សូម្បីខ្មោចក៏មិនលើកលែង! ថៃគាស់ផ្នូរជនជាតិជ្វីស យកទៅកប់កន្លែងផ្សេង ដោយសំអាងថា គ្មានអាជ្ញាប័ណ្ណ
Mao Sopha
2 ម៉ោងមុន

រាជធានីបាងកក៖ មានផ្នូរជនជាតិជ្វីស (ឬអ៊ីស្រាអែល?) ចំនួន៣ ក្នុងតំបន់កប់ខ្មោចមួយកន្លែង នៅស្រុកបាងខ្លា (บางคล้า) ខេត្តស្ទឹងជ្រៅ (ฉะเชิงเทรา) ត្រូវអាជ្ញាធរថៃបញ្ជាឱ្យគាស់យកសាកសពទៅបញ្ចុះនៅកន្លែងផ្សេងវិញ ដោយសំអាងថា សាកសពទាំង៣នោះ ត្រូវបានបញ្ចុះដោយគ្មានអាជ្ញាបណ្ណ ឬការអនុញ្ញាតត្រឹមត្រូវ។ នេះបើតាមការប្រកាសរបស់លោក ភលភី សុវណ្ណឆវី (พลพีร์ สุวรรณฉวี) អនុរដ្ឋមន្ត្រីមហាផ្ទៃថៃ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ហើយត្រូវបានចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍។

រូបតំណាង
រូបតំណាង

ទីបញ្ចុះសពខាងលើ មានទំហញ៩,៦ពាន់ម៉ែត្រការ៉េ ហើយជាទីបញ្ចុះសពសម្រាប់សហគមន៍ជនជាតិជ្វីសក្នុងស្រុកបាងខ្លា នៃខេត្តស្ទឹងជ្រៅ ប្រទេសថៃ។ លោក ភលភី សុវណ្ណឆវី និយាយថា ទីបញ្ចុះសពនេះ ទទួលអាជ្ញាបណ្ណរយៈពេល៣ឆ្នាំ កាលពីឆ្នាំ២០២១ ហើយត្រូវផុតកំណត់ត្រឹមឆ្នាំ២០២៣។ អាជ្ញាធរថៃ បានច្រានចោលសំណើសុំបន្តអាជ្ញាបណ្ណសម្រាប់ទីបញ្ចុះសពនេះ ព្រោះធ្លាប់បំពានគោលការណ៍ច្បាប់។ ចំពោះសាកសពទាំង៣ ត្រូវអាជ្ញាធរថៃរកឃើញថា បានបញ្ចុះនៅទីនេះ ក្រោយឆ្នាំ២០២៣ ដែលជាពេលវេលាផុតសុពលភាពអាជ្ញាបណ្ណទៅហើយ។ 

លោក ភលភី សុវណ្ណឆវី (พลพีร์ สุวรรณฉวี)
លោក ភលភី សុវណ្ណឆវី (พลพีร์ สุวรรณฉวี)

ដំណាក់កាលនេះ អាជ្ញាធរថៃ កំពុងស្វែងរកទីបញ្ចុះសពផ្សេងទៀត ដែលស្ថិតនៅក្នុងរាជធានីបាងកក ដើម្បីកប់សពជនជាតិជ្វីសទាំង៣។ ទោះយ៉ាងណា សពជនជាតិជ្វីសទាំង៣ មិនទាន់ត្រូវបានចាប់ផ្តើមគាស់នោះទេ ហើយទីតាំងថ្មីសម្រាប់បញ្ចុះ ក្នុងរាជធានីបាងកក ក៏រកមិនទាន់ឃើញជាផ្លូវការដែរ។ ករណីនេះ ហាក់ដូចជាមិនមែនតូចតាចឡើយ ដោយមានសកម្មជនថៃខ្លះ មិនពេញចិត្តចំពោះការចេញអាជ្ញាបណ្ណដល់ទីបញ្ចុះសពសម្រាប់សហគមន៍ជនជាតិជ្វីស ក្នុងស្រុកបាងខ្លាខាងលើ ដូច្នេះ ក៏ស្នើទៅគណៈកម្មការប្រឆាំងអំពើពុករលួយ ដើម្បីបើកការស៊ើបអង្កេតលើការផ្ដល់អាជ្ញាប័ណ្ណនេះ។ 

អាចារ្យ និងអ្នកកាន់សាសនាយេស៊ូ ពេលទៅចូលរួមបញ្ចុះសព
អាចារ្យ និងអ្នកកាន់សាសនាយេស៊ូ ពេលទៅចូលរួមបញ្ចុះសព

សកម្មជនថៃ លើកឡើងថា ច្បាប់ ឬបទប្បញ្ញត្តិ ​តម្រូវ​ឱ្យ​ទីបញ្ចុះសព​ត្រូវ​មាន​ចម្ងាយ​យ៉ាង​តិច៤០០ម៉ែត្រ​ពី​ផ្លូវ​ទឹក និង៥០ម៉ែត្រ ​ពី​ផ្លូវគោក ប៉ុន្តែទីបញ្ចុះសពសម្រាប់សហគមន៍ជនជាតិជ្វីសក្នុងស្រុកបាងខ្លា មានចម្ងាយពីផ្លូវតែ៣ទៅ៩ម៉ែត្រប៉ុណ្ណោះ។ មកដល់ពេលនេះ មិនទាន់ឃើញសហគមន៍ជនជាតិជ្វីស ចេញមកតវ៉ា ឬស្នើសុំរកដំណោះស្រាយនោះទេ ខណៈស្ថានទូតអ៊ីស្រាអែល ក៏មិនទាន់ប្រតិកម្មអ្វីដែរ៕ 

ទីបញ្ចុះសពសម្រាប់សហគមន៍ជនជាតិជ្វីសក្នុងស្រុកបាងខ្លា
ទីបញ្ចុះសពសម្រាប់សហគមន៍ជនជាតិជ្វីសក្នុងស្រុកបាងខ្លា
ទីបញ្ចុះសពសម្រាប់សហគមន៍ជនជាតិជ្វីសក្នុងស្រុកបាងខ្លា
ទីបញ្ចុះសពសម្រាប់សហគមន៍ជនជាតិជ្វីសក្នុងស្រុកបាងខ្លា
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត