
ក្រុងព្រះសីហនុ៖ កម្ពុជា-ចិន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន…។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលោក ហ្សូអ៊ី ទុង (Xue Dong) អគ្គទីប្រឹក្សាថ្មីទទួលបន្ទុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា ជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ នេះបើតាមការឱ្យដឹងពីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៨ ខែកញ្ញា។ ក្រសួងសុខាភិបាល បញ្ជាក់បន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលយ៉ាងសកម្មរបស់ក្រុមការងារក្រសួងសុខាភិបាល រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្តព្រះសីហនុ ជាមួយក្រុមអ្នកជំនាញចិន ដឹកនាំដោយក្រុមហ៊ុន China IPPR International Engineering Co., Ltd បានរៀបចំគម្រោងឈានទៅមុខជាបន្តបន្ទាប់ ដោយកំណត់ច្បាស់នូវទំហំ និងមុខងារសេវាសុខាភិបាលរបស់អគារថ្មី។

គម្រោងធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងត្រូវសាងសង់អគារវេជ្ជសាស្ត្រ និងវះកាត់ថ្មីចំនួន៦ជាន់ មានផ្ទៃក្រឡាសំណង់សរុបប្រមាណ១ម៉ឺន៤ពាន់ម៉ែត្រការ៉េ និងមានសមត្ថភាពអាចផ្ទុកគ្រែសរុបបានចំនួន២០០។ អគារថ្មីនេះ នឹងបំពាក់មុខងារសេវាសុខាភិបាលសំខាន់ៗ រួមមាន៖ ផ្នែកពិគ្រោះជំងឺក្រៅ សង្គ្រោះបន្ទាន់ រូបភាពវេជ្ជសាស្ត្រ មជ្ឈមណ្ឌលឆ្លុះពិនិត្យ មជ្ឈមណ្ឌលលាងឈាម ផ្នែករោគវិទ្យា បន្ទប់វះកាត់ ផ្នែកថែទាំជំងឺកម្រិតធ្ងន់ (ICU) និងផ្នែកសម្រាកព្យាបាល។ គម្រោង ក៏បានរួមបញ្ចូលបរិក្ខារវេជ្ជសាស្ត្រចាំបាច់ សម្រាប់គាំទ្រការផ្ដល់សេវាទាំងនេះ ដូចជា៖ CT 256-slice, Digital X-ray, ម៉ាស៊ីនលាងឈាម, បរិក្ខារវះកាត់ និងសណ្តំ, និងបរិក្ខារ ICU ជាដើម។ គម្រោងនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យសុខាភិបាល និងការបន្តគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជា ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕




