
គុនខ្មែរ៖ ក្រោយផ្តួលកីឡាករបរទេសជាច្រើន ហើយបច្ចុប្បន្នហាក់ពិបាករកដៃគូប្រកួតនៅលើសង្វៀនក្នុងស្រុក ស្រាប់តែថ្មីៗនេះ ក៏មានការដេញដោលយ៉ាងក្ដៅគគុកក្នុងចំណោមអ្នកគាំទ្រគុនខ្មែរ ដោយចង់ឱ្យក្របីព្រៃ ពេជ្រ សម្បត្តិ ត្រូវបានដំឡើងទម្ងន់ទៅប្រកួតក្នុងប្រភេទទម្ងន់ ៦៣,៥ ដល់ ៦៥គីឡូក្រាម ជំនួសឱ្យប្រភេទទម្ងន់ ៦០គីឡូក្រាមនាពេលបច្ចុប្បន្ន។ យ៉ាងណា សន្លឹកអាត់កឺ ប្រចាំក្លិបរបស់លោកគ្រូ ពេជ្រ សុផាន់ រូបនេះ ធ្លាប់បានបញ្ជាក់ច្បាស់ៗហើយថា ការប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម គឺជាជម្រើសដែលរូបគេពេញចិត្តបំផុត ទោះបីជាត្រូវជួបការលំបាកខ្លាំងក្នុងការរក្សាគីឡូឱ្យនៅថេរក៏ដោយ…។

ទន្ទឹមនឹងនេះ គេមើលឃើញថា ការទាមទារឱ្យមានការដំឡើងទម្ងន់ប្រកួតរបស់ ពេជ្រ សម្បត្តិ នាពេលនេះ គឺជាសកម្មភាព «រុញឱ្យខ្លោច រោចឱ្យឆៅ»។ ដ្បិតសព្វថ្ងៃ ក្របីព្រៃ ពិតជាពិបាករកដៃគូអន្តរជាតិប្រកួតមែន ប៉ុន្តែបើរូបគេព្រមដំឡើងទម្ងន់តាមការចង់បានរបស់អ្នកគាំទ្រមួយចំនួន តើពិតជាសមស្របដែរឬទេ..? ឬគ្រាន់តែជាអារម្មណ៍មួយពេលរបស់អ្នកគាំទ្រមួយចំនួន នៅពេលឃើញនិមិត្តរូប (Idol) របស់ខ្លួនឈ្នះការប្រកួតយ៉ាងត្រចះត្រចង់? ចុះប្រសិនបើថ្ងៃមុខ ពេជ្រ សម្បត្តិ យល់ព្រមដំឡើងទៅប្រកួតក្នុងទម្ងន់ធំ ហើយបែរជាចាញ់ ឬធ្លាក់ទម្រង់ប្រកួត តើពេជ្រ សម្បត្តិ អាចនឹងរងការរិះគន់ធ្ងន់ៗ ដូចករណីកីឡាករ ឡៅ ចន្ទ្រា, ឈឿង ល្វៃ, ឬ ធន់ រិទ្ធី ដែរទេឬ? នៅពេលលើកយកកីឡាករជួរមុខទាំងនោះមកនិយាយ គេប្រាកដជានឹកឃើញដល់ការប្រកួតរបស់ពួកគេ កាលពីនៅទម្ងន់៧២គីឡូក្រាម ហើយនៅពេលឡើងដល់ ៧៤ ទៅ ៧៨គីឡូក្រាម លទ្ធផលគឺចាញ់ច្រើនជាងឈ្នះ រហូតរងនូវព្យុះនៃការរិះគន់យ៉ាងចាស់ដៃ។

ជាការពិតណាស់ សមិទ្ធផលរបស់កីឡាករ ពេជ្រ សម្បត្តិ ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ គឺពិតជាធំធេងណាស់សម្រាប់វិស័យគុនខ្មែរ រាប់ចាប់ពី ការសាងកំណត់ត្រាឈ្នះខ្សែក្រវាត់, ការឈ្នះពានរង្វាន់ 8 Men Tournament, ការការពារខ្សែក្រវាត់ រហូតដល់ការផ្តួលដៃគូឱ្យបោះបង់ការប្រកួតតាមស្នៀតបច្ចេកទេសដ៏លេចធ្លោ។ ប៉ុន្តែ សមិទ្ធផលទាំងអស់នេះ គួរតែត្រូវបន្តថែរក្សា និងពង្រឹងបន្ថែមលើប្រភេទទម្ងន់ចាស់ដដែល ប្រសើរជាងការប្រថុយប្រថានឡើងគីឡូ ព្រោះអ្វីដែលរូបគេត្រូវស្វែងរកនៅពេលនេះ គឺបទពិសោធន៍ប្រកួតនៅលើសង្វៀនអន្តរជាតិកម្រិតពិភពលោកឱ្យបានកាន់តែច្រើន។

គួររំឭកផងដែរថា តាមរយៈបទសម្ភាសន៍កាលពីអំឡុងឆ្នាំ២០២៤កន្លងទៅ ក្របីព្រៃ ពេជ្រ សម្បត្តិ ធ្លាប់បានទម្លាយប្រាប់ SBM News ថា រូបគេជួបការលំបាកខ្លាំងណាស់ក្នុងការសម្រកទម្ងន់មកត្រឹម ៦០គីឡូក្រាម ម្ដងៗ ដោយសារទម្ងន់ធម្មតារបស់គេគឺចន្លោះពី ៦៥ ទៅ ៦៧គីឡូក្រាមទៅហើយ។ ការសម្រកទម្ងន់នេះ ងាយស្រួលបន្តិចនៅរដូវក្ដៅ ប៉ុន្តែជួបការលំបាកខ្លាំងនៅរដូវវស្សាដោយសារអាកាសធាតុត្រជាក់។ ទោះជាយ៉ាងណា សិស្សឆ្នើមរបស់លោកគ្រូ ពេជ្រ សុផាន់ រូបនេះបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា គេពេញចិត្តនឹងការរៀបចំប្រកួតក្នុងទម្ងន់ ៦០គីឡូក្រាមនេះ ដើម្បីរក្សាទម្រង់វ៉ៃ និងប្រជាប្រិយភាពរបស់ខ្លួន។ ការរក្សាគោលជំហររឹងមាំនេះ ត្រូវបានស្តែងឱ្យឃើញយ៉ាងច្បាស់ថា សាម៉ីខ្លួន និងគ្រូបង្វឹក នឹងមិនយល់ព្រមដំឡើងប្រភេទទម្ងន់ដាច់ខាត ទោះបីជាមានការផ្ដល់ជូនតម្លៃខ្លួនខ្ពស់កប់ពពក ឬប្រាក់រង្វាន់លើកទឹកចិត្តក្នុងកម្រិតណាក៏ដោយ ព្រោះគុណភាព និងស្ថិរភាពអាជីព គឺជាអាទិភាពចម្បងជាងទំហំទឹកប្រាក់។

សរុបមក ការដំឡើងទម្ងន់ប្រកួតមិនមែនជាជម្រើសដ៏ល្អសម្រាប់ ពេជ្រ សម្បត្តិ នាពេលនេះឡើយ។ ផ្ទុយទៅវិញ ប្រសិនបើបន្តដាក់សម្ពាធទាមទារឱ្យគេឡើងទៅវ៉ៃក្នុងទម្ងន់ធំ វាអាចក្លាយជាបន្ទុកផ្លូវចិត្ត និងជាហានិភ័យបំផ្លាញអាជីពរបស់កីឡាកររូបនេះទៅវិញ។ អ្វីដែលអ្នកគាំទ្រគុនខ្មែរគួរធ្វើនៅពេលនេះ គឺការផ្ដល់កម្លាំងចិត្ត និងគាំទ្ររាល់ការសម្រេចចិត្តរបស់សាម៉ីខ្លួន និងគ្រូបង្វឹក ដើម្បីឱ្យក្របីព្រៃរូបនេះ បន្តពង្រឹងសមត្ថភាព និងតំណាងឱ្យគុនខ្មែរទៅផ្ទុះឈ្មោះនៅលើឆាកអន្តរជាតិយ៉ាងរឹងមាំ និងស្ថិតស្ថេរយូរអង្វែង៕




