អព្ភូតហេតុស្ទើរមិនគួរឱ្យជឿ! បុរស២នាក់ ជាប់ក្នុងរូងភ្នំ៩ថ្ងៃដោយគ្មានអាហារ តើពួកគេមានជីវិតបានដោយរបៀបណា..?
ហៀប ស៊ីថេត
5 ម៉ោងមុន

រដ្ឋធានីកដ្ឋមណ្ឌូ៖ នៅក្នុងភាពងងឹតសូន្យឈឹង ប្រឈមមុខនឹងភាពត្រជាក់ស្រេកឃ្លានក្រោមផ្ទាំងដីភក់ល្បាប់ លោក កាបៀរ មហាចន្ទ (Kabir Maharjan) ដឹងខ្លួនឡើងវិញក្នុងស្ថានភាពវង្វេងវង្វាន់ បន្ទាប់ពីបានដេកត្រាំក្នុងទឹកភក់យ៉ាងវេទនា អស់រយៈពេល៩ថ្ងៃពេញ។ លោក និងមិត្តរួមការងារម្នាក់ទៀត គឺ លោក សានចៃ សាហ៍ (Sanjay Sah) ត្រូវបានជាប់គាំងក្នុងរូងភ្នំក្រោមដីនៃរោងចក្រវារីអគ្គិសនី Trishuli-3A បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ និងការបាក់ដីដ៏អាក្រក់បំផុតមួយ កើតឡើងនៅប្រទេសនេប៉ាល់ កាលពីសប្តាហ៍មុន...។

ព្រឹត្តិការណ៍ដ៏រន្ធត់នេះ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី២៦ ខែសីហា នៅពេលដែលផ្ទាំងទឹកកកនៅលើភ្នំឡាំងតាំង លីរុង (Langtang Lirung) បានបាក់ស្រុតចុះយ៉ាងគំហុក បង្កើតជាទឹករលកយក្ស និងភក់ល្បាប់ទឹកកក លាយឡំដោយកម្ទេចថ្ម បានហូរបោលសំដៅចុះពីលើជ្រលងភ្នំទ្រីស៊ូលី (Trishuli) យ៉ាងកំរោល។ គ្រោះធម្មជាតិដ៏មហាប្រល័យមួយនេះ បានសម្លាប់មនុស្សអស់ជាង១៣០០នាក់ និងបានបំផ្លាញរោងចក្រវារីអគ្គិសនី១២កន្លែង ដែលមានកម្មករជិត៩០០នាក់ កំពុងធ្វើការនៅខាងក្នុងនោះ។ ជារឿងអព្ភូតហេតុមួយដែលគ្រប់គ្នាសឹងតែមិនជឿ លោក មហាចន្ទ ជាកម្មករវារីអគ្គិសនីម្នាក់ក្នុងចំណោមកម្មកររាប់រយនាក់ផ្សេងទៀត ដែលបានបាត់ខ្លួន និងលោក សានចៃ ដែលជាមេការមេកានិច នៅរស់រានមានជីវិត បន្ទាប់ពីរស់ទាំងត្រដរក្នុងរូងភ្នំក្រោមទឹកជំនន់ នៅប្រទេសនេប៉ាល់រយៈពេល៩ថ្ងៃ។

គេនៅចាំបានថា នៅវេលាម៉ោង៧:៣០ព្រឹកនាថ្ងៃកើតហេតុ លោក មហាចន្ទ បានទូរសព្ទទៅភរិយារបស់លោក មុនចូលធ្វើការនៅគម្រោងវារីអគ្គិសនី Upper Trishuli 3A។ លោកបានប្រាប់ភរិយាថា៖«បងត្រូវចូលទៅក្នុងរូងក្រោមដីហើយ។ នៅខាងក្នុងនឹង គ្មានសេវាទូរសព្ទទេ!»។ ប្រហែល៦០នាទីក្រោយមក ផ្ទាំងទឹកកកបានបាក់ស្រុតនៅភ្នំឡាំងតាំងលីរុង ដែលបានបោកផ្ទប់ កម្ទេចភូមិឋាន និងបំផ្លាញបណ្តាញគម្រោងវារីអគ្គិសនីចំនួន១២ទីតាំង និងមានកម្មករជិត៩០នាក់នៅខាងក្នុង។ចំណែក លោក សានចៃ សាហ៍ ធ្វើការនៅក្នុងបន្ទប់បញ្ជានៃរោងចក្រថាមពល បានប្រញាប់ប្រញាល់រត់ពីជាន់មួយទៅជាន់មួយ ដើម្បីព្រមានសហការីម្នាក់ៗដោយផ្ទាល់។ កម្មករ បានព្យាយាមរត់គេចចេញពីទឹកជំនន់ ប៉ុន្តែរត់មិនទាន់ល្បឿនទឹកឡើយ។

លោក សាហ៍ បានរៀបរាប់ថា លោកបានសូត្រធម៌ព្រហ្មញ្ញសាសនា ដើម្បីរក្សាភាពក្លាហាន ខណៈភរិយារបស់លោក មហាចន្ទ បាននិយាយទាំងអួលដើម-ក ថា៖«គាត់បានផឹកទឹកភក់ ដែលគាត់បានគេងត្រាំទឹកនោះ ដើម្បីបន្តជីវិត»។​ ការរស់រានមានជីវិតរបស់បុរសទាំងពីរ២នាក់នេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែអ្នកទាំង២ បានរត់គេចខ្លួនទៅកាន់រូងភ្នំ ផ្លូវខ្សែកាបក្រោមដី ជាផ្លូវចំណោទទៅលើ និងនៅឆ្ងាយពីចរន្តទឹកជំនន់ផ្ទាល់។ ទីតាំងនោះ បានបង្កើតជាពពុះខ្យល់ ជួយឱ្យពួកគេមានខ្យល់ដកដង្ហើម។ ហើយដើម្បីរក្សាស្មារតី លោក សានចៃ សាហ៍ បានសូត្រធម៌បួងសួងតាមជំនឿសាសនាហិណ្ឌូ ខណៈលោក មហាចន្ទ ត្រូវបង្ខំចិត្តផឹកទឹកភក់ ដែលលោកកំពុងដេកត្រាំ ដើម្បីទប់នឹងកម្ដៅ និងការស្រេកឃ្លាន។

ក្រោយមក ក្រុមសង្គ្រោះដឹកនាំដោយវិស្វករ និងកងទ័ពនេប៉ាល់ បានជម្នះឧបសគ្គជាច្រើន រួមមាន៖ ការខួងរន្ធដើម្បីកំណត់ទីតាំង ការប្រើប្រាស់បច្ចេកទេសបាញ់ទឹក ដើម្បីជម្រះដីភក់ និងការប្រណាំប្រជែងបញ្ហាជាច្រើន។ នៅព្រឹកព្រលឹមថ្ងៃទី១០ នៃប្រតិបត្តិការជួយសង្គ្រោះ ក្រុមសង្គ្រោះ បានឮសំឡេងឆ្លើយតិចៗថា «Hunu huncha ដែលមានន័យជាខេមរភាសាថា៖ពួកយើងនៅទីនេះ!» ចេញពីប្រហោងតូចមួយ ដែលពួកគេខួងទម្លុះបាន។ លុះដល់វេលាម៉ោង៧ព្រឹកថ្ងៃទី៤ ខែកញ្ញា អ្នកទាំង២ត្រូវបានជួយសង្គ្រោះ និងសែងចេញពីរូងភ្នំ។ បច្ចុប្បន្ន លោក មហាចន្ទ កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យកងទ័ព ក្នុងរដ្ឋធានីកដ្ឋមណ្ឌូ ប៉ុន្តែលោកនៅតែមានអការវង្វេងវង្វាន់ និងមិនទាន់ស្គាល់ភរិយារបស់លោកច្បាស់នៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយ អព្ភូតហេតុនៃការរស់រានមានជីវិតរបស់អ្នកទាំង២ បានក្លាយជាពន្លឺនៃក្ដីសង្ឃឹមដ៏ធំធេងសម្រាប់ក្រុមជួយសង្គ្រោះ ក្នុងការបន្តស្វែងរកកម្មករជាច្រើននាក់ផ្សេងទៀត ដែលកំពុងបាត់ខ្លួននៅក្នុងប្រព័ន្ធរូងភ្នំនានា ជុំវិញតំបន់នោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត