
រដ្ឋធានីកដ្ឋមណ្ឌូ៖ ក្រសួងការបរទេសនេប៉ាល់ បានប្រកាសនៅថ្ងៃសុក្រទី២៨ ខែសីហានេះថា នេប៉ាល់ មិនត្រូវការជំនួយពីប្រទេសផ្សេងទៀត ក្នុងការស្វែងរក និងសង្គ្រោះជនរងគ្រោះនោះទេ បន្ទាប់ពីគ្រោះទឹកជំនន់យ៉ាងសន្ធាប់ ដោយបានសម្លាប់មនុសុ្សរាប់រយនាក់ និងរាប់ពាន់នាក់ទៀតកំពុងបាត់ដំណឹងសូន្យឈឹង គ្មានសង្ឃឹមរស់ ខណៈផ្ទះសម្បែង ស្ពាន ហេដ្ឋារចនាម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ដោយមហន្តរាយដ៏កំណាចនេះ...។

លោក ឡុក បាហាឌួរ ឆេទ្រី (Lok Bahadur Chhetri) អ្នកនាំពាក្យក្រសួងការបរទេសនេប៉ាល់ បានថ្លែងនៅថ្ងៃសុក្រនេះថា៖«ការផ្ដល់ជំនួយ គឺជារឿងធម្មតា! ភ្នាក់ងារសន្តិសុខរបស់យើង កំពុងធ្វើប្រតិបត្តិការស្វែងរក និងសង្គ្រោះ។ សម្រាប់ពេលនេះ យើងមិនទាន់ត្រូវការជំនួយបែបនេះ នៅឡើយទេ»។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Kathmandu Post មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា រដ្ឋាភិបាលនេប៉ាល់ ទទួលបានការស្នើសុំទាំងផ្លូវការ និងមិនផ្លូវការ ពីបណ្តាប្រទេស និងអង្គការនានា ក្នុងការផ្ដល់ជំនួយ ដើម្បីដាក់ពង្រាយក្រុមស្វែងរក និងក្រុមសង្គ្រោះរបស់ពួកគេ។ យ៉ាងណា រដ្ឋាភិបាលនេប៉ាល់ បានឆ្លើយតបវិញថា កងកម្លាំងសន្តិសុខនេប៉ាល់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរ៉ាប់រងលើប្រតិបត្តិការមួយនេះ។ ក្នុងចំណោមភាគីដែលបានស្នើសុំបញ្ជូនក្រុមសង្គ្រោះ មានមន្ត្រីមកពីប្រទេសឥណ្ឌា ចិន សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ស្រីលង្កា និងបង់ក្លាដែស។

ប្រភពដដែលបញ្ជាក់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាល គឺផ្អែកលើបទពិសោធកាលពីគ្រោះរញ្ជួយដីឆ្នាំ២០១៥ ដែលកាលនោះ ការហូរចូលនៃក្រុមសង្គ្រោះបរទេសយ៉ាងគំហុក បានបង្កឱ្យមានបញ្ហាប្រឈមយ៉ាងខ្លាំង លើការសម្របសម្រួល និងការគ្រប់គ្រង។ ទន្ទឹមនោះ ក្រសួងការបរទេសនេប៉ាល់ បានបង្កើតក្រុមឆ្លើយតបបន្ទាន់ ដើម្បីជួយដល់ជនបរទេស ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលបានកើតឡើងនៅក្នុងស្រុករ៉ាស៊ូវ៉ា (Rasuwa)។ សេចក្តីថ្លែងការណ៍លើគេហទំព័ររបស់ក្រសួងការបរទេសនេប៉ាល់បានបញ្ជាក់ថា៖«ក្រុមក្រុមឆ្លើយតបបន្ទាន់ នឹងដើរតួជាក្បាលម៉ាស៊ីនសម្របសម្រួលកណ្តាល ដើម្បីសម្រួលដល់ការស្វែងរកការសង្គ្រោះ ការផ្ទៀងផ្ទាត់ព័ត៌មាន និងការផ្ដល់ជំនួយផ្នែកកុងស៊ុល ដល់ពលរដ្ឋបរទេសដែលរងផលប៉ះពាល់ បាត់ខ្លួន ឬមានការពាក់ព័ន្ធនឹងហេតុការណ៍ទឹកជំនន់នេះ»។

សូមជម្រាបថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេប៉ាល់ បានកើនឡើងដល់៤៦៩នាក់ គិតត្រឹមថ្ងៃសុក្រនេះ ដោយមានមនុស្សជិត១០០០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន នៅនេប៉ាល់ និងតំបន់ស្វ័យតទីបេ បន្ទាប់ពីការបាក់ផ្ទាំងទឹកកកដ៏ធំមហិមារ ដែលបានបង្កជាទឹកជំនន់ភក់ល្បាប់ ថ្ម និងកម្ទេចកម្ទីយ៉ាងសន្ធឹកសន្ធាប់ ហូរឆ្លងកាត់ប្រព័ន្ធទន្លេជួរភ្នំហិម៉ាឡៃ។ ទឹកជំនន់ បានវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតលើភូមិដ្ឋាន និងជ្រលងភ្នំជាច្រើន ដោយបានបំផ្លាញរោងចក្រអគ្គិសនី ផ្លូវថ្នល់ និងស្ពាន។ ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះ មានជនបរទេសយ៉ាងតិច៥៤០នាក់៕




