មន្ត្រីជំនាញ ចុះប្រមូលទិន្នន័យបច្ចេកទេសពន្លឿនគម្រោងធ្វើស្ពានឆ្លងទន្លេ «កោះខ្សាច់ទន្លា-ផ្លូវជាតិលេខ២១»
អុន សម្ផស្ស
មួយម៉ោងមុន

ក្រុងតាខ្មៅ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងជំរុញគម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា ក្នុងស្រុកស្អាង ខេត្តកណ្តាល ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគអឺរ៉ុប(EIB) ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា ឆ្លងកាត់ទន្លេបាសាក់ទៅកាន់ផ្លូវជាតិលេខ២១ និងលើកកម្ពស់ការដឹកជញ្ជូន ក៏ដូចជាភស្តុភារកម្មកសិកម្មក្នុងតំបន់។ ក្រសួងសាធារណការ ប្រកាសព័ត៌មាននេះ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦..។

រដ្ឋលេខាធិការក្រសួងសាធារណកា​​​រ លោក នូ សុវត្ថិ និងជានាយកគម្រោង បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យទីតាំងជាក់ស្តែង កាលពីថ្ងៃទី៧កញ្ញា ជាមួយក្រុមអ្នកជំនាញការរបស់ធនាគារវិនិយោគអឺរ៉ុប ក្នុងបេសកកម្មមកកម្ពុជា លើកទី២។ ការចុះពិនិត្យទីតាំងនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួង តំណាងដូចជា៖ ក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម ក្រុមអ្នកជំនាញការរបស់EIB តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD របស់ប្រទេសជប៉ុន មន្ទីរសាធារណការខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ។ បេសកកម្មនេះ មានគោលបំណងសិក្សា និងវាយតម្លៃស្ថានភាពទីតាំងគម្រោងជាក់ស្តែង ប្រមូលទិន្នន័យបច្ចេកទេស និងពិភាក្សាជាមួយអាជ្ញាធរ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញធាតុចូលសម្រាប់សិក្សាអំពីលទ្ធភាព គម្រោង មុនឈានទៅដល់ការអនុវត្តការសាងសង់។

តាមផែនការរៀបចំ គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា មានប្រវែងប្រមាណ៣៣០ម៉ែត្រ និងមានផ្លូវតភ្ជាប់ពីក្បាលស្ពានប្រវែងប្រមាណ៣០៥ម៉ែត្រ គ្រោងចាប់ផ្តើមអនុវត្តការសាងសង់នៅឆ្នាំ២០២៧។ ក្រសួងចាត់ទុកស្ពានកោះខ្សាច់ទន្លា ជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយសម្រាប់ពង្រឹងការតភ្ជាប់នៅតំបន់កោះខ្សាច់ទន្លា ដោយជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ។ គេរំពឹងថា គម្រោងនេះ នឹងរួមចំណែកកាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនប្រសិទ្ធភាពបណ្តាញភស្តុភារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅតំបន់ជុំវិញកោះខ្សាច់ទន្លា និងខេត្តកណ្តាល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត