
ក្រុងសៀមរាប៖ ព្រះលានជល់ដំរី ស្ថិតនៅក្នុងក្រុងអង្គរធំ មានពណ៌បៃតងគ្រប់រដូវកាល សោភ័ណភាពស្រស់ស្អាតណាស់ និងជាទីកន្លែងដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរ, គូស្នេហ៍ត្រៀមរៀបមង្គលការឱ្យមកថតរូបអនុស្សាវរីយ៍ និងថតរូបមុនរៀបអាពាហ៍ពិពាហ៍ ដែលយុវវ័យសម័យថ្មីនិយមហៅជាភាសាបរទេស ថា Pre-Wedding…។

អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់នៅព្រឹកថ្ងៃអង្គារទី៨កញ្ញានេះថា ក្នុងមួយថ្ងៃៗ ចាប់ពីរសៀលថ្ងៃរាងជ្រេបន្តិច មានកូនកំលោះក្រមុំដែលជាគូស្នេហ៍ ក្រុមសម្អាង និងជាងថតរូបជាច្រើនក្រុម បានប្រមូលផ្តុំគ្នាមកថតរូបនៅព្រះលានជល់ដំរី តាមការជ្រើសរើសប្លង់ថត បច្ចេកទេសថត ស្របទៅតាមទេសភាព ដើម្បីទទួលបានរូបភាពកាន់តែស្រស់ស្អាត។ ការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ឬសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណ និងសហសម័យ កំពុងក្លាយជាទីពេញនិយមនៅព្រះលានជល់ដំរី និងកាន់តែសក្ដិសមបំផុតនោះ គឺការថតជាប់ជាមួយនឹងផ្ទៃខាងក្រោយភ្ជាប់ដោយសំណង់ប្រាសាទបុរាណ ធ្វើឱ្យរូបភាពមើលទៅកាន់តែរស់រវើក និងស្រស់ស្អាតទ្វេដង។

សូមជម្រាបថា ក្រៅពីព្រះលានជល់ដំរី អង្គរវត្ត គឺជាប្រាសាទដែលទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកពីជុំវិញពិភពលោក ឱ្យមកទស្សនា និងថតរូបមុនរៀបមង្គលការ សម្រាប់កូនកំលោះ-ក្រមុំ ទាំងខ្មែរ និងបរទេសចម្រុះជាតិសាសន៍ ជាពិសេស នៅរដូវកាលបៃតង ឬGreen Season។ ជារៀងរាល់ឆ្នាំ ក្រោយថ្ងៃចេញវស្សា ប្រាសាទអង្គរ ទួលកូនកំលោះ-ក្រមុំក្នុងមួយថ្ងៃៗ យ៉ាងហោចណាស់ពី៥០ ទៅ៦០គូ មកថតរូបមុនរៀបមង្គលការ ដើម្បីទុកជាអនុស្សាវរីយ៍ផង និងដើម្បីបង្ហាញដល់ភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមក្នុងពិធីពិសាភោជនាហារផងដែរ។

ចំណែក ឯការមកថតមុនរៀបមង្គលការរបស់កូនកំលោះ-ក្រមុំ ដោយភ្ជាប់ជាមួយសំណង់ប្រាសាទអង្គរវត្តដ៏ល្បីល្បាញ គឺមានតាំងតែពីព្រឹកម៉ោង៧ រហូតដល់ម៉ោង៥ល្ងាចឯណោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា។រីឯអ្នកថតរូបទៀតសោត ក៏បានជ្រើសរើសទីតាំងពិសេសៗ និងកាលវេលាតាមការច្នៃប្រឌិត ធ្វើឱ្យរូបភាពកាន់តែមានសោភ័ណភាព និងស្រស់ស្អាត ដែលប្រៀបបានជាឋានសួគ៌លើដី...៕






