គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ សាងសង់បានជាង៣០ភាគរយ
S
Soriya Sou
08 ឧសភា 2026 06:00 PM

ក្រុងតាខ្មៅ៖ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ សម្រេចបានលទ្ធផលប្រមាណ៣៣ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៨ ខែឧសភា…។

មន្រ្តីក្រសួងសាធារណការ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅទាំងមូល គ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨។ គម្រោងនេះធ្វើឡើងក្រោមហិរញ្ញប្បទានពីមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) របស់ធនាគារអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ហើយត្រូវបានបែងចែកជា២ផ្នែកធំៗ។ ផ្នែកទី១ ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ដ្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន៧កន្លែង និងបណ្តាញលូទឹកកខ្វក់ប្រវែងសរុប១២៥,៣គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។

ដោយឡែក ផ្នែកទី២ ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង៥គីឡូម៉ែត្រ ព្រមទាំងការសាងសង់ និងស្ដារស្ថានីយបូមទឹកកខ្វក់ និងបណ្តាញលូរំដោះទឹកភ្លៀងក្នុងក្រុងតាខ្មៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត