើយ។ រីឯទឹកដីដែលពួកយោធាថៃ វាយដណ្តើមកាន់កាប់ដោយខុសច្បាប់ ក៏ពួកគេគ្មានឆន្ទៈប្រគល់ឱ្យមកកម្ពុជាវិញ ឬបញ្ជូនក្រុមគណៈកម្មការវាស់វែងខណ្ឌសីមាព្រំដែនគោករបស់ថៃ(JBC) មកជួបធ្វើការជាមួយភាគីកម្ពុជាដែរ ដូចនេះ ការធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលលោក អនុទីន អាចជារឿងចៀសមិនរួចទេសម្រាប់ប្រទេសសម្បូរទៅដោយរដ្ឋប្រហារមួយនេះ..៕

យោធាថៃ ហ៊ុមព័ទ្ធដោយទូកុងតឺន័រលើដីកម្ពុជា ដោយខុសច្បាប់
យោធាថៃ ហ៊ុមព័ទ្ធដោយទូកុងតឺន័រលើដីកម្ពុជា ដោយខុសច្បាប់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត