ក្រសួងសាធារណការ ក្រើនរម្លឹកក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ចូលរួមគោរពច្បាប់ ពិសេសលើការកំណត់ទម្ងន់
អុន សម្ផស្ស
04 មិថុនា 2026 01:37 PM

រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តក្រើនរម្លឹកជាថ្មីដល់ម្ចាស់ក្រុមហ៊ុន, ម្ចាស់យានយន្ត និងអ្នកបើកបរយានយន្តធុនធ្ងន់ឱ្យចូលរួមគោរពច្បាប់ ហើយគោរពតាមតម្រាយផ្លូវអនុញ្ញាត ដែលកំណត់ដោយក្រសួង...។

ការបន្តអំពាវនាវរបស់ក្រសួង ធ្វើឡើងចំពេលមន្ត្រីជំនាញនៃក្រុមការងារចល័តចម្រុះ សហការជាមួយស្ថានីយជញ្ជីងអង្គស្នួល ខេត្តកណ្ដាល ចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ពិន័យ២គ្រឿង និងសហការជាមួយស្ថានីយរំចេក ខេត្តព្រៃវែង បានត្រួតពិនិត្យពិន័យរថយន្ត៥គ្រឿងផ្សេងទៀត កាលពីថ្ងៃទី៣មិថុនា ឆ្នាំ២០២៦។ បើតាមក្រសួង យានយន្តធុនធ្ងន់ទាំងនោះ បានដឹកលើកទម្ងន់កំណត់ចន្លោះពី៥ ដល់១២តោន។ ក្រសួងប្រកាសថា និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងលើករណីនេះ។

ក្រសួងពន្យល់ថា ការចូលរួមគោរពច្បាប់ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់ប្រជាពលរដ្ឋ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការការពារផ្លូវថ្នល់មិនឱ្យមានការខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នករួមដំណើរតាមដងផ្លូវជាមួយគ្នា។ គួរជម្រាបថា ទម្ងន់ដឹកជញ្ជូនអតិបរមា​លើបណ្តាញផ្លូវថ្នល់​តាមប្រភេទយានយន្តត្រូវបានក្រសួងកំណត់ រួមមាន៖ យានយន្ត២ភ្លៅ អនុញ្ញាតឱ្យដឹក​ទម្ងន់​១៦តោន។ យានយន្តសណ្តោងរ៉ឺម៉ក ​ ឬសណ្តោងសឺមីរ៉ឺម៉ក​ មាន៦ភ្លៅ​ឡើងទៅ​ អាចដឹកបានទម្ងន់កំណត់​៤៥តោន។ ចំពោះរថយន្តផ្ទុកលើសចាប់ពី២០ភាគរយឡើងទៅ នឹងត្រូវរងពិន័យ ដកបណ្ណបើកបរព្យួរទុកចំនួន២ឆ្នាំ ឃាត់យានយន្តទុក១ឆ្នាំ​ ហើយអាចឈានទៅបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន១ឆ្នាំ ក្នុងករណីទទួលរងការពិន័យម្ដងរួចមកហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត