ជំរុញសុវត្ថិភាពចរាចរណ៍! ក្រសួងសាធារណការ បើកយុទ្ធនាការបណ្ដុះបណ្ដាលច្បាប់ដល់អ្នកបើកម៉ូតូកង់បី
អុន សម្ផស្ស
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែមិថុនានេះ បានប្រកាសបើក«យុទ្ធនាការបណ្ដុះបណ្ដាល និងប្រឡងយកបណ្ណបើកបរយានយន្ត» ដល់អ្នកបើកបរម៉ូតូកង់បីប្រមាណ៣០០នាក់..។

ថ្លែងក្នុងពិធីបើកយុទ្ធនាការ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ លើកឡើងថា យុទ្ធនាការនេះត្រូវបានរៀបចំឡើងជាលើកដំបូង ក្រោមកិច្ចសហការរវាង អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងក្រុមហ៊ុន PassApp ដើម្បីផ្តល់ការបណ្ដុះបណ្ដាលដល់អ្នកបើកបរម៉ូតូកង់បី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការបើកបរ និងការប្រើប្រាស់ផ្លូវថ្នល់ប្រកបដោយទំនួលខុសត្រូវ។ លោករដ្ឋមន្ត្រី ចាត់ទុកកម្មវិធីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវ។ ក្នុងពេលដែលកម្ពុជា កំពុងអនុវត្តផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ មានគោលដៅកាត់បន្ថយអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០ភាគរយ ក្នុងរយៈពេល១០ឆ្នាំ។ 

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ

លោក ប៉េង ពោធិ៍នា បង្ហាញជំនឿថា៖«ការបណ្ដុះបណ្ដាលនេះនឹងជួយពង្រឹងការយល់ដឹងរបស់អ្នកបើកបរអំពីច្បាប់ចរាចរណ៍ និងវិធានសុវត្ថិភាពផ្សេងៗ ដែលរួមចំណែកក្នុងការកែលម្អគុណភាពសេវាកម្មដឹកជញ្ជូន និងធានាសុវត្ថិភាពជូនអ្នកដំណើរ»។ ទន្ទឹមគ្នា លោករដ្ឋមន្ត្រី អំពាវនាវដល់សិក្ខាកាមទាំងអស់យកចំណេះដឹង ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាល ទៅអនុវត្តជាក់ស្តែង និងបន្តផ្សព្វផ្សាយទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌គោរពច្បាប់ចរាចរណ៍ និងសុវត្ថិភាពលើដងផ្លូវ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត