គ្រោះបាក់ផ្ទាំងទឹកកកបាក់នៅព្រំដែននេប៉ាល់-ទីបេត៍៖ អ្នកបាត់ខ្លួនកើនឡើងរាប់​ពាន់នាក់ ខណៈសពហូរដល់ឥណ្ឌា
N
Nary Vann
2 ម៉ោងមុន

រដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu)៖ ប្រតិបត្តិការស្វែងរក និងសង្គ្រោះបន្ទាន់ដ៏ធំធេង កំពុងតែដំណើរការប្រជែងនឹងពេលវេលានៅតាមបណ្តោយជួរភ្នំហិមាល័យ ខណៈនេប៉ាល់ និងចិនប្រឈមមុខនឹងសោកនាដកម្ម នៃគ្រោះធម្មជាតិដ៏រន្ធត់មួយ បន្ទាប់ពីផ្ទាំងទឹកកកបានបោកបក់កម្ទេចភូមិឋាន រោងចក្រវារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ បើគិតត្រឹមថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ តួលេខអ្នកបាត់ខ្លួន បានកើនឡើងយ៉ាងគំហុក ជិត៣ពាន់នាក់ ខណៈសាកសពចំនួន៦៣៣ បានត្រូវ​រកឃើញ ហើយសាកសពមួយចំនួន បានត្រូ​វគេប្រទះឃើញហូរធ្លាក់ចុះតាមទន្លេ រហូតដល់ប្រទេសឥណ្ឌា។

អង្គការកាកបាទក្រហម បានព្រមានថា គ្រោះមហន្តរាយដ៏អាក្រក់នេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋ រហូតដល់ ៩ម៉ឺន៣ពាន់នាក់។ នៅខាងភាគីនេប៉ាល់ អាជ្ញាធរបានបញ្ជាក់ពីចំនួនអ្នកស្លាប់ ៦២៦នាក់ និង​ ២៤២៦នាក់ផ្សេងទៀត កំពុងតែបាត់បង់ការទាក់ទង រួមទាំងកម្មករវារីអគ្គិសនីចំនួន៩៣៣នាក់ និងក្រុមអ្នកធ្វើសាសនកិច្ច ព្រមទាំងអ្នកឡើងភ្នំបរទេសជាច្រើននាក់។ ចំណែកនៅឯតំបន់ទីបេត៍ (ចិន) អាជ្ញាធរបានរាយការណ៍ពីអ្នកស្លាប់៧នាក់ និងបាត់ខ្លួន៥៥៤នាក់។ ជាមួយគ្នានេះ អាជ្ញាធរឥណ្ឌា ក៏បានប្រមូលសាកសព៧នាក់ ចេញពីទន្លេ ដែលហូរមកពីប្រទេសនេប៉ាល់​។

ទន្ទឹមគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសនេប៉ាល់ លោក ស៊ីស៊ែរ ខាណាល់ (Shisir Khanal) បានបញ្ជាក់ថា ការចំណាយលើការស្តារឡើងវិញ អាចនឹងប្រើប្រាស់​អស់ថវិការាប់ពាន់លានដុល្លារអាម៉េរិក ហើយលោកបានអំពាវនាវស្នើសុំជំនួយបច្ចេកវិទ្យាសំខាន់​​ៗជាបន្ទាន់ ដូចជា ដ្រូនស្វែងរក និងឧបករណ៍ធ្វើកោសល្យវិច័យសាកសព ខណៈ​ភាគីចិន និងនេប៉ាល់ កំពុងតែសហការគ្នាចែករំលែកទិន្នន័យ ដើម្បីតាមដានហានិភ័យ ពីគ្រោះទឹកជំនន់បន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត