
ក្រុងស្វាយរៀង៖ ម្ចាស់តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី១ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង បានដាក់ពាក្យស្នើសុំទៅស្ថាប័នជំនាញ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២ បន្ទាប់ពីគម្រោងទី១ ទទួលបានជោគជ័យ…។

សំណើនេះ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ លោក ជា វុទ្ធី អគ្គលេខាធិការ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងតំណាងអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងផងដែរ។ តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដោយក្រុមអ្នកវិនិយោគមកពីកោះតៃវ៉ាន់ មានលោក ក្លេមិន យ៉ាង (Clement Yang) ជាអគ្គនាយក។ តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស បង្កើតការងារជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតជាមជ្ឈមណ្ឌលឧស្សាហកម្ម និងពាណិជ្ជកម្មបែបទំនើប។

បច្ចុប្បន្ន គម្រោងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី១ កំពុងដំណើរការដោយជោគជ័យ លើទំហំផ្ទៃដី៣១៥ហិកតា មានរោងចក្រ និងក្រុមហ៊ុនអន្តរជាតិជាច្រើនមកពីប្រទេសចិន ជប៉ុន និងបណ្តាប្រទេសផ្សេងទៀត ចូលមកបណ្តាក់ទុន និងសាងសង់រោងចក្រផលិតកម្ម នៅទីនោះ។ តំបន់សេដ្ឋកិច្ចពិសេសនេះ បានបង្កើតការងារជូនពលរដ្ឋប្រមាណជាង៣ម៉ឺននាក់៕




