សង្ស័យនាំចូលពីថៃទៀតហើយ! ជ្រូកកណ្ដុរ ប្រហិត និងគ្រឿងក្នុងមាន់រាប់សិបការ៉ុង ត្រូវកម្លាំងយោធាស្ទាក់ចាប់នៅតំបន់បឹងត្រកួន
ហាក់ អ៊ីឌី
មួយម៉ោងមុន

ខេត្តបន្ទាយមានជ័យ៖ ជ្រូកកណ្ដុរ ប្រហិត និងគ្រឿងក្នុងមាន់រាប់សិបការ៉ុងដែលគ្មានប្រភពច្បាស់លាស់ ត្រូវកម្លាំងយោធាការពារព្រំដែន ស្ទាក់ចាប់បាន នៅច្រករបៀងបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។ សាច់បង្កទាំងអស់នេះ ទំនងជាពួកឈ្មួញទុច្ចរិតគ្មានមនសិការ លួចនាំចូលមកពីថៃ។ 

ក្រុមឈ្មួញដែលលួចនាំចូលសាច់បង្កកទាំងនេះ បានរត់គេចខ្លួន មុនពេលកងកម្លាំងចុះទៅដល់ ហើយមិនត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុនោះទេ។ ពេលទៅដល់ កងកម្លាំង បានឃើញសាច់បង្កកជាច្រើន រួមមាន ជ្រូកកណ្តុរ ចំនួន៣៣ការ៉ុង ប្រហិត ចំនួន១៩ការ៉ុង គ្រឿងក្នុងជ្រូក ចំនួន៤ការ៉ុង និងកោះមាន់ ចំនួន១កេស។ 

បច្ចុប្បន្ន សាច់បង្កទាំងអស់នោះ ត្រូវបានកម្លាំងយោធារៀបចំដុតកម្ទេចចោល ដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងបង្ការការឆ្លងជំងឺផ្សេងៗចូលមកក្នុងស្រុក។ តាមរយៈគណនីហ្វេសប៊ុក លោកឧត្តមសេនីទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធាភូមិភាគ៥ បានបង្ហោះរូបភាព នៃប្រតិបត្តិការបង្ក្រាបខាងលើនេះ អមជាមួយសំណេរថា៖«បទល្មេីសឆ្លងដែននៅតែមាន​ ថ្ងៃនេះអ្នករត់រួច​ បើអ្នកមិនឈប់ទេ​ អ្នកមិនអាចរួចខ្លួនរហូតឡើយ» ជាការកត់សម្គាល់ លោក សេង ធារិន តែងផ្សព្វផ្សាយអំពីករណីលួចនាំចូលទំនិញពីថៃ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត