ស្ថាប័នជំនាញកម្ពុជា-រុស្ស៊ី ចាប់ដៃគ្នាពង្រឹងសមត្ថភាពប្រឆាំងការសម្អាតប្រាក់ និងស៊ើបអង្កេតហិរញ្ញវត្ថុ
អុន សម្ផស្ស
5 ម៉ោងមុន

សហព័ន្ធរុស្ស៊ី៖ គណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានចុះកិច្ចព្រមព្រៀងជាមួយការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី (PGO) ពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយនៅកម្រិតជាតិ និងអន្តរជាតិ ហូតដល់ឆ្នាំ២០២៨...។ 

ACU បានប្រកាសព័ត៌មានកាលពីថ្ងៃទី៧ ខែកញ្ញាថា ក្នុងដំណើរទៅចូលរួមក្នុងវេទិកាកម្រិតពិភពលោក រៀបចំឡើងដោយរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី (PGO) និង អង្គភាព ACU បានពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ។ ក្នុងជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំស្ថាប័នទាំងពីរ បានព្រមព្រៀងលើកម្មវិធីការងារសហប្រតិបត្តិការសម្រាប់រយៈពេល២ឆ្នាំ គឺឆ្នាំ២០២៧-២០២៨។ កម្មវិធីសហប្រតិបត្តិការនេះ រួមមាន៖ ការផ្លាស់ប្ដូរបទពិសោធលើការប្រឆាំងអំពើពុករលួយនៅកម្រិតជាតិ និងអន្តរជាតិ, ការសម្របសម្រួលជំហររបស់ស្ថាប័ននៅលើឆាកអន្តរជាតិ, ការពង្រឹងសមត្ថភាពប្រឆាំងការសម្អាតប្រាក់ និងការស៊ើបអង្កេតហិរញ្ញវត្ថុ, ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការងារប្រឆាំងអំពើពុករលួយ។

លើសពីនេះ ភាគីទាំងពីរ ក៏នឹងបន្តរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា និងរុស្ស៊ី ព្រមទាំងជំរុញការចូលរួមរបស់យុវជនក្នុងការប្រកួតប្រជែងជាអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើពុករលួយ» ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាង ACU និង PGO ត្រូវបានចាត់ទុកថា ជាយន្តការសំខាន់មួយក្នុងការរួមគ្នាបង្ការ និងកម្ចាត់អំពើពុករលួយ ពង្រឹងសុចរិតភាព តម្លាភាព ព្រមទាំងរួមចំណែកបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគដែលមានទំនុកចិត្ត សម្រាប់វិនិយោគិននៃប្រទេសទាំងពីរ។

សូមជម្រាបថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ សង្គម និងការងារប្រឆាំងអំពើពុករលួយ រវាងប្រទេសនានា លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានដឹកនាំគណៈប្រតិភូស្ថាប័ន ACU កម្ពុជា ចូលរួមក្នុងកម្មវិធីការងារជាច្រើននៅសហព័ន្ធរុស្ស៊ី។ ក្នុងវគ្គពិភាក្សាពិសេសក្រោមប្រធានបទ«ការពារសិទ្ធិ និងវិនិយោគធុរកិច្ច» លោក ឱម យិនទៀង បានលើកឡើងពីសារសំខាន់នៃការគោរពច្បាប់ ការប្រកួតប្រជែងដោយស្មើភាព និងការការពារផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន។ លោកបញ្ជាក់ថា កម្ពុជាបន្តប្តេជ្ញាបង្កើតបរិយាកាសវិនិយោគដែលមានទំនុកចិត្ត តម្លាភាព និងទំនួលខុសត្រូវ។ ជាមួយគ្នា លោកប្រធាន ACU ក៏បានកោតសរសើរចំពោះរដ្ឋាភិបាលរុស្ស៊ី ដែលបានរៀបចំវេទិកានេះ និងបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ដែលបានបន្តអស់រយៈពេលជាច្រើនទសវត្សរ៍ និងបានផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជាច្រើន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត