មហាវិនាសកម្មទឹកជំនន់នៅនេប៉ាល់ បំផ្លាញទ្រព្យសម្បត្តិអស់ជាង ២,៥ពាន់លានដុល្លារ
ហៀប ស៊ីថេត
18 ម៉ោងមុន

រដ្ឋធានីកដ្ឋមណ្ឌូ៖ គ្រោះមហន្តរាយទឹកជំនន់ដ៏រន្ធត់ ដែលបានវាយប្រហារយ៉ាងសន្ធាប់លើប្រទេសនេប៉ាល់ កាលពីសប្តាហ៍មុន បានសម្លាប់ជីវិតមនុស្សយ៉ាងច្រើន និងបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន គិតជាទឹកប្រាក់អស់យ៉ាងហោចណាស់ ៣៨៧,៥ពាន់លានរូពីនេប៉ាល់ ឬស្មើប្រមាណ ២,៥៦ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃសុក្រទី៤ ខែកញ្ញានេះ។

លោក ដារម៉ា រ៉ាច ឧបប្រេទី (Dharma Raj Upreti) ប្រធានអាជ្ញាធរគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាតិ បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលស្តារឡើងវិញបន្ទាន់រយៈពេល៤ខែដំបូង ប្រទេសនេប៉ាល់ត្រូវចំណាយថវិកាប្រមាណ ៥២,៦លានដុល្លារអាម៉េរិក ដើម្បីកសាងផ្លូវថ្នល់ ជម្រកបណ្តោះអាសន្ន ផ្គត់ផ្គង់ទឹកស្អាត និងស្តារបណ្តាញអគ្គិសនីដែលត្រូវបំផ្លាញឡើងវិញ។ លោក ឧបប្រេទី បានបន្ថែមថា ៖«នេះគ្រាន់តែជាតួលេខប៉ាន់ស្មានបឋម ដែលយើងបានគណនាសហការជាមួយស្ថាប័ន និងក្រសួងពាក់ព័ន្ធប៉ុណ្ណោះ។ ការវាយតម្លៃលម្អិតជុំវិញទំហំការខូចខាតទាំងស្រុងនឹងត្រូវធ្វើឡើងនាពេលឆាប់ៗនេះ»។ មន្រ្តីជាន់ខ្ពស់នេប៉ាល់រូបនេះ បានបន្តអះអាងថា នេប៉ាល់ចាំបាច់ត្រូវសាងសង់ផ្ទះសម្បែងឡើងវិញប្រមាណ ២ម៉ឺនខ្នង នៅក្នុងតំបន់រងការបំផ្លិចបំផ្លាញ ដោយក្នុងនោះផ្ទះយ៉ាងហោចណាស់ ៧៥០០ខ្នង ត្រូវបានទឹកជំនន់កម្ទេចខ្ទេចខ្ទីគ្មានសល់។

លោក ដារម៉ា រ៉ាច ឧបប្រេទី
លោក ដារម៉ា រ៉ាច ឧបប្រេទី

ដើមហេតុនៃសោកនាដកម្មនេះ កើតឡើងពីការបាក់ស្រុតផ្ទាំងទឹកកក និងជញ្ជាំងភ្នំដ៏ធំ បង្កជាមហាវិនាសកម្មទឹកជំនន់លាយឡំដោយទឹកកក ថ្ម និងភក់ល្បាប់់ ហូរសម្រុកបោកបក់យ៉ាងសាហាវតាមដងទន្លេទ្រីស៊ូលី (Trishuli) ក្នុងតំបន់ព្រំដែនជាប់ប្រទេសចិន កាលពីថ្ងៃទី២៦ ខែសីហា។ មហន្តរាយធម្មជាតិនេះ បានកម្ទេចទីប្រជុំជន និងភូមិឋានប្រជាជននេប៉ាលឱ្យក្លាយជាវាលរហោរស្ថាន និងបានសម្លាប់រង្គាលជីវិតមនុស្សអស់ជាង ១២៥០នាក់ ខណៈមនុស្សជាង ៤២០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួនគ្មានតម្រុយ និងមនុស្សរាប់ពាន់គ្រួសារត្រូវបាត់បង់ជម្រក រស់នៅយ៉ាងលំបាកវេទនា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត