ក្រុមហ៊ុនចំនួន៣​ ទទួលបានសិទ្ធិវិនិយោគបង្កើតរោងចក្រថ្មី ក្នុងតម្លៃជាង១៤លានដុល្លារ
P
Pisey Sem
21 តុលា 2022 01:00 PM

(រាជធានីភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១៤,១លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រចំនួន៣ កន្លែង ដែលក្រុមហ៊ុនចំនួន៣ នឹងទទួលបានសិទ្ធិវិនិយោគគម្រោងនេះ។

បើតាមសេចក្តីប្រកាស នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៣ ដូចខាងក្រោម៖ ១-ក្រុមហ៊ុន “CHENG ZHEN YONG INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក។ ២-ក្រុមហ៊ុន “XIN JIN HUA GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន “SUCCESS METAL TECHNOLOGY CO., LTD.” ដែលជាគម្រោងរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក មេធៀរៀល, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងថា គម្រោងវិនិយោគដែលមានទុនសរុប ១៤.១លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅលើទឹកដីខេត្តទាំង២នោះ អាចបង្កើតការងារជូនពលរដ្ឋកម្ពុជារហូត ២ ៥១៤កន្លែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត