តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាត់ប្រាក់ចំណេញជិត១០០ភាគរយនៅត្រីមាសទី១ឆ្នាំនេះ ហេតុអ្វី?
វុធ ច័ន្ទតារា
15 ឧសភា 2024 03:30 AM

រាជធានីភ្នំពេញ៖ ប្រាក់ចំណេញសុទ្ធរបស់ Royal Phnom Penh SEZ Plc ដែលជាក្រុមហ៊ុនមេគ្រប់គ្រងលើតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ហៅកាត់ថា PPSEZ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ បានធ្លាក់ចុះ៩៧,២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីប្រាក់ចំណូលរបស់ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅលើវេបសាយ ផ្សារមូលបត្រកម្ពុជា (CSX)។

ក្នុងនោះក្រុមហ៊ុនរកចំណូលបានតែជាង៦៤២លានរៀល ឬស្មើនឹង១៦ម៉ឺនដុល្លារប៉ុណ្ណោះ​នៅ៣ខែដំបូងឆ្នាំនេះ ធៀបនឹងឆ្នាំមុនដែលរកបានដល់ទៅជាង២៣ពាន់លានរៀល ឬស្មើនឹងប្រមាណ៥,៧លានដុល្លារ។ សេចក្តីប្រកាសដដែលឱ្យដឹងថា សូម្បីតែប្រាប់ចំណូលរបស់ក្រុមហ៊ុនខាងលើក៏ធ្លាក់ចុះសម្បើមដែរ ពោលគឺបានដាក់ក្បាលចុះដល់ទៅ៨៦,៦ភាគរយ​ ដែលធ្លាប់តែរកចំណូលបានជាង១២២ពាន់លានរៀល ឬស្មើនឹងជាង៣០លានដុល្លារអាម៉េរិកកាលពី៣ខែដំបូងឆ្នាំមុន ធ្លាក់មកនៅសល់ចំណូល១៦ពាន់លានរៀល ឬស្មើនឹង៤,១លានដុល្លារអាម៉េរិក នៅត្រីមាសទី១ឆ្នាំ២០២៤នេះ។ ការដាំក្បាលចុះទាំងប្រាក់ចំណូល និងប្រាក់ចំណេញរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានគេអះអាងថា ដោយសារតែការលក់អចលនទ្រព្យជាដីធ្លីនៅក្នុងតំបន់នោះ ធ្លាក់ចុះ។ ជាក់ស្តែង ការលក់ដីនៅ PPSEZ រកបានតែជិត៧០ម៉ឺនដុល្លារប៉ុណ្ណោះ ធៀបនឹង២៨លានដុល្លារ ដែលរកបានកាលពីមួយឆ្នាំមុន។

ក្រុមហ៊ុនបានបញ្ជាក់ក្នុងសេចក្តីប្រកាសនោះថា៖«ការ​លក់​សម្រាប់​ត្រីមាស​នេះ​(ត្រីមាសទី១) បើ​ធៀប​នឹង​ឆ្នាំ​មុន​មាន​កម្រិត​ទាប ​ដែល​នាំ​ឱ្យ​មាន​ប្រាក់​ចំណេញ​ប្រតិបត្តិការ និង​ប្រាក់​ចំណេញ​សុទ្ធ​ទាបដូចគ្នា»។​ គួរជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានបង្កើត អភិវឌ្ឍ និងប្រតិបត្តិការសកម្មភាពសេដ្ឋកិច្ច មានទីតាំងនៅរាជធានីភ្នំពេញ និងចូលរួមក្នុងសកម្មភាពពាណិជ្ជកម្មដែលពាក់ព័ន្ធផ្សេងទៀត។ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានផ្ទៃដីប្រមាណ៣៥៧ហិកតា បាននាំយកជាមួយក្រុមហ៊ុនផលិត និងសេវាកម្មច្រើនជាង៩៥មកពី១២ប្រទេស ព្រមទាំងមានក្រុមហ៊ុនអន្តរជាតិជាង៨០មកពី១៥ប្រទេសផ្សេងៗគ្នា បានវិនិយោគនៅក្នុងតំបន់នេះ។ បច្ចុប្បន្នវាជាតំបន់ឧស្សាហកម្មចម្រុះនាំមុខគេនៅរាជធានីភ្នំពេញ មានសហគ្រាសកម្មន្តសាលចំនួន៨៥ និងសហគ្រាសមិនមែនកម្មន្តសាលចំនួន២៩ កំពុងប្រើប្រាស់បុគ្គលិក-កម្មករជាង៤៣០០០នាក់

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផល និងការនាំចេញនៃតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងយ៉ាងខ្លាំង។ ជាក់ស្តែង ទោះបីប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនធ្លាក់ចុះ ប៉ុន្តែតម្លៃនៃការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ បានកើនឡើងខ្លាំងគួរឱ្យគត់សម្គាល់រយៈពេល៨ឆ្នាំចុងក្រោយនេះ ពោលគឺពីតម្លៃ ៣១៦លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៦ ដល់៦៨៣លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២១។ សម្រាប់នៅឆ្នាំ២០២៣ តម្លៃនាំចេញបានកើនដល់កម្រិតខ្ពស់ នៅក្នុងប្រវត្តិសាស្ត្រនៃការកកើតតំបន់សេដ្ឋកិច្ចនេះជាមួយនឹងតួលេខ១៦២១លានដុល្លារ ដែលមានកំណើន២០ភាគរយបើធៀបនឹងឆ្នាំ២០២២៕

សេដ្ឋកិច្ចប្រកាសលើវេបសាយផ្សារមូលបត្រកម្ពុជា
សេដ្ឋកិច្ចប្រកាសលើវេបសាយផ្សារមូលបត្រកម្ពុជា

ទស្សនាវីដេអូព័ត៌មាននេះ៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត