ទីបំផុត ជម្លោះដ៏ក្ដៅគគុកដល់ទីបញ្ចប់! សហព័ន្ធបើកផ្លូវឱ្យកីឡាករឡើងសង្វៀនវិញ ប៉ុន្តែទោសប្រធានក្លឹបនៅរក្សាដដែល
Chanmarady Chuon
5 ម៉ោងមុន

គុនខ្មែរ៖ ភាពតានតឹង និងការយល់ច្រឡំរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងប្រធានក្លឹបប្រដាល់ បានឈានដល់ចំណុចសម្រុះសម្រួលគ្នាហើយ ក្រោយពីលោក មាស ម៉ើ ប្រធានក្លឹបមហិទ្ធិឫទ្ធិគុនខ្មែរល្វាឯម បានចូលខ្លួនដោះស្រាយកំហុស និងទទួលស្គាល់ការឆ្គាំឆ្គងរបស់ខ្លួនជាសាធារណៈ ចំពេលដែលលោក ខូវ ឆាយ ប្រធានសហព័ន្ធ បានបង្ហាញជំហរយោគយល់ដោយដកការពិន័យលើសិស្សគណ ដើម្បីឱ្យពួកគេអាចឡើងប្រកួតឡើងវិញ…។

ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចេញផ្សាយនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយជំនួបពិភាក្សា និងស្ដាប់សំណូមពរ លោក មាស ម៉ើ បានទទួលស្គាល់កំហុសជុំវិញការបង្ហោះសារជេរប្រមាថលើថ្នាក់ដឹកនាំ មន្ត្រីសហព័ន្ធ និងការរៀបចំការប្រកួតដោយគ្មានការអនុញ្ញាត។ លោកបានផ្តិតមេដៃលើកិច្ចសន្យា សន្យាធ្វើលិខិតសុំទោសជាសាធារណៈ និងប្តេជ្ញាមិនឱ្យកើតមានទង្វើបែបនេះទៀតឡើយ។ ជាមួយគ្នា សហព័ន្ធបានសម្រេចអនុញ្ញាតឱ្យកីឡាករ-កីឡាការិនីក្នុងក្លឹប អាចចូលរួមការប្រកួតឡើងវិញជាប្រក្រតី ដើម្បីការពារប្រយោជន៍ និងឆ្នាំងបាយរបស់កីឡាករ។ ទោះជាយ៉ាងណា ចំពោះទណ្ឌកម្មពិន័យលើរូបលោក មាស ម៉ើ គឺសហព័ន្ធនៅតែរក្សាទុកដដែល រហូតដល់មានការជូនដំណឹងជាថ្មី។

ទោះបីជាសេចក្ដីប្រកាសផ្លូវការបញ្ជាក់ថា ទោសពិន័យបុគ្គលនៅរក្សាដដែលក្ដី លោក មាស ម៉ើ បានបង្ហើបឱ្យដឹងថា រូបលោកអាចនឹងទទួលបានការបន្ធូបន្ថយទោសមកត្រឹម ១សប្តាហ៍ប៉ុណ្ណោះ។ លោកបានបន្ថែមថា ព្រឹត្តិការណ៍ «ប្រដាល់អារាមគុនខ្មែរ» នឹងត្រូវបើកដំណើរការឡើងវិញចាប់ពីសប្តាហ៍ក្រោយ ដោយមានទាំងប្រភេទកីឡាគុនខ្មែរ និងឃីកបុកស៊ីង (Kickboxing)។ កាន់តែពិសេសជាងនេះទៅទៀត ក្រោយជំនួបសម្រុះសម្រួល លោក ខូវ ឆាយ ប្រធានសហព័ន្ធ ក៏បានសម្ដែងការគាំទ្រដល់ការរៀបចំប្រកួតនេះ ដោយសម្រេចចូលរួមឧបត្ថម្ភថវិកា ដើម្បីបង្កើតការប្រកួតដណ្តើមប្រាក់លាន និងការប្រកួតវិលជុំដណ្តើមខ្សែក្រវាត់ផងដែរ ដែលធ្វើឱ្យលោក មាស ម៉ើ បានសម្ដែងក្ដីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ខ្ពង់ខ្ពស់របស់ប្រធានសហព័ន្ធ។

ជាមួយគ្នានេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានរំលឹកដល់ម្ចាស់ក្លឹប សមាគម និងអ្នករៀបចំកម្មវិធីទាំងអស់ទូទាំងប្រទេសថា រាល់ការរៀបចំការប្រកួតគុនខ្មែរ និងការបញ្ជូនកីឡាករឡើងសង្វៀន ដាច់ខាតត្រូវតែមានការចុះបញ្ជី និងសុំការអនុញ្ញាតផ្លូវការពីសហព័ន្ធជាមុនសិន ដើម្បីធានានូវបទដ្ឋានបច្ចេកទេស និងកិត្យានុភាពនៃកីឡាជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត