
រដ្ឋធានីសិង្ហបុរី៖ សហស្ថាបនិកបណ្ដាញសង្គមហ្វេសប៊ុក លោក អេឌូអាដូ សាវេរីន (Eduardo Saverin) និងសហស្ថាបនិក៣នាក់ផ្សេងទៀតរបស់ក្រុមហ៊ុន Sea Limited ដែលជាក្រុមហ៊ុនអ៊ិនធើរណេតដ៏ធំបំផុតរបស់អាស៊ាន និងជាក្រុមហ៊ុនបិតា Shopee បានខាតបង់លុយសរុបជិត១៦ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១ឆ្នាំកន្លងទៅ។ នេះបើតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃចន្ទទី៧ ខែកញ្ញា...។

លោក អេឌូអាដូ សាវេរីន នៅតែរក្សាបានតំណែង ជាបុគ្គលមានទ្រព្យសម្បត្តិស្តុកស្ដម្ភបំផុត នៅប្រទេសសិង្ហបុរី សម្រាប់រយៈពេល៤ឆ្នាំជាប់ៗគ្នា ប៉ុន្តែទ្រព្យសម្បត្តិរបស់លោក បានថយចុះចំនួន១០,១ពាន់លានដុល្លារអាម៉េរិក ដោយមកនៅត្រឹម៣២,៩ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមបញ្ជីឈ្មោះបុគ្គលមានបំផុត ទាំង៥០រូបនៅសិង្ហបុរី ប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្ដី Forbes ដែលបានចេញផ្សាយ កាលពីសប្តាហ៍មុន។ ស្របគ្នានេះដែរ សហស្ថាបនិកចំនួន៣រូបផ្សេងទៀតរបស់ក្រុមហ៊ុន Sea រួមមាន៖ លោក ហ្វ័ររេស្ដ លី (Forrest Li), លោក ហ្កាង យេ (Gang Ye) និងលោក ដេវីដ ចេន (David Chen) បានខាតបង់ទ្រព្យសម្បត្តិសរុប៥,៨៥ពាន់លានដុល្លារអាម៉េរិក ធ្វើឱ្យការខាតបង់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវិស័យបច្ចេកវិទ្យាទាំងបួនរូបនេះ មានទឹកប្រាក់សរុបចំនួន១៥,៩៥ពាន់លានដុល្លារអាម៉េរិក។

ទ្រព្យសម្បត្តិរបស់លោក លី ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Sea បានថយចុះពី១១,២ពាន់លានដុល្លារអាម៉េរិក មកនៅត្រឹម៧,៧ពាន់លានដុល្លារអាម៉េរិក ធ្វើឱ្យចំណាត់ថ្នាក់របស់លោក ធ្លាក់ចេញពីលេខរៀងទី៦ មកនៅលេខរៀងទី១០ នៅក្នុងបញ្ជីអ្នកមានបំផុតនៅប្រទេសសិង្ហបុរី។ លោក យេ នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ (COO) បានធ្លាក់ចុះមួយចំណាត់ថ្នាក់ មកនៅលេខរៀងទី១៤ ខណៈទ្រព្យសម្បត្តិរបស់លោក បានថយចុះពី៦ពាន់លានដុល្លារអាម៉េរិក មកនៅត្រឹម៤,៣ពាន់លានដុល្លារអាម៉េរិក។ ចំណែកលោក ឈិន ជានាយកប្រតិបត្តិផ្នែកផលិតផលរបស់ក្រុមហ៊ុន Shopee (ផ្នែកពាណិជ្ជកម្មអេឡិកត្រូនិករបស់ Sea) បានធ្លាក់ពីចំណាត់ថ្នាក់លេខរឿងទី២៨ មកនៅលេខរៀងទី៤៤ ដោយទ្រព្យសម្បត្តិរបស់លោក បានធ្លាក់ចុះពី២ពាន់លានដុល្លារអាម៉េរិក មកនៅត្រឹម១,៣៥ពាន់លានដុល្លារអាម៉េរិកវិញ។

ការបាត់បង់ទ្រព្យសម្បត្តិទាំងនេះ គឺជាការផ្លាស់ប្ដូរយ៉ាងខ្លាំង ផ្ទុយពីស្ថានភាព កាលពីមួយឆ្នាំមុន ខណៈមហាសេដ្ឋីវិស័យបច្ចេកវិទ្យាផ្សេងៗទៀតរបស់សិង្ហបុរី ទទួលបានកំណើនទ្រព្យសម្បត្តិយ៉ាងច្រើន។ លោក អេឌូអាដូ សាវេរីន ជាអ្នកមានកំណើនទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ច្រើនជាងគេ នៅក្នុងបញ្ជីអ្នកមានបំផុតនៅសិង្ហបុរី សម្រាប់ឆ្នាំ២០២៥ របស់ទស្សនាវដ្តី Forbes ដោយទ្រព្យសម្បត្តិរបស់លោក បានកើនឡើង១៤ពាន់លានដុល្លារអាម៉េរិក ធ្វើឱ្យទ្រព្យសម្បត្តិសរុប កើនដល់៤៣ពាន់លានដុល្លារអាម៉េរិក បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms (ក្រុមហ៊ុនមេរបស់ Facebook) កើនឡើង។ ដោយឡែក សហស្ថាបនិកទាំងបីរូបរបស់ក្រុមហ៊ុន Sea ក៏បានឃើញទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងផងដែរ នៅឆ្នាំដដែលនោះ ដោយលោក លី មានទ្រព្យសម្បត្តិ១១,២ពាន់លានដុល្លារអាម៉េរិក, លោក យេ មានទ្រព្យសម្បត្ដិចំនួន៦ពាន់លានដុល្លារអាម៉េរិក និងលោក ឈិន មានទ្រព្យសម្បត្ដិចំនួន២ពាន់លានដុល្លារអាម៉េរិក៕




